គិតត្រឹមថ្ងៃនេះហាងមាសទំាងនៅលើទីផ្សារអន្តរជាតិនិងក្នុងស្រុកបានបំបែកកំណត់ត្រាថ្មីពោលគឺឡើងថ្លៃខ្លាំង។ ជាក់ស្ដែងសម្រាប់ហាងឆេងមាសអន្តរជាតិឡើងដល់២៥៦៦ដុល្លារក្នុងមួយអោន( ប្រមាណជា៣០៩១ដុល្លារក្នុងមួយតម្លឹង) ចំណែកហាងឆេងមាសក្នុងស្រុកយើងវិញឡើងដល់ទៅជាង៣០០ដុល្លារក្នុងមួយជី។
មានហេតុផលមួយចំនួនដែលបន្តរុញតម្លៃមាសឲ្យហក់ឡើង។ ក្នុងនោះដែរការរំពឹងថាធនាគារកណ្ដាលអាមេរិកនឹងទម្លាក់ការប្រាក់ដុល្លារនៅអំឡុងខែកញ្ញានេះគឺជាកត្តាធំមួយធ្វើឲ្យមាសចាប់ផ្ដើមឡើងថ្លៃព្រោះព័ត៌មាននៃការទម្លាក់ការប្រាក់នេះអាចធ្វើឲ្យប្រាក់ដុល្លារចុះខ្សោយហើយក្រុមអ្នកវិនិយោគងាកមកចាប់អារម្មណ៍វិនិយោគលើមាសវិញ។
ក្រៅពីនេះកត្តាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកផ្ទាល់គឺជាកត្តាធ្វើឲ្យមាសឡើងផងដែរ។ បើយោងតាមព័ត៌មានដែលទើបតែចេញបានបង្ហាញថាចំនួនអ្នកអត់ការងារធ្វើនៅអារិកមានការកើនឡើងហើយចំនួនអ្នកស្នើសុំអត្ថប្រយោជន៍ពីការអត់ការងារធ្វើក៏មានការកើនឡើងដូច្នេះវាបញ្ជាក់ថាសេដ្ឋកិច្ចអាមេរិកគឺកំពុងតែមានកំណើនយឺត។ កត្តានេះបានបន្តរុញតម្លៃហាងឲ្យហក់ឡើងផងដែរ។
ក្រោយពីមាសបំបែកកំណត់ត្រាតម្លៃថ្មីលោក លោក Jame Cordier នាយកប្រតិត្តិនិងជាប្រធានជួញដូរនៃក្រុមហ៊ុន Alternative Options បានលើកឡើងថា” ការប្រាក់កាន់តែទាបមានន័យថាប្រាក់ដុល្លារនឹងកាន់តែចុះខ្សោយ ដូច្នេះមនុស្សនឹងប្ដូរទិសដៅពីការដាក់នៅធនាគារយកមកវិនិយោគលើមាសដែលធ្វើឲ្យមាសកាន់តែហក់ឡើង”។
ចំណែកលោក David Hollnander ស្ថាបនិកក្រុមហ៊ុន Liberty Group បានឲ្យដឹងថាមាសស្ថិតនៅក្នុងទំនោរឡើងទោះបីជាមិនមានការកាត់ការប្រាក់ក៏ដោយ។ ជាក់ស្ដែងបច្ចុប្បន្នភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចនៅមាន បញ្ហាភាពតានតឹងនៃភូមិសាស្រ្តនយោបាយក៏នៅតែមាន ជាពិសេសតម្រូវការមាសកើនឡើងទៀតនោះ ធ្វើឲ្យមាសមិនងាយធ្លាក់ចុះឡើយ។ មិនតែប៉ុណ្ណោះតម្រូវការមាសពីធនាគារកណ្ដាលជាច្រើននៅលើពិភពលោកស្របពេលដែលលុយដុល្លារកាន់តែចុះខ្សោយក៏ធ្វើឲ្យមាសបន្តឡើងផងដែរ។
ជុំវិញតម្លៃហាងឆេងមាសឡើងដល់ជាង៣ពាន់ដុល្លារក្នុងមួយតម្លឹងនេះដែរ លោក សួន សាង នាយកប្រតិបត្តិក្រុមហ៊ុន GoldenFourtune Derivatives Exchange( GFDE) បានឲ្យដឹងថាហាងឆេងមាសពេលនេះដោយសារតែលំហូរវាឡើង ដូច្នេះវាអាចបន្តឡើងទៀត។ សម្រាប់បងប្អូនដែលនិយមទិញមាសនិងអ្នកវិនិយោគ លោកណែនាំឲ្យចាំសិន ព្រោះពេលនេះមាសមិនទាន់ទម្លាក់ខ្លួនសម្រាប់ផ្ដល់ជាឱកាសល្អក្នុងការចូលទិញនៅឡើយទេ។
លោកបានបន្ថែមទៀតថាអ្នកវិនិយោគគួររងចាំដល់ខែកញ្ញាខាងមុខនេះក្នុងការពិចារណាចូលទិញ។ ត្រង់នេះលោកបានបញ្ជាក់ផងដែរថាជាទូទៅខែកញ្ញាមាសតែងតែធ្លាក់ថ្លៃ។ ដូច្នេះពលរដ្ឋនិងអ្នកវិនិយោគអាចគិតគូទិញនៅអំឡុងខែកញ្ញានិងតុលាខាងមុខនេះ។ ជាពិសេសបើចង់ទិញទុកចំណេញអាចទិញពីខែកញ្ញានិងតុលាហើយទុករហូតដល់ខែធ្នូនិងមករាតម្លៃមាសអាចហក់ឡើងទៅលើដែលយើងអាចរកឱកាសចំណេញបាន៕