អ្នកនាង Cherry Tan ស្រ្តីជនជាតិសិង្ហបុរីបច្ចុប្បន្នមានវ័យ២៩ឆ្នាំ មានក្តីស្រមៃចង់ក្លាយនារីអាកាសចរណ៍ បម្រើការងារនៅលើយន្តហោះតាំងពីអាយុ១៩ឆ្នាំ នាងបានព្យាយាមដាក់ពាក្យសម្ភាសន៍ការងារចូលធ្វើការ នៅក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ប៉ុន្តែនាងត្រូវបានគេបដិសេធការងារចំនួន១០ដង។
ត្រូវចំណាយពេលហ្វឹកហ្វាត់ខ្លួនឯងអស់រយៈពេល៤ឆ្នាំ ទម្រាំទទួលបានការងារជានារីអូតេស ប៉ុន្តែក្រោយចំណាយពេលហោះហើរលើមេឃ ទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក អស់រយៈពេលជិត៦ឆ្នាំ នាងបានបោះបង់ការងារ គ្មានស្តាយស្រណោះទៅលក់អាហារតាមផ្លូវ ពីរនាក់ស្វាមី ខណៈប្រាក់ខែជានារីអូតេសរបស់នាង មានចន្លោះពីដុល្លារ ៤៦០០ ទៅ៦០០០ដុល្លារសិង្ហបុរីក្នុង១ខែ។
អ្នកនាង Cherry Tan បានប្រាប់កាសែត Business Insider ឱ្យដឹងថាពី ហេតុផលដែលខ្លួន បោះបង់ចោលការងារយ៉ាងដូច្នេះថា “ការក្លាយជាសមាជិកនាវិករបស់ជើងហោះហើរគឺជា ពេលវេលាដ៏ល្អបំផុតនៃជីវិតរបស់ខ្ញុំហើយខ្ញុំរីករាយនឹងតុល្យភាពការងារនិងជីវិតដែលក្រុមហ៊ុនបានផ្តល់ឱ្យ ប៉ុន្តែខ្ញុំចាប់ផ្តើមស្រេកឃ្លាននូវការផ្លាស់ប្តូរក្នុងជីវិត នៅពេលដែលខ្ញុំដឹងថា ការហោះហើរយូរគឺហេងហាង មិនច្បាស់លាស់អំពីស្ថិរភាពការងារ និងការរីកចម្រើនក្នុងអាជីព”។
គួបផ្សំនឹងមានស្វាមីឈ្មោះ Duncan Hsu មានអាយុ ៣៦ឆ្នាំ ធ្លាប់ធ្វើជាចុងភៅនៅក្នុងសណ្ឋាគារមួយ ហើយលោកចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនផងនោះ ពួកគេទាំងពីរនាក់ក៏សម្រេចចិត្តឈប់ពីការងារ ដើម្បីបើកអាជីវកម្មលក់ដូររួមគ្នាមួយនៅតំបន់ Kopitiam ក្នុងប្រទេសសិង្ហបុរី ជាហាងកាហ្វេនិងលក់មុខម្ហូបជាច្រើនមុខក្នុងតម្លៃសមរម្យផង។
អ្នកទាំងពីរ បានដាក់ទុនចំនួន៣០០០០ដុល្លារសិង្ហបុរី ឬប្រហែល ២៣០០០ដុល្លារអាមេរិក ដើម្បីបើកតូបនោះ។ នៅពេលដំបូងចាកចេញពីការងារ ដើម្បីក្លាយជាអ្នកលក់ដូរ នាងប៉ាន់ប្រមាណថាខ្លួនរកចំណូលបានតិចជាងប្រាក់ខែរហូតដល់៥០% ព្រោះនាងលក់បានត្រឹម៥០ចានប៉ុណ្ណោះក្នុង១ថ្ងៃ ដកចំណាយប្រតិបត្តិការអាជីវកម្មប្រហែល ២១០០០ដុល្លារសិង្ហបុរី ដូច្នេះនាងមិនបានចំណេញនោះទេ។
ក្នុងនោះឪពុកម្តាយរបស់នាងក៏បានបន្ទោសលាយឡំនិងការបារម្ភដល់កូនស្រីផងដែរ ហេតុអ្វីក៏ចាកចេញពីការងារសុខស្រួល មកធ្វើការក្នុងចង្រ្កាន្តបាយ១២ម៉ោងក្នុង១ថ្ងៃ។
ប៉ុន្តែ Tan នាងមិនយល់ដូច្នេះឡើយ នាងយល់ថាការលំបាកទាំងនេះគឺជាដំណើរការ ទៅរកភាពរីកចម្រើន ហើយការងារក្នុងក្តីស្រមៃរបស់មនុស្សយើង ពេលខ្លះវាមិនមែនជាគោលដៅចុងក្រោយបំផុតនោះទេ ជួនកាលនៅក្នុងជីវិតនិងអាជីពគឺតែងតែមានការផ្លាស់ប្តូរពីទីកន្លែងមួយទៅកន្លែងមួយ ដើម្បីបន្តស្វែងរកការរីកចម្រើននិងបទពិសោធន៍ថ្មីៗជានិច្ច ដូច្នេះចូររីករាយជាមួយនឹងស្ថានភាពដែលមានក្នុងខណៈពេលនេះ ហើយព្យាយាមធ្វើកុិច្ចការនោះឱ្យបានល្អបំផុត៕
អត្ថបទដោយ៖ ពីង ជូអេង