វៀតណាមកំពុងជួបទុក្ខធំ ក្រោយព្យុះយ៉ាក់ជី Yagi ដ៏ខ្លាំក្លាបានបោកបក់កម្ទេចទ្រព្យសម្បតិ្តជាតិយ៉ាងដំណំ និងសម្លាប់មនុស្សខ្ទង់រយនាក់ ខណៈពលរដ្ឋរាប់ម៉ឺននាក់ទៀតបានជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។
ស្ថិតក្នុងគ្រោះមហន្តរាយនេះ លោក Tran Le Quyen រស់នៅទីក្រុងហាណូយបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «នេះគឺជាទឹកជំនន់ដ៏អាក្រក់បំផុតដែលខ្ញុំបានឃើញ។ វារ៉ាំងស្ងួតកាលពីព្រឹកម្សិលមិញ ប៉ុន្តែឥឡូវនេះផ្លូវទាំងមូលត្រូវបានជន់លិច យប់មិញយើងគេងមិនលក់ទេ»។
ក្នុងនោះ ពលរដ្ឋម្នាក់ទៀតឈ្មោះ Nguyen Van Hung ដែលរស់នៅក្នុងសង្កាត់មួយនៃច្រាំងទន្លេក្រហមបានប្រាប់ Reuters យ៉ាងដូច្នេះថា៖ «ផ្ទះរបស់ខ្ញុំឥឡូវនេះបានក្លាយជាផ្នែកមួយនៃទន្លេហើយ»។ ភូមិ Lang Nu ទាំងមូលស្ថិតក្នុងខេត្ត Lao Cai ភាគខាងជើង ត្រូវបានទឹកជន់លិចកាលពីថ្ងៃអង្គារ។ យ៉ាងហោចណាស់មនុស្ស ៣០នាក់បានស្លាប់ ខណៈដែលទាហានរាប់រយនាក់ត្រូវគេដាក់ពង្រាយទៅកាន់ភូមិដើម្បីស្វែងរកអ្នកដែលបានបាត់ខ្លួន។
គួរជម្រាបផងដែរថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា ថាមពលអគ្គិសនីត្រូវបានកាត់ផ្តាច់ទៅកាន់ស្រុកមួយចំនួន ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព ខណៈដែលសង្កាត់ចំនួន ១០ ក្នុងចំណោមសង្កាត់រដ្ឋបាលចំនួន ៣០ របស់ទីក្រុងហាណូយ កំពុងស្ថិតក្នុង “ការប្រកាសអាសន្នអំពីទឹកជំនន់” និងមានមនុស្សយ៉ាងហោចណាស់ ១៧៩នាក់ បានបាត់បង់ជីវិត៕