ភ្នំពេញ ថ្ងៃទី 24 ខែមេសា ឆ្នាំ 2025 – ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ក្នុងប្រទេសកម្ពុជា បានប្រកាសជាផ្លូវការ អំពីការបើកសម្ពោធជាផ្លូវការសាខានរោត្តម ដែលបានផ្លាស់ប្តូរមកទីតាំងថ្មី ជាមួយនឹងការរចនាដ៏ទាក់ទាញនិងដំបូងគេបង្អស់ ដោយច្របាច់បញ្ចូលនូវស្នាដៃសិល្បៈ វប្បធម៌ និងសេវាកម្មធនាគារប្រកបដោយស្តង់ដារកម្រិតខ្ពស់។
ទីតាំងថ្មីរបស់ធនាគារ ហ្វីលីព ស្ថិតនៅតាមបណ្ដោយផ្លូវលេខ 51 ក្នុងខណ្ឌបឹងកេងកង ដែលជាតំបន់ដ៏សក្តានុពលនៅក្នុងរាជធានីភ្នំពេញ។ ការរចនាថ្មីនៃសាខានរោត្តម បានផ្តោតទៅលើការបង្កើតនូវបទពិសោធន៍ថ្មីៗទៅកាន់អតិថិជន ដែលឆ្លុះបញ្ចាំងពីស្តង់ដារនៃសេវាកម្មរបស់ប្រទេសសិង្ហបុរី ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនកម្ពុជា។
ក្រោមភាពជាដៃគូសហការជាមួយនឹងក្រុមហ៊ុន Angkor Arts សាខានរោត្តមបានដាក់បង្ហាញនូវស្នាដៃសិល្បៈខ្មែរដ៏សំបូរបែប និងអនុញាតិឲ្យអតិថិជនអាចជាវបាននូវស្នាដៃសិល្បៈទាំងនោះផងដែរ។ ការដាក់បង្ហាញស្នាដៃសិល្បៈ មិនត្រឹមតែអាចធ្វើឲ្យបរិយាកាសនៅក្នុងធនាគារកាន់តែល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងអាចគាំទ្រដល់ការច្នៃប្រឌិត និងសិល្បៈហត្ថកម្មក្នុងតំបន់ ដោយផ្តល់ឱ្យអ្នកទស្សនានូវឱកាសដើម្បីផ្សាភ្ជាប់ជាមួយសិល្បៈផងដែរ។
លោក Raymond Chee អគ្គនាយករងនៃធនាគារ ហ្វីលីព មានប្រសាសន៍ថា “ចក្ខុវិស័យរបស់ធនាគារ យើងខ្ញុំ សម្រាប់សាខានរោត្តម គឺការផ្តោតសំខាន់ទៅលើការផ្តល់ជូននូវបទពិសោធន៍សេវាកម្មធនាគារដ៏ល្អប្រសើរ និងប្រកបដោយស្តង់ដារខ្ពស់” ។ លោកក៏បានបន្ថែមថា "តាមរយៈការនាំយកស្នាដៃសិល្បៈ ការរចនាថ្មី បូកផ្សំនឹងការយកចិត្តទឹកដាក់លើគុណតម្លៃរបស់អតិថិជន យើងបានបង្កើតទីកន្លែងមួយដែល មានភាពងាយស្រួលក្នុងការពិភាក្សា និងបង្កើនទំនាក់ទំនងឲ្យកាន់តែស្អិតរមួត”។
សាខានរោត្តម ត្រូវបានរៀបចំជាមួយនឹងបន្ទប់ប្រជុំយ៉ាងល្អិតល្អន់ ដោយចាប់ផ្តើមពីការជ្រើសរើសនូវក្លិនក្រអូបពិសេស ក៏ដូចជាការរៀបចំអាហារសម្រន់ផងដែរ។ បន្ទប់ប្រជុំនេះ ត្រូវបានរចនាឡើងដើម្បីផ្តល់នូវផាសុកភាព និងការបំពាក់នូវឧបករណ៍សន្និសីទវីដេអូកម្រិតខ្ពស់ ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន ក្នុងការពិភាក្សាជាមួយនឹងប្រធានផ្នែកទំនាក់ទំនងទាំងក្នុង និងក្រៅប្រទេស។
មិនថាអតិថិជនអញ្ជើញមកសាខាដើម្បីពិគ្រោះយោបល់ ឬទស្សនាការតាំងបង្ហាញសិល្បៈនោះទេ សាខានរោត្តម បានផ្តល់នូវទីកន្លែងមួយដែលផ្តល់នូវសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងភាពល្អឯកនៃវប្បធម៌ ដែលជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ហ្វីលីព ចំពោះគុណភាព ទំនុកចិត្ត និងភាពជាដៃគូរយៈពេលយូរអង្វែង។
អំពីធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1975 និងផ្តល់ជូនសេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូច និង មធ្យម និងបុគ្គល នៅ 15 ប្រទេសផ្សេងទៀត។ ធនាគារ ហ្វីលីព ភីអិលស៊ី គឺជាធនាគារពាណិជ្ជមួយនៅក្នុងប្រទេសកម្ពុជា ដែលមានច្រើនជាង 70 សាខា ទូទាំងប្រទេស។