ពិតជារឿងដ៏គួរឱ្យរំភើបខ្លាំងមែនទែន ដែលនៅដើមឆ្នាំ ២០២៣ នេះកម្ពុជាជាប់លេខ២ ដែលប្រជាជនមាន IQ (Intelligence Quotient) ខ្ពស់បំផុតនៅអាស៊ាន ខណៈដែលអង្គរវត្តជាប់លេខ៤ ដែលជាគោលដៅទេសចរណ៍ពេញនិយមជាងគេក្នុងចំណោម ២៤ប្រទេសនៅលើពិភពលោក។
ថ្មីៗនេះដែរ យោងតាមការចុះផ្សាយដោយគេហទំព័រស្ថិតិផ្លូវការរបស់ World population Review បានឱ្យដឹងថា ក្នុងឆ្នាំថ្មីនេះប្រជាជនកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ នៅអាស៊ាន និងជាប់លេខ១៥ ដែលជាប្រទេសមាន IQ ខ្ពស់ក្នុងចំណោមប្រទេស១៩៩ នៅលើពិភពលោក ដោយនៅក្នុងនោះប្រជាជនកម្ពុជាមានភាពវ័យឆ្លាត IQ (៩៩.៧៥) ផ្អែកលើចំនួនប្រជាជនសរុប ១៦,៩៤៤,៨២៦ ផងដែរ ។
សូមបញ្ជាក់ថា នេះគឺជាមោទកភាពមួយរបស់កម្ពុជាដែលកើតចេញពី បេះដូងប្រជាជនកម្ពុជា ការលះបង់ដើម្បីប្រយោជន៍រួម ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីជួយឱ្យកម្ពុជាអាចឈរស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ សកម្មភាពនេះអាចនិងក្លាយជាកាតាលីករក្នុងការរួមចំណែកទាក់ទាញវិនិយោគិនអន្តរជាតិឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់កើនឡើងជាលំដាប់ ដែលជាដង្ហើមដ៏ធំមួយក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ ធី ស្រីល័ក្ខ