ខ្មែរកាន់តែខ្លាំង! កម្ពុជាបំបែកកំណត់ត្រាថ្មី ឈ្នះមេដាយច្រើនបំផុតលើសមុនទ្វេដងពីកីឡាប៉ារ៉ាហ្គេម
Kan DaraJUNE 9 20231.6 K views

យោងតាមការចុះផ្សាយពីគេហទំព័រផ្លូវការរបស់ក្រសួងអប់រំបានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមលើកទី១២នេះ កម្ពុជាបានបំបែកកំណត់ត្រាថ្មី ឈ្នះមេដាយច្រើនបំផុតទ្វេដង ជាងឆ្នាំមុនៗ​ដែលបានប្រកួតនៅប្រទេសដែលជាសមាជិកអាស៊ាន។

យ៉ាងណាមិញគិតមកត្រឹមថ្ងៃទី០៩ ខែមិថុនា ដែលជាថ្ងៃបិទបញ្ចប់ព្រឹត្តិការណ៍កីឡាជនពិការប៉ារ៉ាហ្គេម ជាផ្លូវការកម្ពុជាបានឈ្នះមេដាយចំនួន៧០គ្រឿង ដោយក្នុងនោះមេដាយមាសចំនួន៩គ្រឿង មេដាយប្រាក់ចំនួន១៨គ្រឿង និងមេដាយសំរិទ្ធិចំនួន៤៣គ្រឿងដែលវាបង្ហាញឱ្យឃើញពីភាពរីកចម្រើនរបស់វិស័យកីឡាកម្ពុជា និងបង្ហាញពីការខិតខំប្រឹងលះបង់យ៉ាងសស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំ ក៏ដូចជាកីឡាករ កីឡាការិនីកម្ពុជាផ្ទាល់តែម្ដង។

ខណៈកាលពីការប្រកួតលើកទី១១ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ីកន្លងទៅ កម្ពុជាទទួលបានមេដាយចំនួន២៨​គ្រឿងប៉ុណ្ណោះ ក្នុងនោះមេដាយមាស៧គ្រឿង មេដាយប្រាក់១០គ្រឿង និងសំរិទ្ធិចំនួន១១គ្រឿង។

ដោយឡែកសម្រាប់ប្រទេសដែលបានឈ្នះមេដាយច្រើនជាងគេបំផុតនៅក្នុងការប្រកួតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ គឺប្រទេសឥណ្ឌូនេស៊ី ដោយមានមេដាយសរុប៣៨៧គ្រឿង​ ក្នុងនោះមេដាយមាសចំនួន១៥៣គ្រឿង មេដាយប្រាក់១៤១គ្រឿង និងសំរិទ្ធិ៩៣គ្រឿង។

គួរជម្រាបផងដែរថានាល្ងាចថ្ងៃទី០៩ ខែមិថុនា​ ឆ្នាំ២០២៣នេះ កម្មវិធីបិទព្រឹត្តិការណ៍កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម នឹងប្រារព្ធឡើងយ៉ាងមហោឡារិក  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុនសែន និងលោកជំទាវកត្តិព្រឹទ្ធិបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន នៅពហុកីឡាដ្ឋានជាតិមរតកតេជោ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia