ពីកូនកសិករក្រីក្រ ធ្វើការពីបុគ្គលិកធម្មតា រហូតក្លាយជា CEO មីក្រូហិរញ្ញវត្ថុ AMK ប្រចាំកម្ពុជា
Ping Chou EngDECEMBER 16 2024748 views

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ (AMK) គឺជាស្ថាប័នដែលផ្តល់សេវាកម្មដំណោះស្រាយហិរញ្ញវត្ថុ ដល់មីក្រូសេដ្ឋកិច្ច។  អេអឹមខេមានប្រភពដើមមកពីផ្នែកសន្សំនិងឥណទាននៃការងារអភិវឌ្ឍន៍សហគមន៍របស់អង្គការ Concern Worldwide នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣។ ប៉ុន្តែនៅឆ្នាំ២០០៤ អេអឹមខេ បានក្លាយជាក្រុមហ៊ុនដាច់ដោយឡែកមួយក្រោយទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។

 

យ៉ាងណាមិញយើងងាកមកស្គាល់ CEO របស់គ្រឹះស្ថាននេះគឺ លោក គា បូរាណ ដែលបានរួមដំណើរជាមួយ អេអឹមខេ ចាប់តាំងពីឆ្នាំ២០០៤ រហូតត្រូវបានតែងតាំងជានាយកប្រតិបត្តិ អេអឹមខេ ក្នុងឆ្នាំ ២០១២។ ពោលលោកបានបម្រើការងារជាមួយ អេអឹមខេ អស់រយៈពេលជាង ១០ ឆ្នាំ ក្នុងតួនាទីផ្សេងៗគ្នានិងបានកាន់តួនាទីជាអ្នកដឹកនាំជាច្រើនក្នុងការអភិវឌ្ឍន៍ស្ថាប័នដូចជានាយកហិរញ្ញវត្ថុ CFO និងអនុប្រធាននាយកប្រតិបត្តិ។

 

ចាប់កំណើតកើតចេញពីកូនកសិករក្រីក្ររស់នៅវត្តដើម្បីបានរៀន លោកទទួលបានទទួលការសិក្សានិងមានបរិញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ។ ក្នុងឆ្នាំ ២០០៨ លោកបានទទួលសញ្ញាប័ត្រ ACCA (សមាគមគណនេយ្យករជំនាញ) ដោយទទួលស្គាល់ជាសមាជិក ACCA ។ ទន្ទឹមនឹងនេះមុនធ្វើការនៅអេអឹមអេ លោកក៏មានបទពិសោធន៍ ធ្វើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀតអស់ជាង៤ឆ្នាំផងដែរ។

 

គិតត្រឹមខែកញ្ញាឆ្នាំ២០២៤ ក្រោមការដឹកនាំប្រតិបត្តិរបស់ លោក គា បូរាណ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ (AMK) ទទួលបានអតិថិជនជិតមួយលាននាក់ ជាមួយនឹងសាខាប្រតិបត្តិការចំនួន ១៤៣និងភ្នាក់ងារជិត៧០០០នៅទូទាំងប្រទេស។

 

ក្នុងនោះ អេ អឹម ខេ AMK កំពុងផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មជាច្រើនប្រភេទ រួមមាន កម្ចី ប្រាក់បញ្ញើ ផ្ទេរប្រាក់ និងធានារ៉ាប់រងខ្នាតតូច (ផ្តោតលើសុខភាព និងគ្រោះថ្នាក់) សេវាទូទាត់វិក្កយបត្រ បើកប្រាក់បៀវត្សរ៍ ជួល អេធីអឹម និងស៊ីឌីអឹម។

 

ជាពិសេសកម្មវិធី Mobile Banking App ដែលអាចទូទាត់ប្រាក់ ការបង់ទឹក ភ្លើង សំរាម កាតបញ្ចូលលុយទូរស័ព្ទ និងបង់វិក្កយបត្រដោយស្កេន KHQR ផ្ទេរប្រាក់រវាងធនាគារក្នុងស្រុកផ្សេងទៀតជាមួយបាគង និងសេវាកម្មជាច្រើនទៀត៕

 

អត្ថបទដោយ៖ ពីង ជូអេង​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia