វាជារឿងអស្ចារ្យខ្លាំងណាស់ បើសិនជាអាចចាប់ផ្ដើមអាជីវកម្មតូច តែអាចពង្រីកខ្លួនបានលឿនរហូតអាចបង្កើតចំណូលបានរាប់សិបលានដុល្លារក្នុង១ឆ្នាំ។ ជាក់ស្ដែងសម្រាប់ដំណើរការនៃការចាប់ផ្ដើមដំបូងរបស់ក្រុមហ៊ុនផ្តល់បច្ចេកវិទ្យាដែលអាចឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីអាចសរសេរកូដងាយយល់ឈ្មោះ SonarSource ដែលមានលោក Olivier Gaudin ជា CEO បានបង្ហាញនូវស្នៀតដឹកនាំពិសេសចំនួន៤យ៉ាង ជួយឱ្យអាជីវកម្មរីកធំលឿនចំណេញច្រើនទ្វេដងរហូតដល់ទៅ ៥០%ក្នុង១ឆ្នាំ។
១. ដោះស្រាយបញ្ហាដែលទីផ្សារកំពុងឈឺចាប់ តែគេមើលរំលង
សម្រាប់អាជីវកម្មមួយនេះ បានចាប់ផ្ដើមឡើងដោយសម្លឹងមើលទៅចន្លោះប្រហោងក្នុងទីផ្សារ ហើយក៏ជាបញ្ហាដែលនាំឱ្យអតិថិជនគោលដៅលោកមានអារម្មណ៍ឈឺចាប់ជាមួយវាផងដែរ។ ជាក់ស្ដែងលោកបានចាប់យកនូវបញ្ហាដែលជាចន្លោះប្រហោងរបស់ក្រុមហ៊ុនយក្សធំៗ ហើយផ្ដល់នូវដំណោះស្រាយជួយពួកគេវិញរហូតអាចចាប់បានដៃគូធំៗដូចជា IBM, Siemens, Microsoft, Barclays, Alphabet ដែលជួយឱ្យអាជីវកម្មលោកអាចរកចំណូលបានរាប់លានដុល្លារ។
២. សម្របគំរូអាជីវកម្មរបស់អ្នកទៅនឹងដើមទុនមានកំណត់
នៅដំណាក់កាលអាជីវកម្មកំពុងចាប់ផ្ដើម លោកមិនបានលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មត្រូវសង្វាតដើមទុនពីខាងក្រៅខ្លាំងពេកនោះទេ ព្រោះវាអាចនឹងផ្ដល់ជាសម្ពាធមួយផ្នែកធំផងដែរ បើសិនជាអ្នកយកទុនពីខាងក្រៅមកប្រើ ដែលវានឹងធ្វើឱ្យអ្នកពិបាកក្នុងការសម្របខ្លួនជាមួយការផ្លាស់ប្ដូរ ការសាកល្បងថ្មី ការស្រាវជ្រាវលើចំណុចពិសេសនានា។ ដូច្នេះនៅដំណាក់កាលដំបូង បើសិនជាអាចគួររស់ដោយពឹងលើដើមទុនខ្លួនឯងសិន ព្រោះការធ្វើដូច្នេះ អ្នកដឹកនាំនៃការចាប់ផ្តើមអាជីវកម្មនឹងមានភាពបត់បែនកាន់តែច្រើនក្នុ ងការពិសោធន៍ជាមួយគំនិតថ្មីៗ ធ្វើអ្វីដែលមានប្រយោជន៍ និងជួសជុលអ្វីដែលមិនដំណើរការ។
៣. ផ្ដោតលើការផ្ដល់នូវដំណោះស្រាយល្អបំផុតជូនអតិថិជន
ការរកស៊ីគឺដើម្បីជួយដោះស្រាយបញ្ហារបស់អតិថិជន ដូច្នេះបើសិនជាអ្នកចង់ឱ្យអាជីវកម្មរីកចម្រើន និងអាចរកប្រាក់ចំណេញបានច្រើន អ្នកចាំបាច់ត្រូវខិតខំរកមធ្យោបាយ ដើម្បីផ្ដល់នូវដំណោះស្រាយឱ្យបានល្អបំផុតជូនអតិថិជន។ បន្ថែមពីនោះក្រុមហ៊ុនត្រូវខែខំប្រឹងបង្កើតនូវផលិតផលថ្មីៗ ដើម្បីដោះស្រាយបញ្ហាដែលអតិថិជនកំពុងជួបប្រទះជានិច្ច។
៤. បង្កើតភាពខ្លាំង និងយកឈ្នះចំណុចខ្សោយរបស់អ្នក
ដើម្បីពង្រីកពីគំនិតទៅជាអាជីវកម្មតម្លៃរាប់ពាន់លានដុល្លារ អ្នកដឹកនាំត្រូវតែសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ តម្រូវការការងារ និងត្រូវមានភាពស្មោះត្រង់ជាមួយខ្លួនឯងអំពីភាពខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង។
Gaudin បង្កើតភាពខ្លាំងរបស់គាត់ដោយទទួលស្គាល់ថា "ខ្ញុំជាអ្នកជំនាញផ្នែក Software មិនមែនជាអ្នកជំនួញទេ។ ខ្ញុំមានវិចារណញាណខ្លាំង ហើយឈប់ជឿលើវាដោយផ្អែកលើទិន្នន័យជាក់ស្ដែងវិញ។ ខ្ញុំមើលទៅក្រុមហ៊ុនតាមទស្សនៈរបស់អតិថិជន បុគ្គលិក និងអ្នកវិនិយោគ។ ខ្ញុំយល់ពីការលើកទឹកចិត្តខុសៗគ្នារបស់ពួកគេ ហើយផ្តល់ឱ្យពួកគេនូវតម្លៃដែលស័ក្ដិសមជាមួយនឹងពួកគេ។
គួរជម្រាបថា SonarSource ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ប្រាក់ចំណូលរបស់ SonarSource កើនឡើងដល់ ២០០ លានដុល្លារ និងមានភាពលូតលាស់លឿនជាងអត្រា ៥០ ភាគរយក្នុងមួយឆ្នាំឯនោះ៕