ពេលនឹកដល់យីហោទូរស័ព្ទដែលធ្លាក់ពីលើផ្ទះប៉ុន្មានជាន់ក៏មិនធ្លាក់បែក អ្នកដែលកើតទាន់ជំនាន់៩០មិនភ្លេចទេយីហោ Nokia ដែលរកស៊ីលើការលក់ទូរស័ព្ទរាប់សិបឆ្នាំមកហើយ ឥឡូវក្រុមហ៊ុនមួយនេះបានផ្លាស់ប្តូរក្បួនរកស៊ីរបស់ខ្លួនហើយក្រោមការដឹកនាំរបស់ CEO ១រូបនេះ។
ក្រោយស្ងាត់មុខនៅក្នុងទីផ្សារមួយរយៈធំ ក្រុមហ៊ុន Nokia បែរសម្ងំបង្កើតសេវាគមនាគមន៍ឱ្យមានវិសាលភាពបែប 5G ព្រោះលែងផលិតទូរស័ព្ទដើម្បីលក់ហើយ ដោយប្តូរក្បួនរកស៊ី បង្កើនយុទ្ធសាស្រ្តនិងចក្ខុវិស័យថ្មី ៣ដំណាក់កាល ដោយធ្វើកំណែទម្រង់ ការកំណត់ឡើងវិញ, បង្កើនល្បឿន, ធ្វើមាត្រដ្ឋាន មានន័យថាជាការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យកាន់តែខ្លាំងជាងមុននឹងទាន់សម័យកាលដោយមានលោក Pekka Lundmark ជាអ្នកដឹកនាំ។
នាយកប្រតិបត្តិរូបនេះ កើតនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ១៩៦៣ នា ប្រទេសហ្វាំងឡង់។ គាត់បានបញ្ចប់ការសិក្សាពី Helsinki ជាមួយនឹងសញ្ញាប័ត្រអនុបណ្ឌិតផ្នែករូបវិទ្យា ក្នុងឆ្នាំ ១៩៨៨។ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២០ ក្រុមប្រឹក្សាភិបាលរបស់ Nokia បានប្រកាសថា លោកLundmark នឹងក្លាយជាប្រធាន និងនាយកប្រតិបត្តិថ្មីរបស់ Nokia ទោះគាត់បានលាឈប់ ពីការងារនៅក្រុមហ៊ុន Nokia ក្នុងឆ្នាំ ២០០០ ពោលគឺរយៈពេល២០ឆ្នាំ មុនចូលកាន់តំណែងវិញ។
អតីតនៃនាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia លោកRajeev Suri បានសរសើរអ្នកដឹកនាំវ័យ៥៩ឆ្នាំរូបនេះថាបានធ្វើឱ្យភាគហ៊ុន រឹងមាំនិងបានត្រឡប់មកវិញដោយជោគជ័យ បន្តយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនដោយជោគជ័យ និងបានធ្វើឱ្យខ្លួនក្លាយជាអ្នកលេងដ៏ខ្លាំងក្លាមួយរូប នៅក្នុងការផ្លាស់ប្តូរវិស័យឧស្សាហកម្មមួយនេះ។
ក្រោយលោក Rajeev Suri បានកាន់តំណែងជានាយកប្រតិបត្តិក្នុងកំឡុងឆ្នាំ២០១៦ នាពេលដែលក្រុមហ៊ុនមួយនេះកំពុងស្ថិតក្នុងវិបត្តិក្ស័យធន និងបាននិយាយទាំងអួលដើមកនៅក្នុងសន្និសីទកាសែតថា “យើងមិនបានធ្វើអ្វីខុសទេ ប៉ុន្តែចុងក្រោយយើងចាញ់គេ” ខណៈគណៈគ្រប់គ្រងទាំងអស់បានស្រក់ទឹកភ្នែកយ៉ាងក្រៀមក្រំ ព្រោះពួកគេមិនបានប្រព្រឹត្តិអ្វីខុសក្នុងអាជីវកម្មនោះទេ ពោលពួកគេធ្វើបែបដូចធម្មតាប៉ុន្តែពិភពលោកនោះទេដែលដើរលឿនពេក ពួកគេប្រកួតប្រជែងខ្លាំងពេក៕
អត្ថបទដោយ៖ ពីង ជូអេង