អ្នកជំនាញហិរញ្ញវត្ថុលោក ង៉ែត ជូ​៖ យុវជនសម័យថ្មី មិនគួរកំណត់ការរៀនឱ្យចង្អៀត ដើម្បីតែលាភនិងយសទេ
Ping Chou EngNOVEMBER 1 202410 views

លោក ង៉ែត ជូ គឺជា អ្នកជំនាញហិរញ្ញវត្ថុនិងជាសេដ្ឋកិច្ចវិទូមួយរូបរបស់កម្ពុជា ដែលតែងតែចែករំលែកសំណេរ នៅគេហទំព័រផ្ទាល់ខ្លួន អំពីចំណេះដឹងហិរញ្ញវត្ថុ​​ ការរស់នៅ និងទស្សនៈថ្មីៗដល់អ្នកតាមដានជានិច្ចជាកាល។

 

យ៉ាងណាមិញខាងក្រោមនេះជាការចែករំលែកទស្ស​នៈរបស់លោកដែលបាន ចោទជាសំណួរថា តើអ្វីខ្លះទៅគួរជាគោលដៅនៃការរៀនសូត្ររបស់យុវជនសម័យថ្មី?

 

ក្នុងសំណេរប្រវែងប្រហែលជាមួយ១នាទីនៃការអាន លោក ង៉ែត ជូ សរសេរថា កាលពីសម័យមុន គោលដៅនៃការរៀនសូត្រភាគច្រើនគឺផ្តោតលើសមត្ថភាពដើម្បីរកលាភ និងយសក្នុងសង្គមលោកបានបញ្ជាក់ថា លាភគឺសំដៅលើលុយកាក់ និងទ្រព្យសម្បត្តិ រីឯយសគឺសំដៅលើមុខងារ ឬឋានៈតួនាទីក្នុងសង្គម។

 

តាមរយៈទស្សនៈរបស់លោកផ្ទាល់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន FI រូបនេះបានបញ្ជាក់ថា គោលដៅនៃការរៀនសូត្ររបស់យុវជនសម័យថ្មីនេះមិនគួរកំណត់ឱ្យចង្អៀតដូចកាលពីសម័យមុនៗនោះទេ ពោលគឺគោលដៅនៃការរៀនសូត្ររបស់យុវជនសម័យថ្មីនេះ គួរតែលើសពីរកលុយដើម្បីចិញ្ចឹមជីវិត និងឋានៈក្នុងសង្គម។

 

ក្រោមទស្សនៈនេះលោកបានទាញហេតុផលយ៉ាងដូច្នេះថា បច្ចុប្បន្ននេះ បច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង សមាហរណកម្ម នៃបណ្តាប្រទេសនានាក្នុងពិភពលោក និងសាកលភាវូបនីយកម្មបានធ្វើអោយពិភពលោកប្រៀបដូចជាភូមិដ៏តូចមួយ ពិភពលោកបាននិងកំពុងប្រឈមនឹងបញ្ហាសាកលជាច្រើនដូចជាគ្រោះធម្មជាតិ បម្រែបម្រួលអាកាសធាតុ ការរីករាលដាលនៃជំងឺរាត្បាត បញ្ហាសង្គម សេដ្ឋកិច្ចនិងបញ្ហាភូមិសាស្ត្រនយោបាយជាដើម

 

ដូច្នេះ លោក ង៉ែត ជូ ក៏បានចែករំលែកគតិដែលជាជ្រុងសំខាន់ខ្លះៗ៣ ដែលយុវជនគួរចាត់ទុកជាគោលដៅផ្តោតរៀនសូត្រ សិក្សាស្វែងយល់ឱ្យបានធំទូលាយជាងមុន៖

 

. អប់រំខ្លួនអោយក្លាយជាប្រជាជនរបស់ពិភពលោក (Be A People of The World)  

 

ជាប្រជាជនដែលមានផ្នត់គំនិតវិជ្ជមាន ផ្នត់គំនិតរីកចម្រើន និងស្រេកឃ្លានការរៀនសូត្រនូវចំណេះដឹងថ្មីៗអោយសមខ្លួនជាប្រជាជនរបស់ពិភពលោក។ ពោលគឺមានសមត្ថភាពក្នុងការវិភាគ យល់ដឹងទូលំទូលាយ (Big Picture Skills) ពីបញ្ហាសង្គម សេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យា និងបញ្ហានានាដែលបានកើតឡើងក្នុងប្រទេស និងពិភពលោកទាំងមូល។

 

ដ្បិតអីពិភពលោកបានក្លាយជាភូមិដ៏តូចមួយ។ បញ្ហារបស់ប្រទេសមួយអាចក្លាយជាបញ្ហារបស់ពិភពលោកទាំងមូល បញ្ហារបស់ពិភពលោកអាចក្លាយជាបញ្ហារបស់ប្រទេសយើង បញ្ហារបស់ប្រទេសយើងអាចក្លាយជាបញ្ហារបស់សហគមន៍យើង គ្រួសារយើង និងរូបយើងផ្ទាល់។ តួយ៉ាងដូចជាសង្គ្រាមនៅអ៊ុយក្រែននិងអ៊ុីស្រាអែល បញ្ហារីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ បានក្លាយជាបញ្ហារបស់យើងទាំងអស់គ្នា។

 

. មានសមត្ថភាពដឹកនាំ និងបំណិនជីវិតល្អ (Leadership and Life Skills)  

 

ជាបុគ្គលដែលអាចដឹកនាំជីវិតខ្លួនឯង ក្រុមគ្រួសារ និងរួមចំណែកកសាងសហគមន៍ជុំវិញខ្លួនសំដៅសម្រេចបាននូវសុខភាពល្អ ភាពរីកចម្រើន សុខសុភមង្គល និងភាពសុខដុមយូរអង្វែង។ ជាពិសេសសតិមិនវង្វេងនឹងអបាយមុខនានាដែលនាំមកនូវភាពអន្តរាយ។

 

. អប់រំខ្លួនអោយក្លាយជាបុគ្គលប្រកបដោយគុណតម្លៃ និងមានចរិតល្អ (Be A Man of Value and Good Character) ពោលគឺមានសីលធម៌ គុណធម៌ គោរពច្បាប់ និងប្រកាន់នូវសច្ចធម៌។ល។

 

ជាការពិតណាស់នាពេលបច្ចុប្បន្ននេះ ការរៀនសូត្រដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ​គឺមិនទាន់គ្រប់គ្រាន់នោះទេ ពីព្រោះកិត្តិយសមុខមាត់និងទ្រព្យសម្បត្តិ អាចបានមកតាមរយៈការរៀនសូត្រ ទាល់តែយុវជនបានបូជាកម្លាំងកាយចិត្ត ពេលវេលា​ ចំណេះដឹងជ្រៅជ្រះ ជំនាញពិតប្រាកដ និងមានបេះដូងដើម្បីផ្តល់​ឱ្យទៅកាន់សង្គមវិញ ទើបពួកគេអាចទទួលបានយសនិងលាភ ជាអនាគតរបស់ប្រទេសជាតិ៕

 

អត្ថបទដោយ៖ ពីង ជូអេង  

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia