មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលផ្ដោតលើការសាងសង់ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះហើយ។ ដោយក្នុងនោះចំនួនអ្នកចូលរួមបរិច្ចាកមានសរុប ៧២០ ១០៥ អង្គ/នាក់ មានទឹកប្រាក់សរុបចំនួន ២៦ ៩៦៧ ៦០៩ ដុល្លារ។ ខណៈថិវកានេះ នឹងយកទៅសាងសង់ផ្លូវក្រវាត់ព្រំដែលនៅក្នុងខេត្ដមណ្ឌលគិរី និងរតនគិរី ដេលមានប្រវែងសរុបប្រមាណ ២៥០ គីឡូម៉ែត្រ។
យោងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា ថវិកាដែលទទួលបាននេះ នឹងត្រូវយកទៅកសាងផ្លូវក្រវាត់ព្រំដែន ប្រកបដោយការទទួលខុសត្រូវ ដែលនឹងធានានូវតម្លាភាព គណនេយ្យភាព និងការសន្សំសំចៃខ្ពស់។ តាមការសិក្សា ទំហំថវិកានេះ ត្រូវបាន កំណត់ស្ថាបនាផ្លូវក្រាលល្បាយថ្មមួយខ្សែ (ជាផ្លូវថ្មី) ដែលមានតួផ្លូវ ៩ ទៅ ១០ម៉ែត្រ, ដែលមានតួផ្លូវ ៩ ទៅ ១០ម៉ែត្រ, ទទឹងផ្លូវ ៧ម៉ែត្រ និងមាន ប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រ ដោយមាន ០៤ខ្សែ ក្នុងនោះ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ប្រវែង ១៤៧,៤២ គីឡូម៉ែត្រ និងក្នុងខេត្តរតនគិរីប្រវែង ១០២,៥៨ គីឡូម៉ែត្រ ដោយប្រើរយៈពេលវេលាប្រមាណ ៣០ខែ ដែលនឹងសម្រេចជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២៧។
គម្រោងផែនការកសាងផ្លូវក្រវាត់ព្រំដែនទាំង បួនខ្សែនេះ នឹងត្រូវធ្វើការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះលើផ្ទៃដីសរុប ៦,២៥០,០០០ម និង សំណង់សិល្បការ្យគ្រប់ប្រភេទរួមមាន៖ ស្ពានបេតុងសរសៃដែក ចំនួន ២៣កន្លែង សរុបប្រវែង ៥៦៧ លូ ប្រអប់បេតុងគ្រប់ប្រភេទចំនួន ៤៧កន្លែង សរុបប្រវែង ៣៦៩ម លូមូលបេតុងគ្រប់ប្រភេទ ចំនួន ៤៩៤កន្លែង និង ថ្នល់បេតុងបង្កៀររក្សាទឹក ទុកប្រើប្រាស់ ចំនួន ០២កន្លែង សរុបប្រវែង ៧២ម។
សូមជម្រាបថា គម្រោងនេះ នឹងត្រូវសាងសង់ដោយ កងវិស្វកម្ម អគ្គបញ្ជាការ ព្រោះការកសាងផ្លូវក្រវាត់ព្រំដែន គឺជាភារកិច្ចស្នូលរបស់កងវិស្វកម្ម អគ្គបញ្ជាការ ដែលត្រូវប្រឈមនឹងកត្តាភូមិសាស្ត្រស្មុគស្មាញ បញ្ហាគ្រាប់មីន-យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ តំបន់ជំងឺគ្រុនចាញ់ កន្លែងខ្លះជាតំបន់ជួរភ្នំជាប់គ្នាញឹកដៃដាស់ និងជ្រលងភ្នំជ្រៅៗ តំបន់កង្វះខាតទឹកខ្លាំងនៅរដូវប្រាំង និងពិបាក ចល័តមធ្យោបាយដឹកជញ្ជូនស្បៀង សម្ភារៈបម្រើឱ្យការងារសាងសង់។ ហេតុនេះហើយ រាជរដ្ឋាភិបាលអាណត្តិ មុនៗ ក៏ដូចជារាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ចាំបាច់ត្រូវប្រគល់ការសាងសង់ផ្លូវក្រវាត់ព្រំដែននេះឱ្យ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ជាប្រតិបត្តិករគម្រោងតែម្តង ជាពិសេសផ្លូវនេះត្រូវរៀបចំតាមបទដ្ឋាន បច្ចេកទេសយោធា ដែលជាផ្នែកមួយនៃកិច្ចការពារខ្សែបន្ទាត់ព្រំដែននៃប្រទេសយើងផងដែរ៕