ពីបុគ្គលិកហាត់ការ បុរសម្នាក់នេះក្លាយជាCEOថ្មី របស់ក្រុមហ៊ុនលក់ស្បែកជើងថ្លៃជាងគេប្រេន NIKE
Ping Chou EngSEPTEMBER 22 202419 views

នៅឆ្នាំ១៩៨៨ កាលនោះគឺជាឆ្នាំធម្មតារបស់និស្សិតបញ្ចប់ការសិក្សាថ្មីថ្មោងម្នាក់ឈ្មោះ Elliott Hill បានកាន់CV បោះជំហានដើរចូល ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Nike ដើម្បីធ្វើជាបុគ្គលិកហាត់ការ។ មាន​នរណា​ម្នាក់​ទៅដឹងថា៣២ឆ្នាំក្រោយ យុវជនម្នាក់នេះក្លាយជាអ្នកដឹកនាំ​ក្រុមហ៊ុនលេចធ្លោ​បំផុតមួយ ក្នុងវិស័យស្បែកជើងកីឡា ដែលមានប្រាក់ខែគោល ១.៥លានដុល្លារ។

 

លោក Hill នឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី១៤ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ជំនួសតំណែងលោក John Donahoe ។ ការតែងតាំងលោក Hill ក្នុងខណៈ ពេលនេះគឺជាពេលវេលាដែល ក្រុមហ៊ុន Nike កំពុងធ្លាក់ចុះការលក់ កើនឡើងការប្រកួតប្រជែងពីម៉ាកយីហោចូលមកថ្មីៗនិងលេចធ្លោដូចជា On និង Deckers 'Hoka ជាដើម។

 

ហេតុផលដែលធ្វើឱ្យក្រុមប្រឹក្សាភិបាលផ្តល់សេចក្តីទុកចិត្តឱ្យលោកកាន់តំណែងជា CEO ត្បិត Hill ធ្លាប់ជាផ្នែកលក់ជាន់ខ្ពស់ ធ្លាប់ជួយពង្រីកអាជីវកម្មរហូតដល់ជាង៣៩ពាន់លានដុល្លារ ដឹកនាំប្រតិបត្តិការពាណិជ្ជកម្ម និងទីផ្សារទាំងអស់សម្រាប់ Nike និងពង្រីកការបោះជំហានជាសកលរបស់ក្រុមហ៊ុន។

 

ភាពជោគជ័យរបស់បុរសវ័យ៦០ឆ្នាំ រូបនេះមិនមែនកើតឡើងត្រឹមមួយយប់នោះទេ វាបានកើតឡើងពីចំណុចដែលលោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ohio សហរដ្ឋអាមេរិក និងហ៊ានបញ្ចុះបញ្ចូលអ្នកតំណាងក្រុមហ៊ុន Nike ឱ្យផ្តល់ការងារហាត់ការដល់គាត់។

 

លោក Hill បានបន្តឡើងវិវត្តន៍ខ្លួនជាមួយក្រុមហ៊ុន ទទួលតួនាទីផ្សេងៗ ដូចជាប្រធានផ្នែកកីឡា ជាប្រធានភូមិសាស្ត្រ ផ្នែកលក់ បន្ទាប់ពីលោកបានចំណាយពេលជាង៣០ឆ្នាំជាមួយក្រុមហ៊ុន ចាយដើមទុនកម្លាំង ប្រកាន់ភាពស្មោះត្រង់។

 

ក្នុងនោះក្រុមហ៊ុន​ Nike បានលើកឡើងថា "Elliott Hill ជាអ្នកដឹកនាំដែលបំផុសគំនិតសហគ្រិនដ៏រឹងមាំ អាចបង្កើតទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយអតិថិជននិងវប្បធម៌ក្រុមហ៊ុន Nike ហើយក្រោយការអវត្តមានរបស់លោក៤ឆ្នាំមកនេះ ក្រុមហ៊ុនហាក់មានការប្រកួតប្រជែងយ៉ាងខ្លាំងពីសំណាក់អាជីវកម្មក្នុងវិស័យនេះ ហើយយើងសង្ឃឹមថាការវិលត្រឡប់តរបស់លោកគឺជាពេលវេលាដែល Nike រះឡើងវិញ។

 

គួរបញ្ជាក់ផងដែរថាលោក Elliott Hill បានបម្រើការងារនៅក្រុមហ៊ុន Nike ជាង៣០ឆ្នាំ ហើយលោកបានចូលនិវត្តន៍កាលពីឆ្នាំ២០២០ ប៉ុន្តែនៅខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនលក់សម្ភារៈកីឡាលំដាប់ពិភពលោក Nilke បានប្រកាសពីការវិលត្រឡប់របស់លោកវិញក្នុងនាមជានាយកប្រតិបត្តិក្រុមហ៊ុន៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia