បញ្ហានាំឱ្យខ្ជិល! នេះជាបុគ្គលិ.កខ្ជិល ទាំង៣ប្រភេទ ដែលអ្នកដឹកនាំគួរចាត់ការ ឱ្យបានលឿនបំផុត
Ping Chou EngSEPTEMBER 22 2024391 views

ខ្ជិលធ្វើឱ្យមនុស្សក្រទាំងស្មារតី​ ក្រទាំងបញ្ញា!​ ទន្ទឹមនឹងនេះប្រសិនបើក្រុមហ៊ុនមួយមានបុគ្គលិកខ្ជិលច្រើន  អសកម្មខ្លាំង អាជីវកម្មនឹងពិបាករីកចម្រើន។ ប៉ុន្តែទាក់ទងនឹងភាពខ្ជិលនេះ គឺមានបញ្ហាធំៗ៣ដែលធ្វើឱ្យបុគ្គលិកខ្ជិល ខណៈខ្ជិលទាំង៣កម្រិតនេះ អ្នកដឹកនាំគួរចាត់ការ ឱ្យបានលឿនបំផុត បើចង់ឱ្យអាជីវកម្មបរាជ័យដោយមិនដឹងខ្លួន។

 

តាមអ្នកជំនាញពី Timeular បានឱ្យដឹងថាមានវិធីសាស្រ្តធំៗ៣ ដែលអាចជួយដោះស្រាយបញ្ហាបុគ្គលិកដែលខ្ជិលនិងអសកម្មទាំង៣ប្រភេទ ឱ្យធ្វើការងារបានល្អវិញបានផងដែរ។

 

. ខ្ជិលព្រោះខ្វះគោលដៅ៖​ បុគ្គលិកខ្លះអសកម្មដោយសារតែពួកគេជាបុគ្គលិកចំណូលថ្មី ដែលអាចមិនសូវមានជំនាញឬជាបុគ្គលិកចាស់ តែកំពុងជួបប្រទះបញ្ហាលំបាកអ្វីមួយក្នុងការងារ ដូច្នេះពួកគេត្រូវការការតម្រង់ទិសពីអ្នកដឹកនាំ។

 

ប្រសិនបើស្ថិតនៅក្នុងស្ថានភាពបែបនេះ នោះប្រហែលពួកគេត្រូវការជំនួយខ្លះពីអ្នកដឹកនាំហើយៗវាមិនមែនមានន័យថាអ្នកនឹងធ្វើកិច្ចការជំនួសពួកគេនោះទេ។ ប៉ុន្តែអ្វីដែលអ្នកត្រូវជួយណែនាំគន្លឹះល្អៗ ជួយដោះស្រាយបញ្ហា​ តាមដានការងារ បណ្តុះបណ្តាលជាប្រចាំ និងប្រាប់ពួកគេអំពីរបៀបគ្រប់គ្រងភារកិច្ចនិងបន្ទុកការងាររបស់ខ្លួន ដែល​វាអាចជួយពួកឱ្យមានប្រសិទ្ធភាពការងារឡើងវិញ​បាន ប៉ុន្តែបើពួកគេមិនមានឆន្ទៈនោះទេត្រូវប្តូរផ្នែកការងារជាបន្ទាន់។

 

. ខ្ជិលព្រោះខ្វះផែនការនិងមហ្ឆិចតា បុគ្គលិកខ្ជិលប្រភេទនេះត្រូវបង្ហាញពីតួនាទី និងទំនួលខុសត្រូវឱ្យបានច្បាស់ៗ ដើម្បីដាក់បន្ទុកទំនួលខុសត្រូវលើគាត់ឱ្យគាត់ខំប្រឹង។ ដូច្នេះអ្នកដឹកនាំត្រូវ គ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានល្អ មុនចង់បញ្ឈប់បុគ្គលិកប្រភេទនេះ ហើយព្យាយាមបង្ហាញពីអ្វីដែលជាតួនាទី ទំនួលខុសត្រូវ ទំហំការងារ ទៅកាន់បុគ្គលិកឱ្យបានច្បាស់លាស់ និងវាយតម្លៃការងារដែលជាទំនួលខុសត្រូវរបស់ពួកគេឲ្យម៉្មត់ចត់។ នេះជាវិធីសាស្រ្តមួយអាចបញ្ជូនសារឱ្យពួកគេភ្ញាក់រលឹកដោយខ្លួនឯងបានថា បើសិនជាមិនខំប្រឹងឱ្យគ្រប់តាមគោលដៅកំណត់នោះទេ ពួកគេនឹងត្រូវលំបាកឬបាត់បង់តួនាទីការងារ។

 

. ខ្ជិលព្រោះខ្វះសកម្មភាព៖ បុគ្គលិកប្រភេទនេះ ជំនាញក៏ចេះចំណេះក៏មាន តែមិនចង់ធ្វើឬមកពីគាត់ទំនេរមិនសូវមានអ្វីធ្វើ យូរៗទៅជាទម្លាប់ខ្ជិល។ ដូច្នេះវិធីសាស្រ្តដោះស្រាយបញ្ហា ជាមួយបុគ្គលិកប្រភេទនេះ ជំហានដំបូងអ្នកដឹកនាំត្រូវដាក់ការងារតាមតួនាទីឱ្យពួកគេឱ្យច្រើន មានវិន័យឱ្យតឹងរឹង ធ្វើមិនបានដាក់ពិន័យ ហើយបើពួកគាត់ធ្វើបានចាត់ទុកថាពួកគាត់មានសមត្ថភាពនិងមានការព្យាយាមឡើងវិញ តែត្រូវការតាមដាននិងរឹងបន្តឹងវិន័យជាប្រចាំ។ ប៉ុន្តែបើសិនពួកគាត់នៅតែពុំខំប្រឹងប្រែងលើការងារ ​បណ្តែតបណ្តាយខ្លួន សំងំយកតែប្រាក់ខែ ការបញ្ឍប់គាត់ពីការងារគឺជាជម្រើសគួរ​ពិចារណា។

 

ជាការពិតណាស់ខ្ជិលប្រៀបបីដូចជាជំងឺមេរោគមហារីក ដែលអាចស៊ីសរីរាង្គរបស់មនុស្សឱ្យមានភាពស្ពឹកស្រពន់ ​កាន់ច្រេះឧត្តមគតិ និងការខិតខំប្រឹង ហើយពេលខ្លះជំងឺខ្ជិលក៏បាននាំទុក្ខទៅដល់មនុស្សជុំវិញខ្លួនថែមទៀត។ ដូច្នេះជាអ្នកដឹកនាំពេលខ្លះមិនត្រូវកាចពេកឬធូររលុងពេកនោះទេ ប៉ុន្តែពួកគាត់ត្រូវបត់បែនតាមបុគ្គលលក្ខណៈរបស់មនុស្សម្នាក់ៗ ស្ថានភាពនិងកាលៈទេសៈដែលគាត់កំពុងដឹកនាំ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia