លោក Charles កូនខ្មែរ-អាមេរិក បានបញ្ចេញថ្វីដៃធ្វើម្ហូបតំណាងជាតិខ្មែរ អាម៉ុក «AMOK» នៅក្នុងកម្មវិធី«MasterChef: United Tastes of America» លំដាប់ថ្នាក់ពិភពលោក រដូវកាលទី១៣ ដែលទទួលបាន Yes ដល់ទៅ៤ពីគណកម្មការ កាលពីវគ្គប្រកួតម្ហូបតំណាងជាតិ ឥឡូវនេះលោកបានឡើងដល់វគ្គ២០នាក់ចុងក្រោយហើយ។
ជាកូនខ្មែរដំបូងគេដែលបានឡើងមកកាន់វគ្គ២០នាក់ចុងក្រោយនេះលោក Charles បានបង្ហោះសារនៅលើបណ្តេញសង្គមផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ “ផ្លូវការហើយ!!! សូមជំរាបសួរមកកាន់ ការប្រកួតធ្វើម្ហូប របស់ Masterchef រដូវកាលទី១៣ ដែលកូនខ្មែរ-អាមេរិក ដំបូងបំផុតឡើងមកដល់វគ្គប្រកួតជម្រុះបេក្ខជន ២០ នាក់ចុងក្រោយ! សូមរង់ចាំអ្វីដែលនឹងមកដល់បន្ទាប់ក្នុងពេលឆាប់ៗនេះ នៅថ្ងៃទី ២១ ខែមិថុនា នៅវេលាម៉ោង 7-8c (សហរដ្ឋអាមេរិក) នៅលើកម្មវិធីផ្សាយរបស់ @foxtv "។
ជាក់ស្តែងកម្មវិធី «MasterChef: United Tastes of America» រដូវកាលទី១៣ នេះកំពុងស្វែងរកម្ចាស់ជ័យលាភីរូបណា ដែលទទួលបានប្រាក់រង្វាន់ចំនួន ២៥០,០០០ដុល្លារ និងពានរង្វាន់ MasterChef របស់អាមេរិកក្នុងចំណោម២០នាក់នោះ។
យ៉ាងណាមិញកាលពីពេលកន្លងមកអតីតជាងកាត់សក់វ័យ៣៤ឆ្នាំរូបនេះ ក៏បាននិយាយយ៉ាងមានជំនឿជាក់ លើវេទិកាប្រកួតម្ហូបលំដាប់ថ្នាក់ពិភពលោកថា គាត់ឡើងប្រកួតដើម្បីតំណាងឱ្យឪពុកម្តាយរបស់គាត់ និងយកវប្បធម៌របស់ខ្មែរបង្ហាញទៅកាន់ពិភពលោក ទោះបីជាលោកមិនមែនជាអ្នកជំនាញធ្វើម្ហូប ប៉ុន្តែសមត្ថភាពដែលលោកមានគឺដោយសារលោកតែងតែលួចមើលម្តាយធ្វើម្ភូបខ្មែរជានិច្ចកាលនៅពីក្មេង។
គួរជម្រាបផងដែរថាម្ភូបអាម៉ុកដែលលោកយកមកប្រកួតកាលពីវគ្គមុនត្រូវបានគណកម្មការទាំង៤រូប សរសើរអំពីម្ហូបខ្មែរថាមានរសជាតិឆ្ងាញ់អស្ចារ្យ ហើយមុខម្ហូបខ្មែរ១មុខនេះហើយដែល ធ្វើឱ្យលោក Charles ទទួលបាន Yes ទាំង៤ដើម្បីឈានមកដល់វគ្គជម្រុះ២០នាក់ចុងក្រោយនេះ៕
អត្ថបទដោយ៖ ពីង ជូអេង