កម្ពុជាបានរៀបចំការប្រកួតគណិតវិទ្យាធំ១ មានសិស្សចំនួន១៦ប្រទេស មកពីជុំវិញពិភពលោកចូលរួម
Ping Chou EngDECEMBER 23 2024214 views

យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹងថាកម្ពុជាបានរៀបចំការប្រកួតគណិតវិទ្យាអង្គរសម្រាប់ឆ្នាំ២០២៤ ដែលមានការចូលរួមពីសិស្សានុសិស្ស ចំនួន៦.៥០០នាក់​ មកពី១៦ប្រទេសជុំវិញពិភពលោក ដោយការប្រកួត​កម្មវិធីនេះប្រព្រឹត្តទៅនៅសាលមហោស្រពកោះពេជ្រ។

 

ចំពោះសិស្សានុសិស្សដែលមកពីប្រទេសចំនួន១៦ចូលរួមប្រកួតនោះរួមមាន កម្ពុជា សហរដ្ឋអាមេរិក ចិន ឡាវ កូរ៉េខាងត្បូង កៀហ្ស៊ីស៊ីស្ថាន ហុងកុង ថៃ ហ្វីលីពីន តូមិននីស្ថាន ម៉ុងហ្គោលី អាហ្សែបៃហ្សង់ មីយ៉ាន់ម៉ា តាជីគីស្ថាន វៀតណាម និងម៉ាឡេស៊ី។

 

លើសពីនេះកម្មវិធីប្រកួតគណិតវិទ្យាអង្គរលើកទី៤នេះបានប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងការប្រគល់ពានរង្វាន់ មេដាយនិងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើមដែលជាបញ្ញវន្តវ័យក្មេងមកពីជុំវិញពិភពលោក។

 

យ៉ាងណាមិញតាមរយៈប្រសាសន៍របស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងអប់រំ លោកបានលើកទឹកចិត្ត និងជំរុញឱ្យយុវជនទាំងអស់ត្រូវខិតខំរៀនសូត្រមុខវិជ្ជានេះ ដើម្បីឈានទៅដល់កម្រិតកាន់តែខ្ពស់ ក្នុងការសិក្សាគណិតវិទ្យាដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស។

 

បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានគូសបញ្ជាក់ផងដែរថា គណិតវិទ្យាមិនមែនគ្រាន់តែជាការគិតលេខនោះទេ គណិតវិទ្យាគឺបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍជំនាញត្រិះរិះពិចារណាស៊ីជម្រៅ ការដោះស្រាយបញ្ហានិងជំនាញវិភាគបញ្ហា ដែលមានសារៈសំខាន់បំផុតនៅគ្រប់វិស័យ គ្រប់ជំនាញ សម្រាប់ភាពជោគជ័យក្នុងជីវិត៕

 

471292379 995856035901153 6290302439366875862 N

 

471177347 995855512567872 4472955105155743783 N

 

471197735 995855575901199 5747789477697028322 N

អត្ថបទដោយ៖ ពីង​ ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia