ការចាប់ផ្តើមអាជីវកម្ម គឺជារឿងងាយស្រួល តែការធ្វើឲ្យអាជីវកម្មដំណើរការរលូន និងជោគជ័យទើបជា រឿងពិបាក ព្រោះវាទាមទារអ្នកឲ្យមានដើមទុនគ្រប់គ្រាន់ ក៏ដូចជាសមត្ថភាពគ្រប់គ្រាន់ក្នុងការគិត ការគ្រប់គ្រងពេលវេលា មានភាពអត់ធ្មត់ ឆ្លាតនិងអាចបត់បែនទៅតាមស្ថានភាព។ ហើយអ្នកក៏ត្រូវមានទំនួលខុសត្រូវច្រើនជាងមុនផងដែរទៅលើការងារមួយចំនួនដូចជា ការប្រកាសជ្រើសរើសបុគ្គលិក ការដឹកនាំក្រុម ចាត់ចែងការងារ ការរៀបចំគម្រោង ការសម្រេចចិត្ត ការគ្រប់គ្រងហិរញ្ញវត្ថុ និងការដោះស្រាយបញ្ហាជូនអតិថិជនជាដើម។
យ៉៉ាងណាមិញដើម្បីចៀសផុតរឿងរ៉ាវដ៏ស្មុកស្មាញមួយចំនួនដែលនាំឲ្យមានហានិភ័យនៅការរកស៊ី ក្នុងអ្នកឧញា៉ គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងនូវចំណុចចំនួន៤ ដែលអ្នករកស៊ីមិនគួរធ្វើ បើមិនចង់ជួនហានិភ័យ៖
១. រកស៊ីចូលហ៊ុនគ្នាច្រើនពេក
ការរកស៊ីចូលហ៊ុនគ្នាច្រើនពេកដោយមិនស្គាល់គ្នាច្បាស់គឺមិនងាយជោគជ័យនោះទេ។ ត្រង់នេះអ្នកឧកញ៉ា គួច ម៉េងលីបានសង្កត់ធ្ងន់ការរកស៊ីបែបនេះ៩៩.៩៩%គឺបរាជ័យតែម្ដង។ អ្នកឧកញ៉ាថាអ្នកខ្លះចង់មានលឿនពេកក៏ហៅគ្នាឲ្យបានច្រើនមកចូលហ៊ុនរកស៊ីជាមួយគ្នាទាំងមិនស្គាល់គ្នាច្បាស់ទាល់តែសោះ។
អ្នកឧកញ៉ាបានបង្ហើបទៀតថាការចូលហ៊ុនរកស៊ីគ្នាច្រើនពេកមិនយូរមិនឆាប់នឹងមានការដាច់ឬបែកហើយយូរៗទៅអ្នកចូលហ៊ុននឹងឈ្លោះគ្នាពោលគឺការរកស៊ីចូលហ៊ុនគ្នានេះមិនបានយូរអង្វែងតជំនាន់ដល់កូននៅចៅបានឡើយ។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាណែនាំពីការរកស៊ីច្របាច់បញ្ចូលគ្នា។ ឧទាហរណ៍ក្រុមហ៊ុនតូចៗអាចចូលជាមួយក្រុមហ៊ុនធំហើយពង្រីកកាន់តែធំនោះនឹងរឹងដៃរឹងជើងឈរលើទីផ្សារបានយូរ។
២. រកស៊ីសមុទ្រក្រហម
ទីផ្សារសមុទ្រក្រហម ជាទីផ្សារមួយដែលពោរពេញទៅដោយការប្រកួតប្រជែងស៊ីសាច់ហុតឈាមគ្នា រហូតដល់ធ្វើឲ្យអាជីវកម្មដែលខ្សោយមិនអាចឈរជើងបានហើយមានតែអាជីវកម្មដែលខ្លាំងតែប៉ុណ្ណោះដែលអាចរស់រានក្នុងទីផ្សារនិងក្លាយជាអ្នកដឹកនាំទីផ្សារ។
ត្រង់ចំណុចនេះអ្នកឧកញា៉បានលើកឡើងថា ចំពោះអ្នករកស៊ីបែបនេះគឺចូលចិត្តប្រគូតប្រជែងគ្នា មិនបានគិតពិចារណា ច្បាស់លាសល់ មានន័យថា ពេលឃើញគេរកស៊ីអ្វីមួយទទួលបានផលសឿន ខ្លួនឯងទៅរកខាងនិងដែរ ដូច្នេះទើបធ្វើឲ្យអាជីវកម្មងាយនិងដួលរលំ។
៣. រកស៊ីជ្រេញជើង
អ្នកឧកញ៉ា បានបង្ហើបថាការរកស៊ីជ្រេញជើងឬរកស៊ីលោភលន់នេះ អ្នកមិនគួរធ្វើនោះទេព្រោះអ្នកអាចនឹងបោះលុយចូលទទេជាមិនខានឡើយ។ ត្រង់នេះអ្នកឧកញ៉ាថាអ្នកខ្លះរកស៊ីលោភលន់ដោយអាជីវកម្មមួយមិនទាន់ទាំងរឹងដៃរឹងជើងផងក៏ទៅបើកអាជីវកម្មមួយទៀតហើយបង្កើតបានជាគ្រុបCEO តែលទ្ធផលនោះគឺការរកស៊ីបែបនេះមិនល្អនោះទេពោលគឺទីបំផុតអាជីវកម្មមួយទន់ដៃហើយមួយទៀតទន់ជើងដែលធ្វើឲ្យអាជីវកម្មអាចនឹងជួបការបរាជ័យច្រើន។
៤. រកស៊ីជិះទូក២(Freelance)
ការរកស៊ីជិះទូក២ក្នុងពេលតែមួយនេះអ្នកមិនគួរធ្វើនោះប៉ុន្ដែនៅប្រទេសកម្ពុជាយើងក៏មានអ្នកធ្វើច្រើនដែរ។ ការរកស៊ីបែបនេះមានន័យអ្នកកំពុងតែមានអាជីវកម្មមួយក្នុងដៃតែក៏ឆ្លៀតទៅធ្វើការងារផ្សេងទៀត ដោយមិនយកពេលវេលាមកផ្ដោតលើអាជីវកម្មរបស់ខ្លួនឯង។
ការរកស៊ីដោយធ្វើនេះបន្តិចធ្វើនោះបន្តិចនឹងធ្វើឲ្យអ្នកបាត់ការផ្ដោត បាត់ភាពផ្ចង់និងបាត់ភាពជាម្ចាស់ការ។ ការរកស៊ីជិះទូក២លទ្ធផលចុងក្រោយគឺអាយុច្រើនហើយប៉ុន្ដែគ្មានសល់លុយអ្វីជាដំកំភួនឡើយដោយសារតែរកស៊ីមិនច្បាស់ការហើយរេដូចដើមស្រល់៕