ចង់រកស៊ីជោគជ័យ លក់ផលិតផលដាច់ច្រើន ត្រូវចេះក្បួនធ្វើយុទ្ធសាស្ត្រទីផ្សារ៧ពណ៌ដ៏មានឥទ្ធិពលនេះ
ឡុង វឌ្ឍនៈFEBRUARY 28 20231.3 K views

នៅក្នុងការធ្វើអាជីវកម្ម ដើម្បីឱ្យអតិថិជនទិញផលិតផលរបស់អ្នក គប្បីត្រូវធ្វើយ៉ាងណាធ្វើឱ្យអតិថិជនបានស្គាល់ពីផលិតផល ជឿជាក់លើផលិតផលរបស់អ្នកជាមុនសិន ទើបពួកគេសម្រេចចិត្តទិញ។ យ៉ាងណាមិញដើម្បីឱ្យអតិថិជនស្គាល់ និងជឿជាក់លើផលិតផលអ្នក ទាល់តែអ្នកមានភាពឆ្លាតវៃក្នុងការធ្វើទីផ្សារ ដើម្បីឱ្យអតិថិជនបានស្គាល់ពីផលិតផលរបស់អ្នក និងអាចរុញឱ្យផលិតផលរបស់អ្នករំកិលទៅជិតដៃអតិថិជនបំផុត។ ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រទីផ្សារចម្រុះចម្រុះ៧ពណ៌ ឬ 7Ps ដែលម្ចាស់អាជីវកម្មគួរស្វែងយល់ដើម្បីឱ្យផលិតផលរបស់ខ្លួនឈានមុខក្នុងទីផ្សារ៖

១. PRODUCT៖ ជាដំបូងអ្នកត្រូវគិតគួរឱ្យបានខ្លាំងបំផុតទៅលើផលិតផលរបស់អ្នក។ អ្នកត្រូវធ្វើយ៉ាងណាឱ្យផលិតផលរបស់អ្នកមានគុណភាព មានការវេចខ្ជាប់ត្រឹមត្រូវមានអនាម័យនិងទាក់ទាញ មានពណ៌ដែលអាចទាក់ទាញអតិថិជន មានការបង្ហាញពីរបៀបប្រើប្រាស់ជាដើម។ ជំនាញដំបូងបំផុតដើម្បីជោគជ័យក្នុងទីផ្សារ អ្នកគួរតែធ្វើឱ្យផលិតផលរបស់អ្នកមានភាពទាក់ទាញជាមុនសិន។

២. PRICE៖ ចំណុចទី២គឺការកំណត់តម្លៃណាមួយដែលសមរម្យ និងទទួលយកបានទាំងអ្នកនិងអតិថិជន។ ការកំណត់តម្លៃគួរកំណត់ក្រោយពេលចំណាយលើថ្លៃផ្សេងៗដូចជាវត្ថុធាតុដើម ការវេចខ្ជាប់ ថ្លៃដឹកជញ្ជូន ថ្លៃជួលបុគ្គលិក និងការចំណាយផ្សេងៗទៀត។ បន្ទាប់មកអ្នកអាចកំណត់នូវចំនួនប្រាក់ចំណេញប៉ុន្មានភាគរយនៃថ្លៃដើមជាដើម។ ម៉្យាងទៀតចិត្តសាស្ត្រនៃការកំណត់ថ្លៃដូចជាពី ១ដុល្លារ បន្ថយមកលក់ត្រឹមតែ ០.៩៩សេន ក៏ជាយុទ្ធសាស្ត្រមួយផងដែរ។ វាជាយុទ្ធសាស្ត្រដែលធ្វើឱ្យអតិថិជនមានអារម្មណ៍ថាផលិតផលថោកជាងគ្នា ប៉ុន្តែជាក់ស្ដែងវាខុសត្រឹមតែ ១សេនតែប៉ុណ្ណោះ។

៣. PROMOTION៖ ចំណុចទី៣គឺការធ្វើការផ្សព្វផ្សាយ និងលក់បញ្ចុះតម្លៃផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនបានស្គាល់ពីផលិតផលរបស់អ្នក។ អ្នកអាចប្រើប្រាស់នូវវិធីសាស្ត្រផ្សព្វផ្សាយតាមប្រព័ន្ធផ្សេងៗដូចជា ហ្វេសប៊ុក យូធូប វេបសាយ ទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សេងៗជាច្រើនទៀត។

៤. PLACE៖ ចំណុចទី៤គឺទាក់ទងនឹងទីកន្លែង អ្នកគួរតែជ្រើសរើសទីតាំងសម្រាប់លក់ផលិតផលរបស់អ្នកនៅទីកន្លែងណាមួយដែលនៅក្បែរអតិថិជនគោលដៅរបស់អ្នកបំផុត ហើយគួរតែផ្ដល់នូវភាពងាយស្រួលដល់អតិថិជនរបស់អ្នកក្នុងការទិញផលិតផលរបស់អ្នកដូចជា ការផ្ដល់នូវទីតាំងដែលមានមនុស្សអ៊ូអរច្រើន មិនសូវកកស្ទះចរាចរណ៍ មានកន្លែងចតទូលាយ បង្កើននូវបណ្ដាញចែកចាយផលិតផលឱ្យកាន់តែច្រើនជាដើម។

៥. PEOPLE ៖ ត្រង់ចំណុចនេះគឺសម្ដៅលើការមានក្រុមមនុស្សឆ្នើមៗ សម្រាប់ជួយដល់អាជីវកម្មអ្នក។ នៅពេលដែលអ្នកមានបុគ្គលិកដែលពូកែៗ ស្លៀកពាក់តុបតែងខ្លួនបានស្អាតបាត និយាយស្ដីមានក្រមសីលធម៌ វាជួយដល់ការលក់ ឬបម្រើសេវាកម្មរបស់អ្នកទៅកាន់អតិថិជន ឱ្យមានការពេញចិត្តកម្រិតខ្ពស់ ដែលធ្វើឱ្យគាត់ឈានដល់ការសម្រេចចិត្តទិញផលិតផល ឬសេវាកម្មអ្នក។

៦. PROCESS ៖ សម្ដៅលើដំណើរការរបស់អ្នកក្នុងការពាំនាំផលិតផល ឬសេវាកម្មរបស់អ្នកបង្ហាញទៅដល់អតិថិជន។ មួយវិញទៀត វាជាដំណើរការដែលអ្នកចាំបាច់ត្រូវដឹងអំពីរបៀបដែលអតិថិជនទិញ និងប្រើប្រាស់ផលិតផល សេវាកម្មរបស់អ្នក មានដំណើរការបែបណា ដើម្បីអ្នកអាចផ្ដល់ភាពងាយស្រួលបន្ថែមទៀតទៅដល់គាត់។

៧. PHYSICAL EVIDENCE គឺសម្ដៅលើទ្រព្យសម្បត្តិដែលធ្វើឱ្យអតិថិជនមានភាពជឿជាក់ទុកចិត្តលើការធ្វើអាជីវកម្មរបស់អ្នក។ ជាឧទាហរណ៍អតិថិជននឹងមិនទិញផលិតផលគ្មានប្រភព មិនជឿជាក់លើអាជីវកម្មដែលមិនមានទីតាំងច្បាស់ មិនមានក្បាលម៉ាស៊ីនដឹកនាំច្បាស់ ឬអាជីវកម្មដែលមិនត្រូវបានច្បាប់ទទួលស្គាល់ជាដើម។ ដូច្នេះអ្នកត្រូវរកស៊ីដោយធ្វើឱ្យអតិថិជនជឿជាក់ទុកចិត្តលើអាជីវកម្មអ្នក ផលិតផលឬសេវាកម្មអ្នក។  

ក្នុងនាមជាម្ចាស់់អាជីវកម្ម អ្នកគប្បីពិចារណាចំណុចទាំង ៧ខាងលើឱ្យបានខ្លាំងបំផុត ដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនបានស្គាល់ ជឿជាក់ និងចាប់អារម្មណ៍លើផលិតផលរបស់អ្នករហូតឈានដល់ការទិញ។ នៅពេលណាដែលផលិតផលរបស់អ្នកទទួលបានការគាំទ្រកាន់តែច្រើននៅក្នុងទីផ្សារ នោះផលិតផលរបស់អ្នកនឹងឈានមុខនៅក្នុងទីផ្សារជាក់ជាពុំខាន៕ 

រៀនគំនិតរកស៊ីល្អៗ និង គន្លឹះដឹកនាំជីវិត សូមចូលក្នុងគ្រុបពិសេសខ្ញុំទីនេះ ( https://t.me/LongVathanak777 )   

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia