ខេត្តកំពង់ស្ពឺជាខេត្តដែលនៅគៀករាជធានីភ្នំពេញ ខណៈខេត្តនេះកំពុងតែទាក់ទាញអ្នកវិនិយោគជាច្រើន ក៏ព្រោះតែស្ថានភាពភូមិសាស្ត្រខេត្តកំពង់ស្ពឺ មានភាពអំណោយផល មានសក្តានុពលវិនិយោគច្រើន ទើបធ្វើឱ្យខេត្តនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់មិនថាវិស័យកសិកម្ម និងឧស្សាហកម្ម ដែលជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងបានបង្កើតចំណូលជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តមានជីវភាពល្អប្រសើរមួយកម្រិតផងដែរ។ ដោយសារកត្ដាទាំងនេះហើយទើបធ្វើឱ្យតំបន់មួយចំនួននៃខេត្តកំពង់ស្ពឺកំពុងត្រូវប៉ាន់ជាពិសេសដីនៅតំបន់ក្បែរ ឧទ្យានជាតិគិរីរម្យ និងតំបន់ផ្លូវជាតិ ៤៤ និង ១០៩។
ថ្លែងប្រាប់ Business Cambodiaលោក សេន ណាក់ ជា អនុប្រធាន គណៈកម្មាធិការផ្សព្វផ្សាយ ពិគ្រោះយោបល់ អភិវឌ្ឍន៍ដីធ្លី និង សំណង់ និង ជា ប្រធានទីផ្សារ នៅ ក្រុមហ៊ុន លី សមស័ក្ត រៀល អ៊ីស្ទេត បានបង្ហើបពីតំបន់ដែលត្រូវប៉ាន់ជាងគេនៅខេត្តកំពង់ស្ពឺគឺ តំបន់ក្បែរ ឧទ្យានជាតិគិរីរម្យ ដែលជាតំបន់កំពុងលេចធ្លោ ផ្នែកអេកូទេសចរណ៍ កម្សាន្តបែបធម្មជាតិ និង តំបន់ផ្លូវជាតិ ៤៤ និង ១០៩ ដែលជាតំបន់ កសិទេសចរណ៍ និង ឧស្សាហកម្ម ៖
១. តំបន់ក្បែរ ឧទ្យានជាតិគិរីរម្យ
តំបន់នេះមានការផ្ទុះការចាប់អារម្មណ៍ដោយសារមានកន្លែងទេសចរណ៍ជាច្រើនដូចជា រម្យណីយដ្ឋានទឹកធ្លាក់ចំបក់ តំបន់ដីជ្រោះធម្មជាតិ មជ្ឈមណ្ឌលព្រះពុទ្ធសាសនា រម្យណីយដ្ឋានវីគិរីរម្យរីសត តំបន់ថ្មលយ ។ ឆ្លងកាត់វិបតិ្ត កូវីដ១៩ មនុស្សចាប់ផ្តើមស្រលាញ់ធម្មជាតិ និង ទេសភាពជាងមុន ។ ជាពិសេសអ្នកភ្នំពេញនាំគ្នាសម្រុកទៅទិញដីក្បែរជើងភ្នំ ដែលមានទេសភាពស្អាតលេខ១ ភាគច្រើនទិញទុកលំហែ និង ទុកចំណេញ ។
២.តំបន់ផ្លូវជាតិ ៤៤ និង ផ្លូវលេខ១០៩
តំបន់នេះមានសក្តានុពលល្អសម្រាប់ធ្វើរោងចក្រ និង ឧស្សាហកម្មផ្សេងៗ ដោយសារមានផ្លូវធំ ហើយត្រង់ ងាយស្រួលដឹកទំនិញទៅកំពង់ផែនៅកំពង់សោម កំពត និង ចែកចាយនៅភ្នំពេញ ។ តំបន់ផ្លូវ ១០៩ ជាតំបន់មានតម្លៃទាប ហើយមានទេសភាពភ្នំ និង អូរ ស្អាតបែបធម្មជាតិ ។ អ្នកវិនិយោគមួយចំនួនទិញដើម្បីទុកចំណេញរយៈពេលយូរ ចំណាយដើមទុនតិច ហើយអាចលំហែ ឬ ដាំដំណាំហូបផ្លែបានដោយដីមានជីវជាតិល្អ ៕
អត្ថបទដោយ៖ ឌឿក ស្រីនុត