នៅដើមឆ្នាំ ២០២៣ នេះ កម្ពុជាហាក់ទទួលបានការវិនិយោគជាច្រើន ជាពិសេសការវិនិយោគនៅលើការសាងសង់ក្នុងវិស័យអចលនទ្រព្យ ក្នុងនោះមានគម្រោងសិក្សាមួយចំនួនដែលកំពុងស្ថិតក្នុងការសិក្សានៅឡើយដែលមានដូចជា៖ គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-speed Train) គម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) គម្រោងសិក្សាផ្លូវរថភ្លើងក្រោមដី (Subway) និងការសិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) ជាដើម។
ជាក់ស្តែង កាលពីថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ក្នុងជំនួបពិភាក្សាការងារដើម្បីស្វែងយល់ព័ត៌មានសម្រាប់គម្រោងការសិក្សានានាទាក់ទងនឹងសេវាដឹកជញ្ជូនសាធារណៈ រវាង ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុន Doppelmayr Group ដឹកនាំដោយលោក Martin Ladner អ្នកគ្រប់គ្រងប្រចាំតំបន់ ភាគីកម្ពុជាបាន អនុញ្ញាតឱ្យក្រុមហ៊ុនខាងលើនេះ អាចសិក្សាតភ្ជាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយគម្រោងដែលមានស្រាប់ ឬគម្រោងកំពុងសិក្សាទាំងនោះ ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងទីប្រជុំជននានាក្នុងប្រទេសកម្ពុជា។
ក្នុងនោះ ឯកឧត្តម តូច ចាន់កុសល បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុនរៀបចំឱ្យបានលម្អិតបន្ថែមទៀតទាក់ទងនឹងសមត្ថភាព អត្ថប្រយោជន៍ និងលក្ខណៈពិសេសនៃគម្រោង“កន្រ្តកខ្សែកាប” (Cable Car) របស់ក្រុមហ៊ុនក្នុងលក្ខខណ្ឌប្រទេសកម្ពុជា បន្ទាប់ពីទទួលបានព័ត៌មានថ្មីៗដែលក្រសួង បានផ្ដល់ជូនរួចមក ដើម្បីគោរពស្នើសុំឯកឧត្តមទេសរដ្ឋមន្រ្តី ពិនិត្យសម្រេចលើគម្រោងការសិក្សាដែលក្រុមហ៊ុនបានលើកឡើង ខណៈដែលក្រុមហ៊ុនមួយនេះ បង្ហាញចំណាប់អារម្មណ៍ក្នុងការ វិនិយោគលើវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Doppelmayr Group ជាក្រុមហ៊ុនមួយរបស់ប្រទេសអូទ្រីស មានជំនាញរៀបចំផែនការអភិវឌ្ឍន៍ រចនា ផលិត សាងសង់ និងគាំទ្រគម្រោងច្នៃប្រឌិតទាក់ទងនឹងការដឹកជញ្ជូនអ្នកដំណើរដោយកន្រ្តកខ្សែកាប (Cable Car) ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ នៅក្នុងតំបន់ ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង