ស្តេចប្រ៊ុយណេ ប្រើក្បួនដឹកនាំធំ៣នេះ ជួយឱ្យប្រទេសមិនជាប់បំណុល ប្រជាជនមានលុយចាយមិនខ្វះ
Kan DaraJUNE 9 20221.6 K views

ប្រ៊ុយណេ​ជា​រាជាណាចក្រ​ដ៏​តូច​មួយ នៅ​ប៉ែក​ខាង​ជើង​នៃ​កោះ​ប័រនេអូ(Bornéo)។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បាន​ទទួល​ឯករាជ្យជាផ្លូវការ​ពី​ប្រទេស​អង់គ្លេស​នៅ​ឆ្នាំ​១៩៨៤ និងមានព្រះអង្គម្ចាស់ ​ស៊ុលតង់​អាស្សាណាល បូលក្ចា(Hassanal Bolkiah) ​ជា​ព្រះ​ប្រមុខរដ្ឋ ​និងជា​នាយក​រដ្ឋមន្ត្រី។​ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ​ប្រ៊ុយណេជាប្រទេសមិនជាប់បំណុល និង​រស់​ក្នុង​ភាព​រុងរឿង សម្បូរ​ប្រាក់​ចាយ។

យ៉ាងណាមិញ ដើម្បីកសាងប្រទេសឲ្យមានភាពអំណោយផលដូច្នេះ រួមទាំងប្រជាជនមានលុយចាយមិនខ្វះ ស្តេចប្រ៊ុយណេ បានប្រើក្បួនដឹកនាំធំៗ៣ ខាងក្រោមនេះ៖

/. ប្រើប្រាស់ធនធានធម្មជាតិទ្រទ្រង់សេដ្ឋកិច្ច

ផលិតផល​ដុល​ក្នុង​ស្រុក​របស់​ប្រជាជន​ប្រ៊ុយណេ​ម្នាក់ៗកើន​រហូត​ដល់​ទៅ​ជិត ​៣៥,០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ រី​ឯ​ប្រាក់​ចំណូល​មធ្យម​ប្រចាំ​ឆ្នាំ​របស់​​ពលរដ្ឋ​ប្រ៊ុយណេម្នាក់​ៗ​វិញ​មាន​រហូត​ដល់​ទៅ ​២៧,០០០​ដុល្លារ។ ម្ល៉ោះ​ហើយ ប្រជាជន​ប្រ៊ុយណេ​មាន​ជីវភាព​ធូរធារ មិន​ចាញ់​ប្រជាជន​សិង្ហបុរី​ប៉ុន្មានទេ។ នេះក៏​ដោយសារ​តែ​ប្រ៊ុយណេ​មាន​ប្រជាជន​តិច គិតត្រឹមឆ្នាំ២០២០ មាន​ប្រមាណ​ជា ​៤៦០,៣៤៥​នាក់​ប៉ុណ្ណោះ។​ ចំណុចអំណោយផលមួយទៀត ទឹកដីនេះសម្បូរ​ទៅ​ដោយ​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ​ដែល​តំណាងរហូតដល់ទៅ​៩៥%​ នៃ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​រដ្ឋ​និង​ជាង​៩០% ​នៃ​ផលិតផល​នាំ​ចេញទាំងស្រុងរបស់ប្រទេស។

/. ប្រជាជនពុំចាំបាច់បង់ពន្ធដារ

ក្រៅ​ពី​ថាមពល​ដែល​ជា​ចន្ទល់​សេដ្ឋកិច្ច​នៃ​ប្រទេស វិស័យ​ដទៃ​ផ្សេង​មាន​លក្ខណៈហាក់មិនទាន់រឹងមាំនូវឡើយដូច​ជា ឧស្សាហកម្ម​កាត់​ដេរ កសិកម្ម និងសិប្បកម្មជាដើម។ តែទោះជាយ៉ាងណា ប្រជាជន​ប្រ៊ុយណេរស់​នៅ​ក្នុង​ភាព​រុង​រឿង និង​ក្នុង​ភាព​សុខដុម​រមនាពុំ​ចាំ​បាច់​បង់​ពន្ធដារ​ទេ ប្រើ​បា្រស់​ឥណទាន​គ្មាន​ការ​ប្រាក់​សម្រាប់​ទិញ​ឡាន​ជិះ និងចាក់​សាំង​ដែល​មាន​តម្លៃ​ថោកខ្លាំង​មែន​ទែន។

/. ផ្តល់ជូនសេវាសុខាភិបាលឥតគិតថ្លៃ

ប្រ៊ុយណេផ្ដល់សេវាសុខភាពឥតគិតថ្លៃដល់ពលរដ្ឋទាំងអស់ តាមរយៈមន្ទីរពេទ្យសាធារណៈ។ ការថែទាំសុខភាពនៅប្រទេសប្រ៊ុយណេត្រូវបានគិតប្រាក់ចំនួន B$១ ($០.៧៤) ក្នុងមួយការពិគ្រោះយោបល់សម្រាប់ពលរដ្ឋ ហើយមិនគិតថ្លៃសម្រាប់អ្នកដែលមានអាយុក្រោម ១២ឆ្នាំ។ រដ្ឋាភិបាល​ទទួលបន្ទុក​លើ​ថ្លៃ​បញ្ជូន​ពលរដ្ឋ​ទៅ​ក្រៅប្រទេស​សម្រាប់​បរិក្ខារពេទ្យ​ដែល​មិនមាន​ក្នុង​ប្រទេស។

គូសបញ្ជាក់ផងដែរថា ប្រហែល២/៣ នៃប្រជាជនប្រ៊ុយណេមានដើមកំណើតពី ជនជាតិម៉ាឡេ។ ភាសាផ្លូវការគឺ ភាសាម៉ាឡេ និង ភាសាអង់គ្លេស ក្នុងនោះក៏មានប្រជាជននិយាយ​ ភាសាចិន មួយក្រុមតូចផងដែរ និងយកសាសនាឥស្លាម ជាសាសនារបស់រដ្ឋ។ ប្រ៊ុយណេហាមមិនអោយមានការជួញដូរនិងការផឹកគ្រឿងស្រវឹងជាសាធារណៈទេ។ ជនបរទេសនិងជនមិនមែនមូស្លីមត្រូវបានអនុញ្ញាត​អោយយកចូលជា​អតិបរមា ១២កំប៉ុងចំពោះស្រាបៀរ និងចំណុះ២លីតចំពោះគ្រឿងស្រវឹងផ្សេងទៀត។ តាំងពីមានការហាមឃាត់នោះមក ហាងស្រានិងបារទាំងអស់ត្រូវបានបង្ខំ​អោយបិទទ្វារ។ ទោះជាបែបនេះក្តី ក៏មានភោជនីយដ្ឋានមួយចំនួនតូចនៅតែលួចផ្ដល់សេវាកម្មគ្រឿងស្រវឹង​ដោយខុសច្បាប់៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia