ក្មេងហើយពូកែទៀត! ទំនេរពីការសិក្សា យុវតីខ្មែរម្នាក់ចាប់របរធ្វើផ្កាចេញពីអំបោះលក់តាមអនឡាញដាច់ដូចព្យុះ
ធី ស្រីល័ក្ខFEBRUARY 21 2025208 views

កញ្ញា ពុត ជាសុម៉ាឡាយ គឺជាយុវតីខ្មែរដ៏ពូកែម្នាក់ដោយកញ្ញាបានសម្រេចចិត្តបង្កើតអាជីវកម្មខ្នាតតូចមួយឡើងដោយមានឈ្មោះថា “អំបោះ-Ambos” ដែលជាអាជីវកម្មលក់ផលិតផលចាក់ពីអំបោះធ្វើដោយដៃផ្ទាល់របស់ស្រ្តីជាច្រើននាក់នៅខេត្តបាត់ដំបង។

 

នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារចាបក្រហម ម្ចាស់អាជីវកម្មវ័យក្មេងកញ្ញា ពុត ជាសុម៉ាឡាយ បានឱ្យដឹងថា ដើមចមដែលនាំឱ្យកញ្ញាបង្កើតអាជីវកម្ម អំបោះ-Ambos នេះឡើងដោយសារតែ នៅថ្ងៃមួយកញ្ញាបានជួយជាមួយនឹងបងស្រីម្នាក់ដែលគាត់ចេះចាក់ផលិតផលធ្វើពីអំបោះបានស្អាតខ្លាំងមែនទែន ប៉ុន្តែគួរឱ្យស្តាយដែលពួកគាត់ផលិតបានតែមិនដឹងយកទៅលក់ឱ្យអតិថិជនដោយវិធីណាទៅវិញ។ នៅពេលនោះ កញ្ញាក៏ចាប់ផ្តើមនឹកគិតនិងចរចាជាមួយពួកគាត់ជួយរកទីផ្សារឱ្យពួកគាត់ដែលអាចរកចំណូលជូនពួកគាត់ត្រឡប់មកវិញបាន។

២៧

លុះក្រោយមកក៏មានកម្មវិធីមួយឈ្មោះថា Enterprice Battambong ជាកម្មវិធីរៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលសហគ្រិនថ្មីៗដែលមានគំនិតជួយដោះស្រាយបញ្ហានៅក្នុងសង្គម ពេលនោះកញ្ញាក៏បានចូលរួមជាមួយវគ្គបណ្តុះបណ្តាលនេះរហូតទទួលបានជ័យលាភីលេខ១ និងមានឱកាសទទួលបានទុន២ពាន់ដុល្លារ ដើម្បីដំណើរការអាជីវកម្ម។ ទើបនៅអំឡុងថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៣ នេះ កញ្ញា ផាសុម៉ាឡាយ ក៏បានយកទុនដែលបានមកបង្កើតអាជីវកម្ម “អំបោះ-Ambos” ឱ្យលេចចេញជារូបរាងឡើង។

២៩

ក្រោយពីការបង្កើតអាជីវកម្មខ្នាតតូចនេះរួចរាល់ជាផ្លូវការហើយ សហគ្រិនវ័យ២១​ឆ្នាំនេះ បានចាប់ផ្តើមបន្តសកម្មភាពចូលរួមតាមកម្មវិធី ធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គមកាន់តែខ្លាំងដើម្បីធ្វើយ៉ាងណាឱ្យផលិតផលអំបោះនោះបានឃើញដល់អតិថិជនកាន់តែច្រើន ជាលទ្ធផលក្រោយការផុសនិងផ្សព្វផ្សាយជាច្រើនមក អំបោះក៏ចាប់ផ្តើមមានការគាំទ្រនិងបញ្ជាទិញជាបន្តបន្ទាប់ទាំងភ្ញៀវជាតិនិងអន្តរជាតិ នេះក៏ដោយសារតែកញ្ញាបានបញ្ចូលពាក្យប្រាប់ទៅភ្ញៀវដែលទិញជានិច្ចថា “ការជួយទិញផលិតផលអំបោះគឺជាការជួយបង្កើតការងារនិងប្រាក់ចំណូលដល់ស្រ្តី”។

២៨

គួរបញ្ជាក់ផងដែរថា រាល់ផលិតផលរបស់ អំបោះ-Ambos គឺជាផលិតផលធ្វើដោយដៃរបស់ស្រ្តីនៅក្នុងខេត្តបាត់ដំបងទាំងអស់ ដែលមានតម្លៃចាប់ពី ៣ដុល្លារឡើងទៅ មានទាំងជាប្រភេទផលិតផលផ្កា កាបូប ខ្សែចងសក់ តុកក្តា បន្តោងសោ និងមានចាក់ជាសម្លៀកបំពាក់និងផលិតផលជាច្រើនផ្សេងទៀតដែលអាចធ្វើបានតាមការកម្ម៉ង់ទិញរបស់អតិថិជន។ ប្រសិនបើបងប្អូនចាប់អារម្មណ៍អាចធ្វើការកម្ម៉ង់ទិញតាមរយៈហ្វេសប៊ុកផេក អំបោះ-Ambos ឬតាមរយៈលេខទំនាក់ទំនង 088 655 6766 ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia