ចាប់អារម្មណ៍ឃើញថា ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ហៅកាត់ថា ធនាគារ KDSB តែងតែឧបត្ថម្ភ និងផ្តល់ជំនួយដើម្បីបំពេញតម្រូវការសម្រាប់ការសិក្សារបស់សិស្សានុសិស្សគ្រប់ពេលវេលា។ កាលពីពេលថ្មីៗនេះ ធនាគារ KDSB បានចែករំលែកនូវរូបភាពស្នាមញញឹមរបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកស្ម័គ្រចិត្តរបស់ធនាគារដែលកំពុងរីករាយនឹងការគូរគំនូរលើជញ្ជាំង និងកែលម្អបន្ទប់បណ្ណាល័យចាស់មកជាបណ្ណាល័យថ្មីស្រឡាងយ៉ាងស្រស់ស្អាតប្លែកភ្នែក។ លើសពីនេះធនាគារក៏បានឧបត្ថម្ភសំភារៈបរិក្ខារ សៀវភៅ រួមទាំងសំភារៈសិក្សាផ្សេងៗទៀត ដល់បណ្ណាល័យនៃសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង អន្លង់ក្ងាន ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះផងដែរ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន KB Kookmin Card ដែលជាក្រុមហ៊ុនមេរបស់ធនាគារ KDSB ជារៀងរាល់ឆ្នាំក៏បាននិងកំពុងដំណើរការយ៉ាងសកម្មនូវគម្រោងបរិច្ចាគផ្សេងៗ រួមទាំងការផលិតសៀវភៅកុមារ ដើម្បីគាំទ្រដល់សកម្មភាពអប់រំរបស់កុមារកម្ពុជាផងដែរ។ ជាក់ស្ដែង នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ តាមរយៈធនាគារ KDSB ក្រុមហ៊ុនក៏បានបរិច្ចាគនូវសៀវភៅអប់រំហិរញ្ញវត្ថុកុមារ ក្ដាសម្រាប់អានសៀវភៅ និងពិលដើរដោយពន្លឺព្រះអាទិត្យ ដល់កុមារៗ និងប្រជាជនដែលរស់នៅក្នុងខេត្តកំពង់ធំ និងរាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ការអាន និងយកចិត្តទុកដាក់លើអនាគតរបស់កុមារកម្ពុជាផងដែរ។ យើងឃើញថាសិស្សានុស្សិសពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ ដោយពួកគេបានបណ្ណាល័យថ្មីដ៏ស្រស់ស្អាតផង បានទទួលសម្ភារៈជំនួយដល់ការសិក្សាត្រលប់ទៅផ្ទះរៀងៗខ្លួនផង បានញ៉ាំអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់ផង។
ធនាគារ KDSB ក៏មិនភ្លេចផ្ញើសារថ្លែងអំណរគុណដល់បុគ្គលិកស្ម័គ្រចិត្ត និងសប្បុរសជនទាំងឡាយដែលតែងតែចូលរួមចំណែកធ្វើឱ្យសកម្មភាពទំនួលខុសត្រូវសង្គមរបស់ធនាគារកាន់តែមានភាពរស់រវើក និងពោរពេញដោយថាមពល តាមរយៈការចូលរួមជាកម្លាំង ការចូលរួមជាសៀវភៅអានចាស់ៗរបស់ខ្លួន ក៏ដូចជាការចូលរួមជាថវិកាក្នុងការទិញសម្ភារៈដាក់តាំងនៅគ្រប់បណ្តាការិយាល័យធនាគារ KDSB ដើម្បីចូលរួមចំណែកក្នុងសកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗរបស់ធនាគារផងដែរ។