ផ្តើមចេញពីគ្រូបង្រៀន និងមានបទពិសោធន៍ក្រាស់ក្រែលអស់រយៈពេល ១៥ឆ្នាំក្នុងវិស័យអប់រំ លោក ស្រី ឡា សុភៈ បានវិត្តន៍ខ្លួនក្លាយជាអគ្គនាយិកានៃសាលាអន្តរជាតិKCE។ ជាអ្នកដឹកនាំឆ្នើម១រូបដែរលោកស្រីក៏បានបង្ហើបអំពីក្បួន៣ខ្លីខ្លឹម ក្នុងការធ្វើការងារ និងប្រតិបត្តិការអាជីវកម្ម នៅក្នុងវិស័យអប់រំឱ្យមានភាពរីកចម្រើនទៅមុខ ។
១. មានផែនការការងារជានិច្ច៖ ជាការពិតណាស់ភាពរីកចម្រើនគឺកើតចេញពីការត្រៀមខ្លួនទុកមុនដើម្បីក្តោបក្តាប់ឱកាស។ ជាក់ស្តែងបទពិសោធន៍លោកស្រីដែលធ្វើឱ្យការងារ និងអាជីវកម្មដើរទៅមុខដោយរលូននោះលោកស្រីបានបញ្ជាក់ថា គឺការបែងចែកការងារជាដំណាក់កាលធំៗ៤ ទី១ផែនការប្រចាំឆ្នាំ ទី២ផែនការប្រចាំខែ ទី៣ ផែនការប្រចាំសប្តាហ៍ និងទី៤ ផែនការប្រចាំថ្ងៃ ដែលជាគន្លឹះធ្វើឱ្យអាជីវកម្មជោគជ័យមួយចំណែក។
២. មានការគ្រប់គ្រងពេលវេលា៖ ការគ្រប់គ្រងពេលវេលាគឺជាទម្លាប់ល្អមួយ ដូច្នេះលោកស្រីបានបែងចែកពេលវេលាជា៣ ទី១គឺសម្រាប់ខ្លួនឯង ពោលគឺប្រើដើម្បីអភិវឌ្ឍន៍សមត្ថភាពនិងការសិក្សាស្រាវជ្រាវ។ ទី២គឺសម្រាប់គ្រួសារ ដោយផ្តល់ពេលវេលាឱ្យអ្នកផ្ទះឱ្យបានកក់ក្តៅនិងមានការយោគយល់អធ្យាស្រ័យគ្នា ចំណែកទី៣គឺសម្រាប់អាជីវកម្ម ចំណាយពេលសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ រៀបចំផែនការយុទ្ធសាស្រ្ត ព្រមជាមួយផែនការសកម្មភាព ដោយលោកស្រីបានលើកឡើងថា “ការគិតវិជ្ជមានភ្ជាប់នឹងសកម្មភាពគឺជាស្ពានឆ្ពោះទៅរកភាពរីកចម្រើន”។
៣. រៀបចំយុទ្ធសាស្រ្ត និងអាជីវកម្មឱ្យមានស្តង់ដារ៖ ស្តង់ដារអាជីវកម្មគឺជាផ្នែកមួយនៃភាពរីកចម្រើនពោលគឺ រៀបចំការគ្រប់គ្រងឱ្យបានច្បាស់លាស់ មានសមត្ថភាពនិងទំនួលខុសត្រូវ រក្សាការអភិវឌ្ឍន៍ខ្លួននិងអាជីវកម្មជានិច្ច រក្សាទំនាក់ទំនង រក្សាបុគ្គលិកនិងមនុស្សល្អៗនៅក្បែរខ្លួន ធ្វើការដោយភាពរីករាយនិងពេញចិត្តជាមួយការងារដែលកំពុងធ្វើ ទាំងបុគ្គលិកនិងអ្នកដឹកនាំផ្ទាល់។
ស្រ្តីឆ្នើមរូបនេះក៏ជាអគ្គលេខាធិការនៃបណ្តេញសហគ្រិនស្រ្តីកម្ពុជា ដែលជាបណ្តាញជាតិតំណាងឱ្យកម្ពុជាទៅកាន់អាស៊ាននិងពិភពលោកផងដែរ។ លោកស្រីបានទទួលបរិញ្ញាបត្រគ្រប់គ្រងប្រព័ន្ធព័ត៌មាន ពីសកលវិទ្យាល័យជាតិគ្រប់គ្រង និងTEFL ពីវិទ្យាស្ថានភាសាបរទេសនៅឆ្នាំ២០០៥ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ CharlesStuart ប្រទេសអូស្រ្តាលីក្នុងឆ្នាំ២០១២។
គួរជម្រាបផងដែរថា KCE International School គឺសាលាអន្តរជាតិដែលទទួលសិស្សឱ្យចូលរៀនចាប់តាំងពីអាយុ២ឆ្នាំកន្លះ រហូតដល់ថ្នាក់ទី១២ សម្រាប់៣ភាសាគឺខ្មែរ អង់គ្លេស និង ចិន។ នាពេលបច្ចុប្បន្ននេះសាលាអាចពង្រីកខ្លួនបាន២សាខា ហើយក្រោយបើកដំណើរការអស់រយៈពេល៥ឆ្នាំ ខណៈ១សាខាកំពុងឋិតក្រោមការសាងសង់ និង១សាខាទៀតកំពុងមានសិស្សចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ៕
អត្ថបទដោយ៖ ពីង ជូអេង