មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត និងមានសមត្ថភាពពូកែអាចនិយាយបាន៣ភាសាទេ កញ្ញា Jimmy Meng ដែលមហាជនស្គាល់ច្បាស់ថាជា Influencer ដ៏លេចធ្លោមួយរូបនៅកម្ពុជា ក៏មានសមត្ថភាពនៅក្នុងការគ្រប់គ្រងលុយ ជួយឱ្យខ្លួនឯងមានស្ថេរភាពហិរញ្ញវត្ថុថែមទៀតផង។
ថ្លែងនៅក្នុងវីដេអូនៅលើផេកផ្លូវការរបស់ធនាគារ អេស៊ីលីដា កញ្ញា Jimmy បានចែករំលែកនូវក្បួនចាត់ចែងលុយ៤ប្រភេទ ដែលខ្លួនតែងតែអនុវត្តន៍ ដើម្បីធ្វើឱ្យខ្លួនឯងមានជីវភាពល្អប្រសើរ។ ក្បួនចាត់ចែងលុយទាំង៤ប្រភេទនោះរួមមាន៖
១. ផ្នែកសន្សំសម្រាប់ពេលបន្ទាន់ ឬអាសន្ន
សម្រាប់ផ្នែកនេះ កញ្ញា Jimmy សម្រេចចិត្តដកចំនួនលុយមួយផ្នែកចេញពីចំណូលប្រចាំខែយកទុកសន្សំ។ កញ្ញាបញ្ជាក់ថា លុយសន្សំមួយកញ្ចប់នេះគឺហាមប៉ះដាច់ខាត ត្រូវទុកសម្រាប់តែចាយលើរឿងបន្ទាន់ និងចាំបាច់បំផុតប៉ុណ្ណោះ។ រឿងបន្ទាន់អាចជា ការដោះស្រាយបញ្ហាធ្ងន់ធ្ងរភ្លាមៗ ឬត្រូវចូលមន្ទីរពេទ្យភ្លាមៗជាដើម។
២. ចំណាយប្រចាំខែ
ចំណាយប្រចាំខែ គឺរួមមានការចំណាយលើថ្លៃផ្ទះ ថ្លៃសាំង ថ្លៃទូរស័ព្ទ ថ្លៃទឹកភ្លើង និងថ្លៃធ្វើដំណើរជាដើម ដែលកញ្ចប់លុយចំណាយមួយនេះគឺអាស្រ័យលើស្ថានភាពតម្រូវការនិងការរស់នៅរបស់មនុស្សម្នាក់ៗ។ កញ្ញា Jimmy បានបង្ហើបបន្ថែមដែរថា កញ្ចប់ដ៏សំខាន់មួយទៀត គឺការចំណាយលើថ្លៃអាហារ ដែលជាទូទៅកញ្ញាទុកវាដោយឡែកផ្សេងពីកញ្ចប់ចំណាយផ្សេងៗដែលរៀបរាប់មុននេះ។ កញ្ញាធ្វើបែបនេះគឺដើម្បីឱ្យប្រាកដថា ការចំណាយលើការញ៉ាំរបស់កញ្ញានឹងមិនបង្កផលប៉ះពាល់ដល់ការចំណាយចាំបាច់ផ្សេងៗ។
៣. ប្រាក់សម្រាប់វិនិយោគទុន
កញ្ចប់ទី៣ គឺកញ្ញាតែងតែដក់ចន្លោះពី២០% ទៅ៣០% នៃចំណូលដែលរកបាន ទុកបណ្ដាក់ទុនវិនិយោគបង្កើនចំណូល។ ការវិនិយោគអាចមានដូចជា ការដាក់សន្សំយកការប្រាក់នៅធនាគារ ការជួញដូរភាគហ៊ុន ឬបណ្ដាក់ទុនលើអាជីវកម្មផ្សេងៗជាដើម។
៤. ប្រាក់សម្រាប់ពង្រីកបណ្ដាញទំនាក់ទំនង
កញ្ញា Jimmy ផ្ដល់អាទិភាពទៅលើការកសាងទំនាក់ទំនង ព្រោះគាត់ជឿជាក់ថា ជីវភាពមនុស្សម្នាក់ៗនឹងរីកចម្រើន បើយើងចេះទាំងចាប់ឱកាសវិនិយោគ និងពង្រីកបណ្ដាញទំនាក់ទំនងសង្គមឱ្យរឹងមាំ។ កញ្ញាពង្រីកទំនាក់ទំនងតាមរយៈ ការចូលទៅក្នុងកម្មវិធីផ្សេងៗ ចូលរួមសិក្ខាសាលា ដែលសុទ្ធសឹងតែជាកន្លែងពោរពេញទៅដោយអ្នករកស៊ី ដែលមានបទពិសោធន៍ល្អៗ។
កញ្ញាបានគូសបញ្ជាក់ផងដែរថា ការពង្រីកទំនាក់ទំនងជារឿងសំខាន់ ប៉ុន្តែមិនមែនមានន័យថាលោកអ្នកត្រូវចូលទៅគ្រប់ទីកន្លែងមិនរើសសោះនោះឡើយ។ អ្នកគួរតែជ្រើសរើសទៅកន្លែងណាមួយ ដែលអាចជួបមនុស្សដែលមានចំណេះដឹងពាក់ព័ន្ធនឹងអនាគតដែលអ្នកចង់បាន។ មានន័យថាបើជ្រុលជារៀន គឺរៀនឱ្យត្រូវជំនាញ ត្រូវគោលដៅ ហើយអាចអនុវត្តន៍បានរហូតតទោថ្ងៃមុខ៕
អត្ថបទដោយ៖ សូ សុខលី (កូនស្មេរចល័តចរ)
លោកអ្នកអាចទំនាក់ទំនងផ្សព្វផ្សាយអាជីវកម្មរបស់អ្នកតាមរយៈទូរស័ព្ទលេខ៖ ០១៥២០២៥៤២