កំពូលតារាចម្រៀងទោលកូរ៉េ កញ្ញា IU ដែលមានកិត្តិនាមល្បីល្បាញលំដាប់ថ្នាក់ពិភពលោកតំណាងឲ្យប្រទេសកូរ៉េខាងត្បូង បានក្លាយជា ទូតសុច្ឆន្ទៈរបស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ជាផ្លូវការ។
យ៉ាងណាមិញ ក្រៅពីភាពលេចធ្លោក្នុងវិស័យសិល្បៈ កំពូលតារាស្រីរូបនេះក៏ជាសេដ្ឋីលាក់មុខផងដែរ។ ជាក់ស្តែង យោងតាមការឲ្យដឹងពី GQ India និងប្រភព K-media ផ្សេងទៀតបានបង្ហាញថា ទ្រព្យសម្បត្តិសុទ្ធរបស់កញ្ញា IU ត្រូវបានគេប៉ាន់ស្មានមានប្រមាណពី ៤០ ទៅ ៤៥លានដុល្លារ គិតត្រឹម ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ប្រាក់ចំណូលទាំងអស់នោះបានមកតាមរយៈដូចជា ការលក់បទចម្រៀង ការប្រគុំតន្ត្រី ការសម្តែង ការបង្ហាញខ្លួនលើកញ្ចក់ទូរស្សន៍ និងកម្មវិធីផ្សេងៗ រួមទាំងការផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។ គិតត្រឹមប៉ុន្មានឆ្នាំចុងក្រោយ IU បានជាប់ក្នុងបញ្ជីតារាដែលរកចំណូលបានច្រើនជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈរកបានរាប់លានដុល្លារឯណោះក្នុងមួយឆ្នាំៗ។
គួរជម្រាបផងដែរថា កញ្ញា IU មានឈ្មោះពេញថា Lee Ji-eun កើតនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៩៣ លើទឹកដីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ អំឡុងពេលដែល IU នៅតូច ឪពុកម្តាយរបស់នាងមានភាពក្រីក្រនិងលំបាកជាខ្លាំង។ ត្បិតគ្មានជម្រើសទើប IU ត្រូវបង្ខំចិត្តទៅរស់នៅផ្ទះរបស់សាច់ញាតិ។
ទោះត្រូវចេញធ្វើការទាំងខ្លួននៅក្មេងក្តី តែនាងស្រីតូចច្រម៉ក់រូបនេះ តែងចិញ្ចឹមចិត្តមានក្តីសុបិន្ត ចង់ធ្វើជាតារាដ៏ល្បីម្នាក់ ប៉ុន្តែត្រូវសាច់ញាតិថា នាងជាមនុស្សស្រមើលស្រមៃជ្រុលហួសហេតុទៅវិញ។ យ៉ាងណា ដោយសារមិនចុះចាញ់នឹងពាក្យសម្តីខ្វះការពិចារណារបស់អ្នកទៃ នាងបានខំប្រឹងកសាងកាំជណ្តើរនៃភាពជោគជ័យរបស់ខ្លួនឯងមិនសំចៃដៃរហូតដល់ចំណុចកំពូលដូចបច្ចុប្បន្ន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/hangchhengH24