ចាប់ផ្ដើមធ្វើពីឥឡូវ! គ្រួសារមានចំណូលទាប ចង់សន្សំលុយ ធ្វើរឿង៤នេះជាបន្ទាន់ បើចង់សល់លុយ
Toeuy HongJUNE 21 2024874 views

ជាការពិតណាស់ មនុស្សមួយចំនួនតែងតែមានលេសដែលរារាំងពួកគេពីការសន្សំប្រាក់ ជាពិសេសអ្នកដែលមានចំណូលទាបតែម្ដង។ ពួកគេតែងតែនិយាយថា” លុយចាយមិនគ្រប់ផង តើមានលុយពីណាសម្រាប់ទុកសន្សំ”។ 

ទាក់ទងនឹងការសន្សំនេះ ខាងក្រោមនេះជាវិធីសាស្ត្រងាយៗចំនួន៤ សម្រាប់មេគ្រួសារដែលមានចំណូលទាប គួរអនុវត្តដើម្បីសល់ប្រាក់ខ្លះ សម្រាប់សន្សំដូចខាងក្រោម៖

 

១-ស្វែងយល់អំពីប្រភពចំណូលឲ្យបានច្បាស់លាស់៖ មេគ្រួសារត្រូវសិក្សា និងកំណត់ពីប្រភពប្រាក់ចំណូល និងចំណាយប្រចាំថ្ងៃ ឬប្រចាំខែឲ្យបានច្បាស់ ដើម្បីគណនារកឃើញប្រាក់ដែលនៅសល់ពីទូទាត់ចំណូល និងចំណាយ។ ប្រសិនបើ ការគណនាឃើញថា ចំណាយស្មើ ឬលើសចំណូល នោះបានន័យថាផែ្នកហិរញ្ញវត្ថុមានបញ្ហាហើយ។ បើចំណូលតិចជាងចំណាយ មេគ្រួសារត្រូវកាត់ចំណាយ ដែលមិនចាំបាច់ចោលធ្វើយ៉ាងណាឲ្យនៅសល់ប្រាក់ សន្សំប្រចាំថ្ងៃ ឬ ប្រចាំខែ។

 

២-មានគោលបំណងច្បាស់លាស់ក្នុងការសន្សំប្រាក់៖ មេគ្រួសារត្រូវកំណត់ និងពិភាក្សាពីព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិត ដើម្បីរៀបចំផែនការវិនិយោគសម្រាប់ គ្រួសារ ដូចជាផែនការសន្សំសម្រាប់ការសិក្សារបស់កូនៗ ការចូលនិវត្តន៍ និងការដើរកម្សាន្តនៅបរទេសជាដើម។ លោកបានបញ្ជាក់ថា មេគ្រួសារគួរ តែចាប់ផ្តើមសន្សំសម្រាប់គោលបំណងអ្វីមួយជាក់លាក់ មិនមែនសន្សំសម្រាប់តែប្រាក់នោះទេ (Saving for goal, Not saving for money)


៣-យកប្រាក់សន្សំទៅវិនិយោគបន្ថែម៖ បន្ទាប់ពីបានកំណត់ផែនការវិនិយោគ គ្រួសារ ដូចបានចែងនៅក្នុងចំនុចទី២ សម្រាប់ពេលអនាគតហើយនោះ មេគ្រួសារទាំងពីរត្រូវក្រឡេកមើលចំនុចទី១ ថាតើចំណូលសល់ពីចំណាយ របស់អ្នក ត្រូវរៀបចំបែងចែកយ៉ាងណាឲ្យ សមស្របនឹងព្រឹត្តិការណ៍ទំាងនោះ។ នេះជាជំហានសំខាន់សម្រាប់ការគ្រប់គ្រងសេរីភាពហិរញ្ញវត្ថុនៅក្នុងគ្រួសារ ដែលអ្នកទាំងពីរ (ប្តី និងប្រពន្ធ) ត្រូវពិភាក្សាគ្នាលើការទទួលខុសត្រូវក្នុង ការវិនិយោគលើព្រឹត្តិការណ៍នីមួយៗ ដែលបានកំណត់ទៅតាមលទ្ធភាព នៃចំណូលរបស់ខ្លួន។


៤-ជ្រើសរើសយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជឿទុកចិត្ត និងមានអជ្ញាប័ណ្ណ៖ ចុងក្រោយ អ្នកទាំងពីរ (ប្តី និងប្រពន្ធ) ត្រូវពិភាក្សាគ្នាស្វែងរកវិធីសាស្ត្រសន្សំ ដើម្បីបំពេញគោលបំណងខាងលើនេះ។ អ្នកគួរជ្រើសរើសវីធីសាស្ត្រសន្សំ ដែលមានសុវត្ថិភាព ទទួលបានអត្រាការប្រាក់ខ្ពស់ មានភាពបទបែន តាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារប្រសើជាងការសន្សំបែប បុរាណផងដែរ។

គ្រួសារទំាងអស់គួរផ្លាស់ប្តូរផ្នត់គំនិត ដែលថាលុយតិចមិនអាចសន្សំបាន ហើយជំនួសវិញដោយរៀបចំផែនការសន្សំ ឲ្យបានច្បាស់លាស់។ លើសពីនេះទៀត អ្នកគួរតែចាប់ផ្តើមធ្វើផែនការហិរញ្ញវត្ថុ សម្រាប់គ្រួសារចាប់ពីថ្ងៃនេះតទៅ ដើម្បីសុភមង្គលក្នុងគ្រួសារអ្នក៕”

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia