ទម្លាប់៥យ៉ាង អាចជួយសម្រាលអារម្មណ៍ឱ្យរីករាយ ទោះកំពុងរកស៊ីមិនសូវឡើង លក់ដូរមិនសូវដាច់
Ping Chou EngSEPTEMBER 20 20231.4 K views

 

ក្នុងស្ថានភាពនាពេលបច្ចុប្បន្ន នៅលើបណ្តេញសង្គមយើងឃើញថាមនុស្សមួយចំនួនរអ៊ូរឿងលក់ដូរមិនសូវដាច់ រកមិនសូវបាន។ ហេតុនេះកត្តាទាំងនោះអាចធ្វើឱ្យ អារម្មណ៍មនុស្សស្មុគស្មាញ ធុញថប់តប់ប្រមល់ ដូច្នេះខាងក្រោមនេះជាទម្លាប់ដែល អាចជួយសម្រួលអារម្មណ៍អ្នកឱ្យបានធូរស្បើយខ្លះ៖

 

១. អាប់ឌែត Version ខួរក្បាល

 

ទូរស័ព្ទឡើងស៊េរីគ្រប់សម័យកាល អាប់ឌែតជាច្រើនជំនាន់ បើអាប់ឌែតមិនទាន់ដើរទក់ៗ ចុចអត់ទៅមុខទៀត ដូច្នេះចូរអាប់ឌែតខួរក្បាលរបស់អ្នកឱ្យដូចជាទូរស័ព្ទដែរ។ ការអាប់ឌែតខួរក្បាលតាមរយៈការអានសៀវភៅ ស្តាប់គំនិតថ្មីៗ រៀនអំពីទស្សនៈវិជ្ជា ទស្សនៈវិស័យមេដឹកនាំពូកែៗក្នុងលោកជាដើម។ ការអនុវត្តដូចនេះនឹងធ្វើឱ្យអ្នកទទួលបានគំនិតថ្មី ច្នៃប្រឌិតនិងមានកម្លាំងចិត្តក្នុងការរស់នៅ។

 

២. ប្រើពេល១ម៉ោង ធ្វើអ្វីដែលចូលចិត្ត

 

ក្នុងមួយថ្ងៃៗម​នុស្សម្នាក់ៗមានតួនាទីនិងបន្ទុកច្រើនផ្សេងៗពីគ្នា បន្ទុកខ្លះជាអ្វីដែលយើងស្រឡាញ់ បន្ទុកខ្លះអាចធ្វើឱ្យយើងហត់នឿយ។ ដូច្នេះហើយក្រៅពីការងារស្នូល ជាទំនួលខុសត្រូវពេញមួយថ្ងៃ យើងអាចប្រើពេល១ម៉ោងក្នុងមួយថ្ងៃធ្វើអ្វីដែលយើងចូលចិត្ត ដូចជាការចេញទៅរត់ហាត់ប្រាណ ដើរលេងតាមសួននៅជាមួយធម្មជាតិ អានសៀវភៅ ជួបជុំមិត្តភក្តិ​ឬដើរទិញឥវ៉ាន់ធ្វើម្ហូបជាដើម។​

 

៣. ភ្ញាក់ពីគេងកុំចុចទូរស័ព្ទភ្លាមៗ

 

ទម្លាប់មនុស្សជាច្រើន ភ្ញាក់ពីគេងភ្លាមទាញទូរស័ព្ទភ្លែត អូស១០ទៅ២០នាទី ឆែកនេះឆែកនោះជាដើម ការធ្វើដូចនេះអ្នកជំនាញជាច្រើនបានលើកឡើងថាវាធ្វើឱ្យខាតពេលវេលាល្អ ព្រោះនៅពេលព្រឹកជាពេលដែលយើងត្រូវផ្តោតគិតទៅលើរឿងសំខាន់ៗអ្វីខ្លះដែលយើងត្រូវធ្វើ។

 

ប៉ុន្តែនេះមេធំហ្វេកប៊ុក លោក Mark Zukerberg ដែលជាមនុស្សកំពូលរវល់ ធ្លាប់បានប្រាប់ទៅកាសែត Business Insider ថាពីមុនលោកមានទម្លាប់ភ្ញាក់ពីគេង ហើយឆែកទូរស័ព្ទមើលអ៊ីម៉ែលភ្លាម តែយូរៗទៅវាធ្វើឱ្យលោកមានភាពតប់ប្រមល់ និងបញ្ហាត្រូវដោះស្រាយច្រើននៅពេលព្រឹកព្រលឹមទាំងមិនទាន់ងើបពីគ្រែដេក។

 

ជំនួសឱ្យការធ្វើដូចនេះ​លោកក៏ប្តូរទម្លាប់មកជារត់ហាត់ប្រាណតិចៗនៅពេលព្រឹកវិញ​ មុនលោកចាប់កាន់ទូរស័ព្ទ ដែលជាហេតុធ្វើឱ្យលោកធ្វើការទាំងរីករាយនិងមានផលិតភាពជាងមុន។

 

៤. បង្រៀនខ្លួនឯងនូវជំនាញថ្មី១

 

ការរៀនដោយខ្លួនឯងនូវជំនាញថ្មី១​​ ជាការអភិវឌ្ឍន៍សមត្ថភាពដែលមនុស្សគ្រប់គ្នាគួរតែមាន ដើម្បីជាការអាប់ឌែតខ្លួនឯង ឬអាជីវកម្មមិនឱ្យនៅទ្រឹងមួយកន្លែង ដូចជាជំនាញរៀននិយាយជាសាធារណៈ ជំនាញធ្វើបទបង្ហាញ ឬជំនាញដឹកនាំជាដើម។

 

៥. សរសេរផែនការអនាគត

 

នៅពេលដែលអ្នកមានអារម្មណ៍ហត់នឿយ ចូរអង្គុយចុះម្នាក់ឯង១៥-៣០នាទី ហើយគិតអ្វីដែលខ្លួនឯងត្រូវការបំផុត សរសេរចុះនូវអ្វីដែលអ្នកចង់សម្រេចវាហើយ និងបង្កើតកម្លាំងចិត្តឱ្យខ្លួនឯងដើម្បីបញ្ចេញសកម្មភាព ដើរទៅរកគោលដៅឱ្យបានជាប់លាប់ជារៀងរាល់ថ្ងៃ ទើបជីវិតមិនសូវស្មុគស្មាញ និងមានគោលដៅ។

 

ជាការពិតទម្លាប់និងរបៀបរស់នៅប្រចាំថ្ងៃបានជះឥទ្ធិពលជាខ្លាំងដល់ការគិត សកម្មភាព ក្នុងជីវិតប្រចាំថ្ងៃរបស់យើង បើយើងគ្រប់គ្រងបញ្ហាមិនបានត្រឹមត្រូវនោះទេ បញ្ហានឹងគ្រប់គ្រងយើងវិញជាមិនខាន៕

 

អត្ថបទដោយ៖ ពីង ជូអេង  

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia