វិន័យនាំឱ្យជោគជ័យទាំង៥ ស្ថាបនិកក្រុមហ៊ុនឡាន Ford តែងប្រកាន់យក នាំឱ្យជំនួញរស់ត២ជំនាន់
ឡុង វឌ្ឍនៈDECEMBER 6 2022598 views

Henry Ford ត្រូវបានគេចាត់ទុកថាជាសហគ្រិនមួយរូប ដែលមានចក្ខុវិស័យវែងឆ្ងាយ ជឿជាក់លើអ្វីដែលខ្លួនគិត និងតស៊ូមិនបោះបង់អ្វីមួយចោលងាយៗនោះទេ។ លោកបានក្លាយជាបុគ្គលដ៏សំខាន់មួយក្នុងការចូលរួមធ្វើបដិវត្តន៍ឧស្សាហកម្មនៅក្នុងសហរដ្ឋអាមេរិក។ លោកជាមនុស្សម្នាក់ដែលមានភាពច្នៃប្រឌិត និងការស្រមើស្រមៃខ្ពស់រហូតទទួលបានប័ណ្ណប៉ាតង់ចំនួន ១៦១ ឯនោះ ចំពោះរបកគំហើញថ្មីៗ ដែលគាត់បានរកឃើញ កសាងឡើង។

ថ្ងៃនេះដែរ Business Cambodia សូមធ្វើការលើកយកនូវវិន័យផ្ទាល់ខ្លួនរបស់លោកចំនួន ៥ដែល Henry Ford ប្រកាន់យ៉ាងខ្ជាប់ខ្ជួនរហូតបង្កើតភាពលេចធ្លោក្នុងវិស័យជំនួញរថយន្តទូទាំងពិភពលោក៖

១. ធ្វើជំនួញដើម្បីជួយបម្រើអ្នកដទៃ៖ លោកមានគោលការណ៍ផ្ទាល់ខ្លួនគឺធ្វើជំនួញមិនមែនដើម្បីតែប្រាក់ចំណេញនោះទេ ប៉ុន្តែត្រូវធ្វើការដើម្បីបម្រើសេវាកម្ម ឬផ្ដល់ជូនផលិតផលដើម្បីជួយបម្រើដល់អតិថិជន និងជួយដោះស្រាយបញ្ហារបស់ពួកគេ។ ​លោកបាននិយាយថា ​អាជីវកម្មដែលធ្វើដើម្បីតែប្រាក់ចំណេញតែមួយមុខ វាជាការធ្វើអាជីវកម្មដ៏គួរឱ្យអាម៉ាស។ អាថ៌កំបាំងនៃភាពជោគជ័យស្ថិតនៅក្នុងការបម្រើ និងជួយអ្នកដទៃ! នៅពេលដែលអ្នកជួយមនុស្សកាន់តែច្រើន អ្នកក៏នឹងទទួលបានជោគជ័យកាន់តែច្រើន។

២. ផ្ដោតឱ្យខ្លាំង៖ ការផ្ដោតទៅលើកិច្ចការតែមួយដែលខ្លួនកំពុងធ្វើ បានជួយដល់ភាពជោគជ័យរបស់បុគ្គលឆ្នើមៗជាច្រើន។ អ្នកអាចនឹងមិនដឹងពីសក្តានុពលរបស់អ្នកទាំងស្រុងទេ ពីព្រោះអ្នកមិនដែលផ្តោតការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់លើកិច្ចការតែមួយទេ។ នៅពេលដែលអ្នកផ្ដោត រឿងដែលមិនអាចទៅរួចក៏អាចប្រែជារឿងងាយស្រួលអាចទៅរួច។ ដូច្នេះផ្ដោតឱ្យខ្លាំង អ្នកនឹងអាចធ្វើកិច្ចការងារផ្សេងៗសម្រេចបានច្រើនជាងអ្វីដែលអ្នកគិតទៅទៀត។

៣. បង្កើតផលិតភាពការងារឱ្យខ្ពស់៖ យើងទាំងអស់គ្នាសុទ្ធតែមានពេលវេលា ២៤ម៉ោងក្នុងមួយថ្ងៃដូចគ្នា ចុះហេតុអ្វីបានជាមនុស្សមួយចំនួនទទួលបាននូវភាពជោគជ័យ រីឯអ្នកខ្លះវិញបរាជ័យ? មូលហេតុគឺដោយសារតែពួកគេគ្រប់គ្រងនិងប្រើប្រាស់ពេលវេលា២៤ម៉ោងរបស់គេបានល្អបំផុត រីឯអ្នកខ្លះទៀតបានខ្ជះខ្ជាយនិងបណ្ដែតបណ្ដោយខ្លួនទៅតាមពេលវេលា។ បើអ្នកបរាជ័យ អ្នកនឹងបរាជ័យព្រោះតែអ្នកខកខានមិនបានប្រើប្រាស់ពេលវេលារបស់អ្នកឱ្យបានល្អបំផុត។ បើអ្នកជោគជ័យ អ្នកនឹងជោគជ័យក្នុងការធ្វើជាម្ចាស់គ្រប់គ្រងពេលវេលារបស់អ្នក! តើឥលូវនេះអ្នកធ្វើជាម្ចាស់នៃពេលវេលារបស់អ្នកហើយឬនៅ?

៤. ត្រៀមខ្លួនដោះស្រាយបញ្ហា៖ ជាទូទៅមនុស្សភាគច្រើនចំណាយពេល និងថាមពលជាច្រើនរបស់ពួកគេ ព្រួយបារម្ភអំពីបញ្ហា ជាជាងយកពេលវេលាទាំងនេះទៅរកដំណោះស្រាយ និងព្យាយាមដោះស្រាយបញ្ហានោះ។ អ្នកនឹងទទួលបានរង្វាន់ផ្សេងៗត្រឡប់មកវិញ បើសិនជាអ្នកបានជួយដោះស្រាយបញ្ហាសម្រាប់មនុស្សផ្សេងទៀត។ប្រសិនបើអ្នកអាចដោះស្រាយបញ្ហាកាន់តែធំ អ្នកក៏នឹងទទួលបានរង្វាន់កាន់តែធំផងដែរ។

៥. ត្រូវសម្លឹងលើរង្វាន់ជាជាងឧបសគ្គ៖ ហេតុអ្វីបានជាយើងចាំបាច់ត្រូវធ្វើបែបនេះ? លោកបាននិយាយថា ឧបសគ្គគឺជារឿងគួរឱ្យភ័យខ្លាច ហើយអ្នកអាចមើលឃើញវានៅពេលដែលអ្នកយកកែវភ្នែកងាកចេញពីគោលដៅ ឈប់សម្លឹងលើគោលដៅ (រង្វាន់)។ ក្នុងន័យនេះគឺលោកចង់មានន័យថា យើងត្រូវផ្ដោតទៅលើគោលដៅជានិច្ច។ កុំភ្លេចពីគោលដៅរបស់ខ្លួន ហើយសូមកុំយកអារម្មណ៍ផ្ដោតទៅលើបញ្ហាឱ្យសោះ។

តាមរយៈវិន័យផ្ទាល់ខ្លួនទាំង ៥នេះ បានជួយដល់ការកសាងនូវក្ដីស្រមៃរបស់លោកឱ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់រហូតអាចបង្កើតនូវអាណាចក្រអាជីវកម្មរថយន្តល្បីល្បាញពាសពេញពិភពលោកឯនោះ។ ដូច្នេះយើងក៏អាចយកនូវវិន័យរបស់លោកទៅអនុវត្តន៍ផងដែរ ដើម្បីអាចបង្កើតនូវភាពជោគជ័យតាមបែបរបស់យើងម្នាក់ៗរៀងៗខ្លួន៕  

តាមដានគំនិតល្អៗ ប្រចាំថ្ងៃជាច្រើននៅក្រុមចែករំលែកពិសេស ដោយឥតគិតថ្លៃ https://t.me/LongVathanak777 

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia