គ្រួសារក៏ក្រ រៀនក៏មិនចប់ តែ Adani អាចក្លាយជាមហាសេដ្ឋីលំដាប់ទី២លើលោក ត្រៀមផ្តួល Elon Musk
Kan DaraOCTOBER 11 20222.9 K views

ត្រឹមរយៈពេល២សប្តាហ៍ចុងក្រោយ លោក Gautam Adani បានក្លាយជាមហាសេដ្ឋីទី២ នៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៥៥.៥ពាន់លានដុល្លារ និងត្រៀមជើងប្រៀបធាក់ទម្លាក់លោក Elon Musk ចេញពីតំណែងអ្នកមានបំផុតលេខមួយថែមទៀតផង។ នេះបើយោងតាមសន្ទស្សន៍ចាប់ចំណាប់ថ្នាក់មហាសេដ្ឋីរបស់ Bloomberg ដែលបានធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃគិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

យ៉ាងណាមិញបើយើងទាញពេលវេលាថយក្រោយនិម្មិតទៅកាន់ប៉ុន្មានទសវត្សរ៍មុនឆ្លុះមើលសាវតាររបស់មហាសេដ្ឋីមានបំផុតលើទឹកដីតំបន់អាស៊ីនេះវិញ លោក Gautam Adani បានចាប់កំណើតក្នុងឆ្នាំ១៩៦២ នៃត្រកូលគ្រួសារក្រីក្រមួយនាទីក្រុង Ahmedabad ប្រទេសឥណ្ឌា ដែលមានជីវភាពខ្សត់ខ្សោយរកព្រឹកខ្វះល្ងាច ប្រឹងធ្វើការខ្លាំងយកលុយប្តូរដុំបាយត្រឹមមួយចម្អែតក្រពះ និងពុំមានឱកាសរៀនសូត្រចប់ចុងចប់ដើមដូចគេឡើយ ដោយរៀនបរិញ្ញាបត្រផ្នែកពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Gujarat ត្រឹមឆ្នាំទី២ប៉ុណ្ណោះ ក៏បានបោះបង់ការសិក្សាពាក់កណ្តាលទី។

ឈប់រៀនភ្លាម យុវជនមានចរិតចាស់ទុំ Adani បានចូលធ្វើការក្នុងហាងពេជ្រមួយនៅក្រុមហ៊ុន Mahindra Brothers។ បន្ទាប់ពីធ្វើការអស់រយៈពេលពីរឆ្នាំ សល់បទពិសោធន៍ សល់លុយខ្លះ ស្គាល់គេស្គាល់ឯងគ្រាន់បើហើយ Adani បែកគំនិតចង់បង្កើតក្រុមហ៊ុនអាជីវកម្មឈ្មួញពេជ្រមួយនៅក្នុងទីក្រុង Mumbai ក្នុងប្រទេសឥណ្ឌា។ ជួនអី្វគ្រានោះ លោក Mahasukh Adani ដែលជាបងប្រុសបង្កើតរបស់លោកបានហៅលោកត្រលប់ទៅ Ahmedabad ដើម្បីរួមគ្នាបើករោងចក្រផលិតផ្លាស្ទិច។ មិនយូរប៉ុន្មាន Adani បានចាប់ផ្តើមជួញដូរទំនិញដោយបាននាំចូល polyvinyl chloride ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតប្លាស្ទិច។

ក្នុងឆ្នាំ១៩៨៨ បុរសចំណាប់ខាងកិច្ចការរកស៊ីរូបនេះ បានចាប់ផ្តើមបង្កើតក្រុមហ៊ុនសហគ្រាសផ្ទាល់ខ្លួនមួយឈ្មោះថា Adani Limited ដែលពីមុនត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន Adani Export Ltd ជាក្រុមហ៊ុនឈានមុខគេរបស់ Adani Group ដែលធ្វើជំនួញលើថាមពល និងទំនិញកសិកម្មជាច្រើនប្រភេទ។ គោលនយោបាយសេរីរបស់ភាវូបនីយកម្មសេដ្ឋកិច្ចនៅឆ្នាំ១៩៩១ ជាឱកាសមាសពេជ្រមួយបានជំរុញកំណើនអាជីវកម្មយ៉ាងឆាប់រហ័សដែលធ្វើឲ្យមានការកើនទ្បើងនូវប្រាក់ចំណេញដ៏ច្រើននៃការនាំចេញរបស់ក្រុមហ៊ុន Adani ដែលបានផ្តល់ដើមទុនបន្ថែមដល់លោកដើម្បីពង្រីកអាជីវកម្ម។

ក្នុងឆ្នាំ២០០៦ ការនាំចេញរបស់ក្រុមហ៊ុន Adani ត្រូវបានប្តូរឈ្មោះទៅជាក្រុមហ៊ុនសហគ្រាស Adani Limited។ នៅឆ្នាំ១៩៩៣ រដ្ឋាភិបាល Gujarat បានអញ្ជើញក្រុមហ៊ុនឯកជនឱ្យដំណើរការកំពង់ផែ Mundra ហើយនៅឆ្នាំ១៩៩៥ កិច្ចសន្យានេះត្រូវបានប្រគល់ឱ្យក្រុមហ៊ុន Adani Group ជាអ្នកគ្រប់គ្រង។ សព្វថ្ងៃកំពង់ផែ Mundra គឺជាកំពង់ផែវិស័យឯកជនដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសឥណ្ឌាដែលមានសមត្ថភាពដឹកទំនិញបានជិត ២១០ លានតោនក្នុងមួយឆ្នាំ។ លោក Adani ក៏ជាស្ថាបនិកនៃក្រុមហ៊ុន  Adani Power Ltd (APL) ដែលជាក្រុមហ៊ុនអាជីវកម្មផលិតថាមពល។ ក្រុមហ៊ុន Adani Power មានរោងចក្រផលិតថាមពលកំដៅដែលមានកម្លាំង ៤៦២០ មេហ្គាវ៉ាត់ដែលជាក្រុមហ៊ុនផលិតថាមពលកំដៅឯកជនដ៏ធំជាងគេបង្អស់របស់ប្រទេសឥណ្ឌា។

គួរជម្រាបផងដែរថា បច្ចុប្បន្នតារាជំនួញចាស់វស្សាវ័យ៦០ឆ្នាំមានឈាមជ័រជាជនជាតិអាស៊ី លោក Gautam Adani បានផ្តួលស្តេចត្រាញ់ e-commerce លោក Jeff Bezos ធ្លាក់ឈ្មោះមកនៅលំដាប់លេខរៀងទី៣ ឯខ្លួនផ្លាស់មកឈរឈ្មោះលើលេខរៀងទី២ ក្នុងបញ្ជីមហាសេដ្ឋីមានបំផុតលើលោកវិញម្តង និងគ្រោងលួចវាយឆ្មក់លោក Elon Musk ដណ្តើមយកកៅអីលេខមួយនាពេលខាងមុខថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNN Business៕

ខ្វះគំនិតរកស៊ី​ ចង់បានសៀវភៅចែកជូនហ្វ្រី ចង់ជួបវាគ្មិនដែលជាសហគ្រិនល្បីៗ សូមកុំភ្លេចមកចូលរួមពិព័រណ៍​ Startup Expo 2022 សូមចូលក្នុងគ្រុបនេះ https://t.me/startupexpo2022​ 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia