កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុន RMA (Cambodia) បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្តហ្វដ និងជាក្រុមហ៊ុនដំបូងគេបង្អស់ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិទៅលើលេខតួរថយន្តដែលបានផលិតនៅប្រទេសកម្ពុជា (Made-In-Cambodia)។
ដោយពិធីសម្ពោធនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី លោកជំទាវ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មកពីបណ្តាក្រសួងស្ថាប័នរដ្ឋ អង្គទូត សភាពាណិជ្ជកម្ម ក្រុមហ៊ុនវិស័យឯកជន សមាជិកសារព័ត៌មាន បងប្អូនកម្មករនិយោជក និងប្រជាពលរដ្ឋនៅក្នុងតំបន់ សរុបជាង ១២៥០នាក់។
រោងចក្រផលិតរថយន្ដ Ford នេះគឺមានទីតាំងស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រោងចក្រផលិតរថយន្តនេះត្រូវបានដំណើរការដំបូងក្នុងឆ្នាំ ២០២២ នៅលើផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ជាមួយនឹងទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់កម្រិត Complete Knock-Down (CKD) ។
ប៉ុន្ដែថ្មីៗនេះ ក្រុមហ៊ុន RMA (Cambodia) បានបន្ថែមទុនវិនិយោគរហូតដល់ ២៦.៨ លានដុល្លារសហរដ្ឋអាមេរិក និងធ្វើទំនើបកម្មលើសង្វាក់ផលិតកម្ម កម្រិត Incomplete Knock-Down (IKD-1) ដោយពង្រីកផ្ទៃដីសរុបរហូតដល់ ១២ ហិកតា មានសមត្ថភាពផលិតរថយន្តប្រមាណជាង ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ និងបានផ្តល់ឱកាសការងារជាង ៥០០ កន្លែង ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងតំបន់។
សូមជម្រាបថា ក្រុមហ៊ុន RMA (Cambodia) បានបណ្តាក់ទុនវិនិយោគទៅលើវិស័យឧស្សាហកម្មដំឡើងរថយន្ត និងឈានទៅដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford ដើម្បីបង្កើនសមត្ថភាពផលិតរថយន្តសម្រាប់ចែកចាយនៅលើទីផ្សារប្រទេសកម្ពុជា ហើយ ក៏ជាក្រុមហ៊ុនដំបូងគេបង្អស់ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិពី សមាគមវិស្វករយានយន្តអន្តរជាតិ (Society of Automotive Engineers) ទៅលើលេខតួរថយន្តដែលបានផលិតនៅប្រទេសកម្ពុជា (Made-In-Cambodia)ផងដែរ៕