ដំណក់ទឹកភ្លៀងបានវាយលុករដ្ឋធានីរបស់ប្រទេសចិនយ៉ាងដំណំ បន្ទាប់ពីរងឥទ្ធិពលព្យុះទីហ្វុង Doksuri នៅចុងខែកក្កដា ដោយបណ្តាលឲ្យមានទឹកជំនន់ជន់ឡើងខ្ពស់ រថយន្តអណ្តែតតាមផ្លូវ និងមនុស្សរាប់សិបនាក់បានបាត់បង់ជីវិត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP News ចុះនាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។
ការិយាល័យឧតុនិយមក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃពុធថា ទីក្រុងនេះបានកត់ត្រាភ្លៀងក្នុងកម្រិត ៧៤៤.៨ មីលីម៉ែត្រ (២៩.៣ អ៊ីង) នៅចន្លោះថ្ងៃសៅរ៍ និងថ្ងៃពុធ។ ទីក្រុងប៉េកាំង និងខេត្តជុំវិញនៃតំបន់ Hebei ត្រូវរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរឡើងដល់កម្រិតគ្រោះថ្នាក់ ដោយសារមានភ្លៀងធ្លាក់ខ្លាំង។
ក្នុងនោះភ្លៀងបានបំផ្លាញផ្លូវថ្នល់ កាត់ផ្តាច់ប្រព័ន្ធអគ្គិសនី និងសូម្បីតែបំពង់បង្ហូរទឹកប្រើប្រាស់ត្រូវបានរងការបំផ្លាញខ្ទេចខ្ទី។ ទឹកភ្លៀងបានជន់លិចទន្លេជុំវិញរដ្ឋធានី ធ្វើឱ្យផ្លូវក្លាយជាទន្លេ ខណៈរថយន្តរាប់រយគ្រឿង ត្រូវលិចលង់ហូរតាមទឹក និងក្លាយជាអេតចាយ រីឯអ្នកដំណើរត្រូវឡើងលើស្ពានដើរថ្មើរជើងពុំអាចប្រើយានជំនិះបានឡើយ។
មិនតែប៉ុណ្ណោះ ជំនន់ទឹកភ្លៀងនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ និងនាំឲ្យមានការផ្លាស់ប្តូរទីលំនៅរបស់អ្នកស្រុករាប់សែននាក់ ដែលជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតបានវាយប្រហារប្រទេសចិន មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររយៈពេល១៤០ឆ្នាំមកហើយ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)