គម្រោងវិនិយោគថ្មីៗចំនួន ៥ ដែលមានទុនសរុបប្រមាណ ៤៦ លានដុល្លារ បានបោះទីតាំងនៅក្នុងខេត្ដកណ្ដាល ខេត្ដព្រះសីហនុ និងខេត្ដកំពង់ធំ។ ខណៈគម្រោងទាំងនេះក៏នឹងបង្កើតឱកាសការងារបានប្រមាណ ២ ពាន់កន្លែងជូនជូនរដ្ឋនៅក្នុងតំបន់ផងដែរនៅពេលបើកដំណើរការ។
យោងតាមចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងខាងលើមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៤គម្រោង (ផលិតគ្រឿងសង្ហារិម, ផលិតឧបករណ៍លើកដាក់, ឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំ (ពីលោហៈធាតុ និងប្លាស្ទិក), ផលិតសម្ភារៈប្រើប្រាស់ និងតុបតែងលម្អក្នុងផ្ទះ (ធ្វើពីប្លាស្ទិក និងលោហៈធាតុ), និងផលិតសម្ភារៈកីទ្បា និងវិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង គឺគម្រោងរោងចក្រកែច្នៃដំទ្បូងមី និងផលិតជី។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងខាងលើផងដែរ ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។
សូមជម្រាបជូនថា ក្នុងរយៈពេល៨ខែ នៃ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ៧.២ ពាន់លានដុល្លារ។ អ្វីដែលគួរឲ្យកត់សម្គាល់រាជធានី-ខេត្ដដែលទទួលបានគម្រោងវិនិយោគនេះច្រើនជាងគេរួមមាន៖ ខេត្ដកំពង់ស្ពឺទទួលបាន ១១៧ គម្រោង ខេត្ដស្វាយរៀង ១១៣ គម្រោង រាជធានីភ្នំពេញ ៥៤ គម្រោង ខេត្ដតាកែវ ៥១ គម្រោង ខេត្ដកោះកុង ៤៣ គម្រោង ខេត្ដព្រះសីហនុ ៣៨ គម្រោង និងខេត្ដកណ្ដាល ៣៥ គម្រោង៕