បណ្ដាញអ៊ីនធឺណិតនៅទូទាំងប្រទេសកម្ពុជាអាចនឹងមានភាពល្អប្រសើរជាងមុនខាងពេលខាងមុខ ខណៈពេលនេះរាជរដ្ឋបាភិបាលបានកំពុងចាប់ផ្ដើមសាងសង់បណ្ដាយខ្សែកាបអុបទិកក្រោមបាតសមុទ្រប្រវែងជិត ៣ កីឡូម៉ែត្រពីហុងកុងមកកាន់ក្រុងព្រះសីហនុ និងបន្ដមករាជធានីភ្នំពេញ។
យោងតាមការចុះផ្សាយពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំចាប់ផ្តើមគម្រោង (Kick-off Meeting) ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុងហុងកុង-ក្រុងព្រះសីហនុ និងខ្សែកាបបន្តពីក្រុងព្រះសីហនុ មករាជធានីភ្នំពេញនេះដែរ។
តាមការបញ្ជាក់ពីក្រសួងប្រៃសណីយ៍ គម្រោងតបណ្តាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រពី ក្រុងហុងកុងមកកាន់ក្រុងព្រះសីហនុ នេះមានប្រវែងសរុប ២ ៧១៥គីឡូម៉ែត្រ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៤។ អ្វីដែលពិសេសគឺបណ្តាញនេះ នឹងបង្កើនសមត្ថភាពខ្ពស់ក្នុងការផ្គត់ផ្គង់អ៊ីនធឺណិតល្បឿនលឿន និងកាន់តែទូលំទូលាយនៅទូទាំងប្រទេស៕
អត្ថបទ៖ កឹម ប៊ុនធឿន