ថ្មីៗនេះ យោងតាមការចុះផ្សាយដោយសារព័ត៌មាន The Nation Thailand បានឱ្យដឹងថា គូប្រជែងដ៏ធំ១របស់ម៉ាត 7-Eleven គឺយីហោ Family Mart បានប្រកាសចាកចេញពីទីផ្សារប្រទេសថៃហើយ ខណៈដែលម៉ាតដ៏ល្បី១នេះ បានបើកដំណើរការជាង ៣០ឆ្នាំ នឹងមានសាខាសរុបជាង ២០០ ទីតាំងហើយ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ហាងប្រហែលជាង ២០០ របស់ Family Mart ដែលកំពុងតែបើកដំណើរការនៅប្រទេសអាស៊ីអាគ្នេយ៍នឹងត្រូវប្តូរទៅជាងម៉ាកយីហោថ្មីមួយឈ្មោះថា Tops Daily ដែលជាខ្សែរសង្វាក់គ្រប់គ្រងដោយក្រុមហ៊ុន Central Group នៅចុងឆ្នាំនេះ ។
ទន្ទឹមនឹងនោះដែរ Family Mart បានចូលទៅប្រទេសថៃជាលើកដំបូងតាំងពីឆ្នាំ ១៩៩២ មកម្លេះប៉ុន្តែមួយរយៈចុងក្រោយនេះម៉ាតដ៏ល្បីនេះសង្កេតឃើញថាប្រាក់ចំណេញបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារនៅប្រទេសថៃគឺត្រូវបានគ្របដណ្តប់ដោយម៉ាត 7-Eleven ហើយ។
លើសពីនេះទៅទៀត Family Mart នៅប្រទេសថៃ បានរាយការណ៍ពីប្រាក់ចំណេញត្រឹមតែឆ្នាំមុនប៉ុណ្ណោះ ក្រោយពីទទួលការខាតបង់រហូតដល់ទៅ ៤ឆ្នាំជាប់ៗគ្នា ខណៈដែលនៅឆ្នាំ ២០១៨ ខាតអស់ ១០០លានដុល្លារ ចំណែកឆ្នាំ២០១៩ ខាតអស់ ៥០០លានដុល្លារ នឹងឆ្នាំ ២០២០ ខាតអស់ ៨០០លានដុល្លារ ហើយឆ្នាំចុងក្រោយគេបង្អស់គឺ ២០២១ ខាតរហូតដល់ទៅជាង ២ពាន់លានដុល្លារឯណោះ។
លោក Maytinee Phisutsinthop ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន Central Food Retail Co Ltd បាននិយាយថា ការប្តូរឈ្មោះរបស់ Family Mart ទៅជា Tops Daily គឺដើម្បីឆ្លើយតបទៅនឹងនិន្នាការបច្ចុប្បន្នដែលយើងនឹងធ្វើឱ្យមានភាពងាយស្រួលជាងមុនដោយជំនួសមកវិញដោយមានការផ្តល់ជូននូវចំណតរថយន្ត និងកន្លែងទទួលទានអាហារព្រមទាំងមានសេវាកម្មជាច្រើនទៀតដែលផ្តល់ទៅឱ្យអតិថិជនផងដែរ។
ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន Central Food Retail បាននិយាយបន្តថា ហាងលក់រាយតូចៗត្រូវតែចេះអភិវឌ្ឍន៍នៅម៉ូដែលថ្មីៗឱ្យបានឆាប់រហ័សបំផុត ដើម្បីបំពេញតម្រូវការអតិថិជន និងត្រូវចេះណែនាំសេវាកម្មដែលមាននៅក្នុងហាងឱ្យកាន់តែមានភាពទូលំទូលាយជាងមុន ដើម្បីធ្វើឱ្យអតិថិជនមានអារម្មណ៍ថាចូលម៉ាតតូចៗតែមានអារម្មណ៍ស្រដៀងនឹងចូលហាងធំដែរ។
អ្នកជំនាញផ្នែកលក់រាយម្នាក់នៅប្រទេសថៃ ក៏បានបញ្ជាក់ ថាការសម្រេចចិត្តរបស់ក្រុមហ៊ុន Central Retail ក្នុងការប្តូរម៉ាកយីហោ "Family Mart" ជា "Tops Daily" នឹងធ្វើ ឱ្យម៉ាកយីហោ Tops Daily នៅតែរឹងមាំនៅក្នុងទីផ្សារ និងមានលទ្ធភាពទាក់ទាញអតិថិជនបានកាន់តែច្រើនផងដែរ៕
អត្ថបទ៖ ធី ស្រីល័ក្ខ