ការរកស៊ីមិនខុសពីដំណើរជីវិតរស់នៅប្រចាំថ្ងៃ បើយើងរៀបចំគម្រោងបានល្អជីវិតក៏នឹងដើរទៅបានយ៉ាងរលូន មិនងាយជួបបញ្ហា ចំណែកឯការរកស៊ីក៏មិនខុសគ្នាដែរ ប្រសិនបើម្ចាស់អាជីវកម្មមានផែនការអាជីវកម្ម ការគ្រប់គ្រងចាត់ចែងបានល្អ នោះអាជីវកម្មក៏នឹងរីកធំធាត់ទៅមុខ។ ប៉ុន្តែផ្ទុយទៅវិញ បើម្ចាស់អាជីវកម្មអាងខ្លួនរកស៊ីរឹងមាំ ហើយលែងសូវយកចិត្តទុកដាក់លើចំណុចទាំង៣ ខាងក្រោមនេះ ច្បាស់ណាស់ថារកស៊ីយូរអាចសល់ត្រឹមតែឈ្មោះប៉ុណ្ណោះ ៖
១.ការគ្រប់គ្រងហិរញ្ញវត្ថុ
មិនថាអាជីវកម្មតូចធំប៉ុនណានោះទេ ចំណុចស្លាប់រស់របស់អាជីវកម្មទាំងអស់គឺ ហិរញ្ញវត្ថុ ។ ហើយស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចដ៏តានតឹងនេះ ម្ចាស់អាជីវកម្មចាំបាច់រឹតតែត្រូវចាយដោយប្រុងប្រយ័ត្នបំផុត ធ្វើយ៉ាងណាត្រូវស្វែងរកចំណូលឱ្យបានច្រើនជាងចំណាយ ហើយរាល់ការចំណាយណាមួយដែលមិនសូវចាំបាច់បើអាចកាត់បានគួរតែកាត់ ព្រោះថារាល់ការចំណាយតូចដែលយើងមិនបានចាប់អារម្មណ៍អាចក្លាយជាបញ្ហាធំបាន ខណៈបច្ចុប្បន្នមានអាជីវកម្មជុំវិញពិភពលោកច្រើនណាស់ កំពុងតែមានផែនការបញ្ឈប់បុគ្គលិករបស់ខ្លួន ដើម្បីការកាត់ចំណាយលើសពីចំណូល ហើយក៏មានអាជីវកម្មមិនតិចដែលបានបិទទ្វារ ប្រកាសក្ស័យធនព្រោះតែបញ្ហាហិរញ្ញវត្ថុនេះ។
ហេតុនេះ ប្រសិនបើអ្នកកំពុងតែប្រហែសលើចំណុចនេះគួរតែធ្វើការរៀបចំពិនិត្យមើលឡើងវិញម្តងទៀត ព្យាបាលដំបៅហិរញ្ញវត្ថុក្នុងអាជីវកម្មឱ្យបានទាន់ពេលវេលាមុននឹងបញ្ហាមិនទាន់កើតមាន ព្រោះបើបញ្ហាកើតហើយទើបព្យាបាលវាមិនងាយស្រួលនោះទេ ម្យ៉ាងអាចបង្ករទៅជាបញ្ហាធំនាំឱ្យប៉ះពាល់ដល់ការរកស៊ីទៀតផង។
២.ផែនការអាជីវកម្ម
មានអាជីវកម្មជាច្រើនបានមើលរំលងសារៈសំខាន់នៃការរៀបចំផែនការអាជីវកម្មនេះ ព្រោះក្រោយពីអាជីវកម្មដើរ អ្នករកស៊ីរមែងគិតថាទៅមុខហើយមិនពិបាកតឹងតែងលើការរៀបចំផែនការអ្វីទៀតនោះទេ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើអាងថាដើរហើយមិន រៀបចំគម្រោងបន្តវាជាហានិភ័យមួយសម្រាប់អាជីវកម្ម ព្រោះបើមិនធ្វើផែនការអាជីវកម្ម ស្មើនឹងជិះទូកទៅគ្មានកោះគ្មានត្រើយយ៉ាងដូច្នេះដែរ។ ហេតុនេះបើទោះជាងការរកស៊ីបើកទៅជោគជ័យកម្រិតណាក៏ដោយ ក៏មិនគួរចោលការរៀបចំផែនការបន្តសម្រាប់អាជីវកម្មនោះដែរ ពោលគឺត្រូវរៀបចំជាបន្តថា នឹងត្រូវពង្រីកបែបណា បន្ថែមអ្វីដើម្បីបង្កើនចំណូលបន្ថែម ហើយត្រូវរៀបចំថាចក្ខុវិស័យទៅមុខចង់ឱ្យការរកស៊ីនេះទៅជាបែបណាជាដើម។
ដោយហេតុថា បច្ចុប្បន្នការប្រកួតប្រជែងមានច្រើនតម្រូវឱ្យអ្នករកស៊ីត្រូវការដាក់ផែនការអាជីវកម្មជាប់ជាប្រចាំ ទើបអាចធ្វើការប្រកួតប្រជែងក្នុងទីផ្សារបាន និងជាគន្លឹះជោគជ័យក្នុងរយៈពេលវែងផងដែរ។
៣.ការធ្វើទីផ្សារ
មិនថារកស៊ីកាក់កបយ៉ាងណាក៏ដោយដាច់ខាងកុំចោលការធ្វើទីផ្សារ បើទោះជាមានអតិថិជនចាស់ចាំគាំទ្រយ៉ាងណាក្តី ក៏ត្រូវតែបន្តការធ្វើការផ្សព្វផ្សាយ ធ្វើទីផ្សារជាប្រចាំដែរ ព្រោះអតិថិជនចាស់មិនគ្រប់គ្រាន់សម្រាប់ការរកស៊ីនោះទេ ម្ចាស់អាជីវកម្មត្រូវបន្ថែមការធ្វើទីផ្សារ ផ្សព្វផ្សាយ តាមមធ្យោបាយនានាដែលអាចធ្វើទៅបាន ជាពិសេសការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ដោយការធ្វើវីដេអូ ឬតាមរយៈការធ្វើការផ្សព្វផ្សាយតាមការចូលរួមកម្មវិធីតូចធំនានាដើម្បីឱ្យគេស្គាល់បានកាន់តែច្រើន។
គួរបញ្ជាក់ផងដែរថា អត្ថបទនេះចង់ជួយរំលឹកទៅដល់ម្ចាស់អាជីវកម្ម កុំឱ្យភ្លេចខ្លួនលើចំណុចទាំងបួននេះបើទោះបីជារកស៊ីកាក់កបភ្ញៀវច្រើនយ៉ាងណាក៏ដោយ ក៏គួរបន្តធ្វើ ព្រោះបច្ចុប្បន្នអាជីវកម្មថ្មីៗកើតជាបន្តបន្ទាប់ ដែលមានភាពប្រកួតប្រជែងយ៉ាងខ្លាំង បើហ៊ានតែប្រលែងច្បាស់រកស៊ីចាញ់គេ៕