អាជីវកម្មតូចធំសុទ្ធតែត្រូវប្រើប្រាស់បំណុល មិនថាក្នុងរូបភាពជាកម្ចី ឬជាមូលបត្របំណុលក្តី លុះគ្រាដែលសេដ្ឋកិច្ចធ្លាក់ចុះ បាត់បង់ចំណូល រកលុយសងគេលែងទាន់ បានក្លាយជាហានិភ័យដ៏ធំមួយសម្រាប់អ្នករកស៊ី។ ខាងក្រោមនេះ គឺជារឿងធំ៥ ដែលម្ចាស់អាជីវកម្មប្រញាប់ធ្វើភ្លាម បើចង់ឈប់ស្ត្រេស ហើយសល់លុយ៖
១/. សរុបបំណុលដែលមាន៖ បើដឹងថាខ្លួនមានបំណុល ត្រូវកត់ត្រាបំណុលទាំងអស់នោះចូលក្នុងបញ្ជីឱ្យបានច្បាស់លាស់។ រួចពិនិត្យមើលថាតើបំណុលណាបន្ទាន់ បំណុលណាមិនបន្ទាន់ និងរកវិធីដោះស្រាយវាតាមចំណាត់ថ្នាក់។ បន្ទាប់ពីសរុបរួចហើយ ឆាប់សម្រុកដោះបំណុលណាដែលមានការប្រាក់ខ្ពស់ជាងគេមុន កុំទុកវាយូរ ព្រោះការប្រាក់កាន់តែទុក កាន់តែកើន។
២/. ពិនិត្យលំហូរសាច់ប្រាក់៖ ពិនិត្យរាល់បញ្ចីចំណូលចំណាយ ដើម្បីឱ្យបានដឹងថា តើលុយចេញទៅច្រកណាខ្លះ តើវាមានហៀរចេញទៅច្រកណាដែលមិនសំខាន់ឬទេ? ច្រកចេញនៃលុយក្នុងអាជីវកម្មសំខាន់ៗមានដូចជា ចំណាយលើការផលិត (វត្ថុធាតុដើម ឬទិញពីអ្នកផ្គត់ផ្គង់), ចំណាយលើបុគ្គលិក, ចំណាយប្រតិបត្តិការ ឬចំណាយលើការធ្វើទីផ្សារ និងចំណាយថ្លៃទីតាំងអាជីវកម្មជាដើម។
៣/. កាត់ចំណាយថ្លៃដើម៖ ក្នុងដំណាក់កាលសេដ្ឋកិច្ចមិននឹងនរចំណូលធ្លាក់ចុះ អ្នកត្រូវរកវិធីកាត់ចំណាយថ្លៃដើមនៃផលិតផល។ ក្នុងនាមជាអ្នករកស៊ី ដើម្បីបានផលិតផលមួយត្រូវចំណាយថ្លៃដើមលើកត្តាជាច្រើន ទាំងវត្ថុធាតុដើម កម្លាំងពលកម្ម ថ្លៃទឹក ថ្លៃភ្លើង រួមទាំងថ្លៃដឹកជញ្ជូនជាដើម។ ដូច្នេះដើម្បីកាត់បន្ថយថ្លៃដើម អ្នកត្រូវចាប់ផ្ដើមពីការកាត់បន្ថយខ្ទង់ចំណាយលើកត្តារួមផ្សំទាំងអស់នោះ ដោយការប្រមូលសម្ភារៈមួយចំនួនលក់ ឬប្ដូរទីតាំងការិយាល័យ ទៅជួលនៅកន្លែងណាដែលធូរថ្លៃជាងនេះជាដើម។
៤/. បង្កើនការលក់៖ មុននឹងសម្រុកធ្វើទីផ្សារ ត្រូវពិនិត្យមើលសិនថា តើផលិតផលសព្វថ្ងៃនេះត្រូវនឹងតម្រូវការរបស់សង្គមដែរទេ? តើមានចំណុចណាដែលយើងអាចកែប្រែបានដើម្បី ឱ្យបត់ស្របតាមតម្រូវការរបស់សង្គម? តើគួរបង្កើតចំណុចពិសេសអ្វីដើម្បីទាក់ទាញអតិថិជនជាងមុន?
បន្ទាប់មកចាប់ផ្ដើមប្រើក្បួនធ្វើទីផ្សារ ០៛ ដែលវាអាចជួយកាត់បន្ថយការចំណាយបានច្រើន ដោយគ្រាន់តែប្រើប្រាស់នូវធនធានដែលអ្នកមានឱ្យអស់លទ្ធភាព។ ធនធានមានដូចជាហ្វេសប៊ុកផេក កុំខំតែបញ្ចូលលុយប៊ូតស៍ តែត្រូវព្យាយាមបង្កើតមាតិកា (Content) ឱ្យទាក់ទាញជំនួសវិញ រៀនធ្វើវីដេអូ ព្រោះមនុស្សឥឡូវចូលចិត្តមើលវីដេអូ។ វិធីទាំងអស់នោះមិនត្រឹមតែកាត់បន្ថយចំណាយទេ ប៉ុន្តែវាអាចជួយឱ្យម្ចាស់អាជីវកម្មដូចជាអ្នកទទួលបាននូវចំណេះដឹងថ្មីៗថែមទៀតផង។
៥/. រកវិធីកាត់បន្ថយអតិថិជនដែលជំពាក់៖ រកស៊ីមិនខ្វះទេភ្ញៀវជំពាក់ ហើយក៏មានម្ចាស់អាជីវកម្មជាច្រើនកប់លុយចោល ព្រោះតែភ្ញៀវជំពាក់ច្រើន។ ដូច្នេះក្នុងដំណាក់កាលនេះ អ្នកត្រូវប្រញាប់ចរចាជាមួយនឹងដៃគូ ដែលកំពុងជំពាក់ ឱ្យគេសងខ្លះ ដើម្បីបានសាច់ប្រាក់មកបង្វិលក្នុងអាជីវកម្ម។ ចំពោះអ្នកយកទំនិញទៅក្រោយៗ សូមកាត់បន្ថយពេលវេលាជំពាក់ ឧទាហរណ៍ថា រាល់ដងឱ្យជំពាក់ ៩០ថ្ងៃ លើកនេះ កាត់មកសល់ត្រឹម៣០ថ្ងៃអីបានហើយ ដើម្បីកាត់បន្ថយការកប់លុយចោលច្រើន។
យ៉ាងណាមិញ បើអ្នកអាចធ្វើរឿងធំៗទាំង៥ ខាងលើបាន វានឹងជួយដោះសម្ពាធផ្លូវចិត្តរបស់អ្នកបានមួយកម្រិតធំ ហើយអាចបិទច្រកចំណាយមិនចាំបាច់ និងទាញចំណូលបានច្រើនជាងមុន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook