មានម្ចាស់អាជីវកម្មភាគច្រើនពេលដែលមានហាង មានកន្លែងរកស៊ីល្អ តែងគិតថានៅពេលបើកអាជីវកម្ម មិនបាច់ធ្វើអ្វីច្រើនទេ គ្រាន់តែបើកហាង លើកផ្លាកយីហោ ធ្វើកម្មវិធីសម្ពោធតិចតួចនឹងមានភ្ញៀវចូលញ៉ាំ ចូលទទួលសេវាកម្មហើយមិនចាំបាច់សាំញ៉ាំច្រើននោះទេ។ប៉ុន្តែពួកគាត់ភ្លេចគិតថា បច្ចុប្បន្នជាសម័យបច្ចេកវិទ្យាហេតុនេះតម្រូវឱ្យមានការធ្វើ Digital Marketing ទើបមានឱកាសច្រើន មិនមែនធ្វើតាមបែបបុរាណដូចមុនឡើយ។
ដោយមើលឃើញដូចនេះ ថ្ងៃនេះក្រុមការងារ Business Cambodia សូមលើកយកនូវចំណុច២ដែលម្ចាស់អាជីវកម្មគួរពិចារណាគិតគូរដើម្បីធ្វើឱ្យអាជីវកម្មកាន់តែមានភ្ញៀវច្រើនបន្ថែមទៀត ដែលចំណុចទាំងនោះរួមមាន ៖
ថ្វីបើសព្វថ្ងៃមានបងប្អូនម្ចាស់អាជីវកម្មជាច្រើនបានដឹងពីការដាក់ទីតាំងលើហ្វេសប៊ុកក៏ដោយក៏នៅមានបងប្អូនមួយចំនួនទៀតមិនទាន់បានស្វែងយល់លើចំណុចនេះដែរ ដោយគិតថាវាមិនសំខាន់ទេ ព្រោះបច្ចុប្បន្នមានម៉ូយស្រាប់មិនបាច់ដាក់ក៏មានគេស្គាល់ មានគេរកឃើញ។ប៉ុន្តែនៅក្នុងករណីដែលមានគេណែនាំតគ្នាថាកន្លែងយើងឆ្ងាញ់ សេវាកម្មល្អ ហើយគេចង់ស្វែងរកកន្លែងយើងលក់ហើយស្គាល់តែឈ្មោះប៉ុន្តែមិនស្គាល់ទីតាំង ព្រោះតែយើងមិនបានភ្ជាប់ជាមួយ Google Maps នោះយើងនឹងបាត់ភ្ញៀវម្នាក់បាត់ទៅហើយ ចុះបើយើងដាក់ឈ្មោះ ដាក់ទីតាំង និងធ្វើទីផ្សារផ្សព្វផ្សាយបន្ថែមនោះកាន់តែល្អ។
២.មិនមានសកម្មភាពលើបណ្តាញសង្គម
មួយរយៈចុងក្រោយនេះឃើញថា ម្ចាស់អាជីវកម្មទាំងតូចទាំងធំហាក់មានសកម្មភាពផ្សព្វផ្សាយយ៉ាងច្រើន មានទាំងការថតវីដេអូ ជួលតារាៗឱ្យជួយផ្សព្វផ្សាយក៏មាន ប៉ុន្តែទោះជាបែបនោះក្តីក៏នៅមានម្ចាស់អាជីវកម្មមួយផ្នែកតូចតែងប្រងើយកណ្តើយចំពោះចំណុចនេះផងដែរ។ បើទោះបីជាកន្លែងយើងមានហាង លក់ដាច់យ៉ាងណាក្តីក៏ពុំគួរភ្លេចគិតដល់ចំណុចនេះដែរ ព្រោះនៅពេលកន្លែងយើងមានគេណែនាំទៅហើយម្នាក់ទៀតចង់ចូលមើលថាកន្លែងយើងមានលក់អ្វី មានផលិតផលអ្វីខ្លះ តែយើងបែរជាមិនផុសនៅលើផេកនេះជាកំហុសមួយដែលគ្រប់ម្ចាស់អាជីវកម្មគួរធ្វើការពិចារណាម្តងទៀត។
គួរបញ្ជាក់ផងដែរថា សម្រាប់ម្ចាស់អាជីវកម្មអាចធ្វើការពិចារណាចំពោះចំណុចទាំង ២ខាងលើនេះ ដើម្បីឱ្យមានភ្ញៀវមកទទួលសេវាកម្មពីអាជីវកម្មរបស់បងប្អូនកាន់តែច្រើននិងផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនផងដែរ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង