ថ្មីៗនេះ ក្រុមហ៊ុន Zhongzhi Enterprise Group ដែលជាក្រុមហ៊ុនធំ១ របស់ចិន បានប្រកាសក្ស័យធនជាមួយនឹងការជាប់បំណុលរហូតដល់ទៅ ៦៤ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនេះកំពុងតែធ្លាក់ចូលនៅវិបត្តិក្នុងវិស័យអចលនទ្រព្យកាន់តែខ្លាំង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា បន្ទាប់ពីក្រុមហ៊ុនបានធ្លាក់ចុះចូលទៅក្នុងបំណុល ក្រុមហ៊ុនអចលនទ្រព្យ Zhongzhi Enterprise Group ក៏បានសរសេរលិខិតសុំទោសទៅដល់ក្រុមអ្នកវិនិយោគដែលបណ្តាលឱ្យក្រុមហ៊ុនធ្លាក់ចូលទៅក្នុងវិបត្តិអចលនទ្រព្យមួយនេះរហូតធ្វើឱ្យបំណុលកើនឡើងខ្លាំងជាងទ្រព្យសម្បត្តិនៅក្នុងក្រុមហ៊ុនទៅទៀត។
បន្ទាប់ពីក្រុមហ៊ុនអចលនទ្រព្យចិន Zhongzhi ធ្លាក់ចូលក្នុងវិបត្តិវិស័យអចលនទ្រព្យបានធ្វើឱ្យក្រុមហ៊ុនប្រឈមជាមួយស្ថានភាពអាក្រក់ទៅរហូតក្រុមហ៊ុនរបស់ចិននេះសម្រេចប្រកាសពីការក្ស័យធនជាសាធារណៈ ដើម្បីគ្រប់គ្រងហានិភ័យលើប្រត្តិបត្តិការខ្លួនជាបន្តបន្ទាប់ហើយក៏ដើម្បីចៀសវាងនៅភាពធ្ងន់ធ្ងរខ្លាំងជាងនេះទៀតផងដែរ។
ជាមួយគ្នានោះដែរ កាលពីកន្លងទៅសូម្បីតែក្រុមហ៊ុន Evergrande ដែលជាក្រុមហ៊ុនអចលនទ្រព្យធំបំផុតទី២របស់ចិនក៏បានដាក់ពាក្យស្នើសុំការពារពីការក្ស័យធនជំពូកទី១៥ទៅកាន់តុលាការអាមេរិកខណៈបំណុលរបស់ខ្លួនឡើងដល់ជាង៣០០ពាន់លានដុល្លារជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលបំណុលជាប់ខ្លួនច្រើនបំផុតក្នុងលោក។ នៅក្នុងដំណើរការដាក់ពាក្យការពារក្ស័យធននោះ Evergrande បានស្នើទៅកាន់ម្ចាស់បំណុលសុំឱកាសរៀបចំរចនាសម្ព័ន្ធបំណុលក្រៅប្រទេសឡើងវិញចំនួន ៣១.៧ពាន់លានដុល្លារ។ ប៉ុន្តែ Evergrande បានធ្វើឱ្យម្ចាស់ប័ណ្ណបំណុលបាត់បង់ទំនុកចិត្តយ៉ាងខ្លាំង បន្ទាប់ពីពេលដែលថ្នាក់ដឹកនាំក្រុមហ៊ុនត្រូវបានប៉ូលិសតាមស៊ើបអង្កេត។
លើសពីនេះទៅទៀត សូម្បីតែក្រុមហ៊ុន Sino Ocean ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ កំពូលមួយក្នុងចំណោមអ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពូលទាំង ២០ របស់ប្រទេសចិន។ នៅខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនមួយនេះ បានប្រកាសថាខ្លួនលែងមានលទ្ធភាពទូទាត់ថ្លៃមូលបត្របំណុលឱ្យទៅម្ចាស់ប័ណ្ណបំណុលនៅលើផ្សារហ៊ុនទៀតហើយ។ គិតត្រឹមខែមិថុនា បំណុលសរុបរបស់ក្រុមហ៊ុន Sino Ocean បានឈានដល់ជិត ៦០ពាន់លានយន់ (ប្រហែល ៨.៤ ពាន់លានដុល្លារ) ផងដែរ៕
អត្ថបទ៖ ធី ស្រីល័ក្ខ