ក្រុមហ៊ុន KENPAX ដែលជាក្រុមហ៊ុនផលិតគ្រឿងបរិក្ខាពេទ្យ (ផលិតផលវេជ្ជសាស្រ្ត) របស់ប្រទេសចិន គ្រោងនឹងមកបើករោងចក្រនៅក្នុងខេត្តកំពតឆាប់ៗខាងមុខនេះ នៅពេលដំណើរការរោងចក្រនេះគឺត្រូវការកម្លាំងពលកម្មប្រមាណ ៣០០០នាក់។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន។
ជាក់ស្តែង កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ម៉ៅ ធនិន ដែលជាអភិបាលខេត្តកំពត បានអនុញ្ញាតិឱ្យលោក Wayne Lin ប្រធានក្រុមហ៊ុន KENPAX ដែលជាក្រុមហ៊ុនផលិតគ្រឿងបរិក្ខាពេទ្យ (ផលិតផលវេជ្ជសាស្រ្ត) មកពីប្រទេសចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការវិនិយោគសាងសង់រោងចក្រ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកជុំគិរី។
នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យធ្វើការជ្រើសរើសកម្មករដែលរស់នៅក្បែរតំបន់ដែលសាងសង់រោងចក្រជាជម្រើសទី១ និងបន្តជ្រើសរើសតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពតក្នុងន័យដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋក្នុងខេត្តកំពត។
ឯកឧត្តម បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តមកដល់ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចតែងតែលើកទឹកចិត្តចំពោះអ្នកវិនិយោគជាតិ និងអន្តរជាតិទាំងអស់ ឱ្យមកចូលរួមវិនិយោគក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនពលរដ្ឋ ក៏ដូចជាឱ្យកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋកាន់តែប្រសើរឡើង។
លោក Wayne Lin ប្រធានក្រុមហ៊ុន KENPAX បាននិយាយថា ក្រុមហ៊ុនរបស់លោកគឺជាក្រុមហ៊ុនផលិតនូវផលិតផលផ្នែកវេជ្ជសាស្រ្ត ដែលបច្ចុប្បន្នបានធ្វើការចែកចាយ និងផ្គត់ផ្គង់នៅជាង ៤០ប្រទេសនៅលើពិភពលោក។
លោកប្រធានក្រុមហ៊ុនបានបន្តថា ដោយមើលឃើញពីសក្តានុពល និងភាពអំណោយផលរបស់ខេត្តកំពត ទើបក្រុមហ៊ុនសម្រេចមកធ្វើការវិនិយោគដោយសាងសង់រោងចក្រផលិតគ្រឿងបរិក្ខាពេទ្យ (ផលិតផលវេជ្ជសាស្រ្ត) ដែលមានទីតាំងស្ថិតក្នុងភូមិព្រៃថ្មី ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ហើយរោងចក្រនេះនឹងផ្តល់ការងារចំនួន ៣ ០០០កន្លែងជូនពលរដ្ឋក្នុងខេត្ត។
លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ដែរថា រោងចក្រនេះគ្រោងនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលខែមីនា ហើយគ្រោងនិងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥ខាងមុខនេះហើយ៕