កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ឯកឧត្តម សុខ លូ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Agribusiness Asia Group ដើម្បីពិភាក្សាការងារអំពីការវិនិយោគក្នុងខេត្តបាត់ដំបង ក្រុមហ៊ុនក៏បានបង្ហើបពីគោលបំណងពី ការបណ្ដាក់ទុនវិនិយោគក្នុងខេត្ត ពាក់ព័ន្ធទៅនឹងដំណាំពោតក្នុងខេត្តបាត់ដំបងផងដែរ ។
ក្រុមហ៊ុន Agribusiness Asia Group គឺជាក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការនៅប្រទេសអូស្រ្ដាលី និងព្រះរាជាណាចក្រថៃ ហើយក៏ជាក្រុមហ៊ុនដែលប្រើប្រាស់នូវបច្ចេកវិទ្យាពាក់ព័ន្ធនឹងផ្នែកផ្កាយរណប ដែលបច្ចេកទេសនេះអាចជួយឱ្យការដាំដុះទទួលផល៣ដងក្នុងមួយឆ្នាំ ។
នៅក្នុងនោះដែរ ក្រុមហ៊ុន Agribusiness Asia Group បានលើកឡើងថា ក្រុមហ៊ុនបានធ្វើការសិក្សាអស់រយៈពេលជាង ៦ខែរួចមកហើយ មុននឹងសម្រេចជ្រើសរើសខេត្តបាត់ដំបង ជាខេត្តគោលដៅរបស់ក្រុមហ៊ុន ដោយសារខេត្តបាត់ដំបង ជាខេត្តដែលមានសក្ដានុពលខ្ពស់ ដីមានជីវជាតិល្អ មានប្រព័ន្ធទឹកគ្រប់គ្រាន់ អាកាសធាតុអំណោយផល មានផ្ទៃដីធំ និងជាពិសេសជាខេត្តដែលមានទីតាំងភូមិសាស្រ្ដល្អ ជិតនឹងព្រំដែនអន្តរជាតិកម្ពុជា-ថៃជាច្រើន ដែលបង្កភាពងាយស្រួលក្នុងការនាំចេញផលិតផលពោតទៅកាន់ប្រទេសថៃផងដែរ ។
ដោយលទ្ធផលបែបនេះហើយ ទើបក្រុមហ៊ុនមានបំណងចង់ធ្វើការវិនិយោគនៅខេត្តបាត់ដំបងនេះ គួបផ្សំជាមួយនឹងតម្រូវការផ្គត់ផ្គង់ពោតមានការកើនឡើងឥតឈប់ឈរ និងមិនទាន់គ្រប់តម្រូវការនៅឡើយទេ ។
ឯកឧត្តមសុខ លូ បានបញ្ជាក់ថា ចំពោះការវិនិយោគនេះផងដែរ ក៏ជាផ្នែកមួយក្នុងការលើកកម្ពស់វិស័យកសិកម្មក្នុងខេត្តបាត់ដំបងឱ្យកាន់តែមានការរីកចម្រើន កាន់តែទំនើប និងក៏ដូចជាបង្កើនប្រាក់ចំណូលជូនប្រជាកសិករឱ្យកាន់តែល្អប្រសើរផងដែរ ៕
អត្ថបទ៖ ធី ស្រីល័ក្ខ