តម្លៃគ្រាប់កាហ្វេរបស់មណ្ឌលគិរីហាក់មានតម្លៃថ្លៃជាងមុន បន្ទាប់ពីមានកិច្ចសន្យាផលិតកម្មកសិកម្ម ខណៈពេលដែលផលិតផលគ្រាប់កាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅ ចម្រុះនៅខេត្តមណ្ឌលគិរីមានការកើនឡើងជាអតិបរមា ចន្លោះពី២០០រៀល ទៅ៣០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ឆ្នាំ ២០២៣នេះ បន្ទាប់ពីមានកិច្ចសន្យាផលិតកម្មកសិកម្ម ស្ដីពីការផ្គត់ផ្គង់ផលិតផលកាហ្វេស្រស់រវាងអ្នកក្រុមផលិតជាមួយក្រុមហ៊ុនប្រមូលទិញ។
បើតាមការលើកឡើងរបស់ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា «តម្លៃគ្រាប់កាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅ ចម្រុះមានតម្លៃចន្លោះ១ ៣៥០ ទៅ១ ៥០០ រៀល នៅក្នុងឆ្នាំ ២០២៣ នេះ ដែលកើនឡើងពី២០០រៀល ទៅ៣០០រៀលហើយរំពឹងថាតម្លៃគ្រាប់កាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅ ចម្រុះនៅតែអាចបន្តកើនដល់ចន្លោះពី១ ៤០០ទៅ១ ៦០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត»។
លោកបានបន្តទៀតថា កត្តាដែលធ្វើឱ្យតម្លៃគ្រាប់កាហ្វេស្រស់ ឬកាហ្វេឆៅ មានការកើនឡើង ដោយសារតែមានការសហការជាមួយគ្នារវាងមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងក្រុមហ៊ុន ខូហ្វី ក្នុងរយៈពេលពីរឆ្នាំដើម្បីប្រមូលទិញយក គ្រាប់កាហ្វេស្រស់ក្នុង តម្លៃខ្ពស់នៅលើទីផ្សារ។ ហើយតាមរយៈការរក្សាតម្លៃទីផ្សារ ផលិតផលកាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅ បានចូលរួម ចំណែកលើកកម្ពស់ ជីវភាពរស់នៅកសិករ កាន់តែប្រសើរឡើង និងមានភាពធន់ជាងមុន និងអាចពង្រឹងទៅលើការដាំដុះដើម្បីធានានូវខ្សែចង្វាក់ផ្គត់ផ្គង់ត្រឹមត្រូវតាមស្តង់ដារនិងនិរន្តរភាព។
គួរបញ្ជាក់ផងដែរថា យោងតាមការបញ្ជាក់ពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី គិតត្រឹមឆ្នាំ២០២៣ មានកសិករប្រមាណចំនួន៣៦៥គ្រួសារ និងក្រុមហ៊ុនចំនួនមួយដែលមានផ្ទៃដីសរុបចំនួន ៥២៥ហិកតា ៕