ក្រុមហ៊ុនកូកាកូឡា ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេនៅលើពិភពលោកបានចាប់ដៃគ្នាជាមួយក្រុមហ៊ុន Jack Daniels របស់លោក Brown-Forman ដើម្បីផលិតភេសជ្ជៈថ្មីមួយដែលមានឈ្មោះថា Jack & Coke ។ នេះបើតាមការចេញផ្សាយចេញពីសារព័ត៌មាន Yohoo។
ចំពោះផលិតផលរបស់ក្រុមហ៊ុនធំៗទាំង២ខាងលើនេះ នឹងបញ្ចេញលក់នៅចុងឆ្នាំ២០២២ ខាងមុខនេះនៅក្នុងប្រទេសម៉ិកស៊ិកមុនគេបង្អស់នេះ ហើយផលិតផល Jack & Coke នឹងត្រៀមខ្លួនវាយលុយនៅលើទីផ្សារពិភពលោកនៅដើមឆ្នាំ២០២៣ តែម្តង។
លោក Lawson Whiting នាយកប្រតិបត្តិក្រុមហ៊ុន Brown-Forman បាននិយាយថា "ទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរនេះគឺនាំមកនូវរូបតំណាងអាមេរិកបុរាណចំនួនពីរបញ្ចូលគ្នា ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍រសជាតិដែលពួកគេចូលចិត្តនៅក្នុងវិធីមួយដែលស្របគ្នា ហើយភេសជ្ជៈថ្មីនេះងាយស្រួលយកតាមគ្រប់ទីកន្លែងបាន" ។
លោក Lawson Whiting បញ្ជាក់ថា ចំពោះផលិតផលថ្មីនេះយើងនៅតែរក្សាអ្នកប្រើប្រាស់ជាចំណុចកណ្តាលនៃអ្វីគ្រប់យ៉ាងដែលយើងបានធ្វើ ហើយយើងនៅតែរក្សាគុណភាពជូនអតិថិជនដដែល។ ចំណែកលិតផលថ្មីរបស់កូកាកូឡាន និង Jack Daniels គឺមានជាតិអាល់កុលប្រហែល ៥% ប៉ុណ្ណោះ នៅក្នុងនោះអតិថិជនក៏មានជម្រើសពីរក្នុងការជ្រើសរើសមកទទួលទានគឺមានជាតិស្ករនិងគ្មានជាតិស្ករ៕
អត្ថបទដោយ៖ ធី ស្រីល័ក្ខ