ជាក្រុមហ៊ុនធំលំដាប់ពិភពលោក ដែលបាននិងកំពុងវិនិយោគលើការសាងសង់ផ្លូវល្បឿនលឿន ៣ ខ្សែនៅខ្មែរ តើក្រុមហ៊ុន CRBC មានប្រវត្តិយ៉ាងណា? ថ្ងៃនេះ Business Cambodia នឹងនាំបងប្អូនមកស្គាល់ប្រវត្តិត្រួសៗរបស់ក្រុមហ៊ុនសាជីវកម្ម និង សំណង់ មួយនេះ។
ក្រុមហ៊ុន CRBC ដែលមានឈ្មោះពេញថា China Road and Bridge Corporation ឬបកជាខេមរៈភាសាថា “សាជីវកម្មថ្នល់ និងស្ពានចិន” គឺជាក្រុមហ៊ុនសំណង់អន្ដរជាតិដ៏ធំ១របស់ប្រទេសចិន។ ក្រុមហ៊ុននេះគឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន China Communications Construction Company ឬហៅកាត់ថា CCC។
ក្រុមហ៊ុនសំណង់ដ៏ធំមួយនេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៩ មានការិយាល័យកណ្ដាលនៅទីក្រុងបេកាំង ប្រទេសចិន ហើយមានការិយាល័យជាង៥០ទៀតនៅតាមបណ្ដាលប្រទេសមួយចំនួន និង តំបន់ជាង ៥០ នៅអាស៊ី អាហ្រ្វិក អឺរ៉ុប និងអាមេរិកផងដែរ។ បច្ចុប្បន្នក្រុមហ៊ុន CRBC ត្រូវបានគ្រប់គ្រងដោយមនុស្សសំខាន់ពីររូបគឺលោក Lu Shan និងលោក Du Fei ។
សម្រាប់ប្រតិបត្ដិការអាជីវកម្ម ក្រុមហ៊ុន CRBC នេះ ផ្តោតសំខាន់លើគម្រោងសាងសង់ធំៗជាច្រើនដូចជា ផ្លូវថ្នល់ ស្ពាន កំពង់ផែ ផ្លូវរថភ្លើង អាកាសយានដ្ឋាន ផ្លូវក្រោមដីជាដើម។
បច្ចុប្បន្នក្រុមហ៊ុនមួយនេះក៏បាននិងកំពុងវិនិយោគការសាងសង់គម្រោងផ្លូវល្បឿនលឿនចំនួន ៣ ខ្សែផងដែរនៅក្នុងប្រទេសកម្ពុជាដែលក្នុងនោះរួមមាន៖
១, ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
កាលពីឆ្នាំ២០១៩ ក្រុមហ៊ុននេះបានបោះទុនចំនួន ២០១៩ លានដុល្លារ ដើម្បីធ្វើការសាងសង់ផ្លូវល្បឿនលឿនទី១ នៅក្នុងប្រទេសកម្ពុជានេះ ដែលមានប្រវែងសរុប ១៨៧គីឡូម៉ែត្រ និងបានសាងសង់រួចរាល់ និងដាក់ឲ្យដំណើរការកាលពីខែតុលា ឆ្នាំ២០២២។
២, ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
ក្រោយសាងសង់ផ្លូវល្បឿនលឿនទី១ រួចរាល់ ក្រុមហ៊ុន CRBC ក៏បានបោះទុនចំនួន ១.៣៥ពាន់លានដុល្លារ សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតមួយខ្សែទៀតផងដែរ។ ដោយគម្រោងផ្លូវល្បឿនលឿនទី២នេះមានប្រវែង ១៣៥.១ គីឡូម៉ែត្របានបើកការដ្ឋានសាងសង់នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ។ តាមការគ្រោងទុកគម្រោងនេះអាចនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧។
៣, ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត
បន្ទាប់ពីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួច នៅក្នុងថ្ងៃដដែលនោះ (ថ្ងៃទី៧ មិថុនា) CRBC ក៏មានចុះហត្ថលេខាជាមួយរាជដ្ឋាភិបាលកម្ពុជា ដើម្បីវិនិយោគសាងសង់ផ្លូវល្បឿនលឿនទី៣ នេះបន្ថែមទៀតផងដែរ។ តាមការបង្ហើបឲ្យដឹងពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងផ្លូវល្បឿនលឿនទី៣ នេះមានប្រវែងសរុបប្រមាណ ៤០០ គីឡូម៉ែត្រ និងគ្រោងចំណាយថវិកាសាងសង់ចំនួន ៤ ពាន់លានដុល្លារ។
តាមការគ្រោងទុកគម្រោងនេះនឹងបើកការដ្ឋានសាងសង់យ៉ាងយូរត្រឹមឆ្នាំ២០២៤ ខណៈការសាងសង់ត្រូវចែកចេញជា ២ ដំណាក់កាល។ ដំណាក់កាលទី១ (ភ្នំពេញ-សៀមរាប) មានប្រវែងប្រមាណ ២៥០ គីឡូម៉េត្រ និងដំណាក់កាលទី២ (សៀមរាប-ប៉ោយប៉ែត) មានប្រវែងប្រមាណ ១៥០ គីឡូម៉ែត្រ៕
អត្ថបទដោយ៖ ឌឿក ស្រីនុត