លោក Omar Asali នាយកប្រតិបត្តិក្រុមហ៊ុនផលិតកេសក្រដាស Ranpak បានប្រាប់CNBC ថាប្រភេទបុគ្គលិកពូកែនិយាយដោយរលូនគឺជាប្រភេទបុគ្គលិកដែលម្ចាស់អាជីវកម្មគួរពិចារណាឱ្យបានល្អិតល្អន់ មុនជួលពួកគេមកធ្វើការ ខណៈនេះជាទង់ក្រហមនៅក្នុងដំណើរការសម្ភាសន៍បុគ្គលិក។
CEO វ័យ៥៣ឆ្នាំ រូបនេះបានបន្ថែមថាបុគ្គលិកដែលពូកែនិយាយផ្សព្វផ្សាយខ្លួនឯងខ្លាំងពេក និងមិនសូវនិយាយពាក្យពិតប៉ុន្មាននោះទេ ជារឿយៗពួកគេតែងទុកខ្លួនឯងសំខាន់ខ្លាំងនិងមិនសូវគិតពីមនុស្សជុំវិញខ្លួននិងអង្គភាពនោះឡើយ។
សព្វថ្ងៃក្រុមហ៊ុនឧស្សាហកម្មក្រដាសអាមេរិក Ranpak Holdings Corp.មានតម្លៃទីផ្សារ៦៦១លានដុល្លារ ជាប្រធានក្រុមហ៊ុននិងជានាយកប្រតិបត្តិផងនោះលោក Asali បានមានប្រសាសន៍ថា៖ «ខ្ញុំតែងតែប្រុងប្រយ័ត្នក្នុងការសម្រេចចិត្ត ជ្រើសរើសជាមួយប្រភេទមនុស្សដែលនិយាយដោយរលូននិង Promote ខ្លួនឯងខ្លាំង» ។
ក្នុងនោះលោកបានបន្តថា៖ «ជាធម្មតាខ្ញុំមិនបានជួលពួកគេឱ្យធ្វើការ មនុស្សដោយសារតែពួកគេ ពូកែនិយាយឬធ្វើបទបង្ហាញនោះទេ តែខ្ញុំជួលពួកគេដោយមើលទៅលើការងារជាក់លាក់និងអ្វីដែលគេធ្លាប់បានធ្វើ» ។
លើសពីនេះទៀតនៅតុសម្ភាសន៍លោក Omar Asali តែងតែកត់សម្គាល់បេក្ខជនថាពួកគេជា «អ្នកធ្វើ» ឬ «អ្នកនិយាយ» តាមរយៈការពិព័ណ៌នាអំពីខ្លួនឯងរបស់ពួកគេទៅកាន់អ្នកសម្ភាសន៍នៅក្នុងបន្ទប់ តើពួកគេនឹងនិយាយហើយទទួលស្គាល់អំពីចំណុចខ្សោយរបស់ខ្លួនឯងដែរឬទេ? តើពួកគេធ្លាប់ដោះស្រាយចំណុចខ្សោយនិងភាពបរាជ័យរបស់ខ្លួនឯងដោយវិធីណា? តើពួកគេមានទុកអត្តានៅមាត់ទ្វារឬទេ?
ជាក់ស្តែងប្រសិនជាគេស្មោះត្រង់និងជាមនុស្សពូកែធ្វើ ជាងពូកែនិយាយ គេនឹងលើកចំណុចទាំងនោះចេញមកនិយាយជាករណីជាក់ស្តែង ដោយមិនបានត្រៀមទុកមុនឡើយ៕
អត្ថបទដោយ៖ ពីង ជូអេង