សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានគេរំពឹងថានឹងមានការកើនឡើងរង្វង់ ៦,៤ ភាគរយនៅក្នុងឆ្នាំ២០២៤ ដោយសារមានគាំទ្រពីវិស័យធំ២ គឺវិស័យទេសចរណ៍ និងវិស័យកម្មន្ដសាល។ នេះបើយោងតាចសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាស្ដីពី វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។
នៅក្នុងសេចក្ដីជូនដំណឹងរបស់ធនាគារជាតិបានបញ្ជាក់ថា «នៅកម្ពុជា សេដ្ឋកិច្ចត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថានឹងបន្ដងើបឡើងបន្ថែមទៀតក្នុងរង្វង់ ៦,៤ ភាគរយដែលគាំទ្រចម្បងដោយការកើនឡើងនៃវិស័យទេសចរណ៍ និងវិស័យកម្មន្ដសាល»។
ប្រភពដដែលបន្ដថា វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងងើបឡើងដោយសារភាពប្រសើរឡើងនៃស្ថានភាពទេសចរណ៍ក្នុងតំបន់ ព្រមទាំងការបន្ដអភិវឌ្ឍនឹងកែលម្អហេដ្ឋាចរនាសម្ព័ន្ធដែលនឹងគាំទ្រដលវិស័យនេះ។ ដោយឡែកវិស័យកម្មន្ដសាលវិញ បើយោងតាមរយៈការអនុវត្ដច្បាប់វិនិយោគថ្មី វិស័យនេះត្រូវបានរំពឹងថានឹងសម្រេចបានកំណើងល្អជាងឆ្នាំ២០២៣ ពិសេសផលិតកម្មន្ដសាលមិនមែនកាត់ដេរ ហើយវិស័យកាត់ដេររំពឹងថានឹងងើបឡើងជាលំដាប់ផងដែរ។
គួររំឮកផងដែរថា កាលពីឆ្នាំ២០២៣ កន្លងទៅសេដ្ឋកិច្ចកម្ពុជាត្រូវបានគេប៉ាន់ស្មានថាបន្ដងើបឡើងក្នុងអត្រា ៥,៥ ភាគរយខ្ពស់ជាងឆ្នាំ២០២២ បន្ដិច (៥,២ភាគរយ) ដែលគំាទ្រចម្បងដោយកំណើនវិស័យទេសចរណ៍ និងផលិតផលកម្មន្ដសាលមិនមែនកាត់ដេរ បើទោះបីជាវិស័យកាត់ដេរ សំណង់ អចលនទ្រព្យ និងកសិកម្មមានកំណើនទាបក៏ដោយ៕