ជាមោទកភាពជាតិមួយ ព្រឹត្តិការណ៍ធំៗ២ ដែលខេត្តសៀមរាបរំពឹងថា អាចនឹងបំបែកកំណត់ត្រាពិភពលោក Guinness World Records ក្នុងឆ្នាំ២០២៣នេះ គឺព្រឹត្តិការណ៍រាំម៉ាឌីហ្សូនក្នុងចង្វាក់តែមួយ និងព្រឹត្តិការណ៍អន្សមយក្ស ក្រោយកម្ពុជាធ្លាប់បានបំបែកឯតទគ្គកម្មពិភពលោកនេះម្តងរួចមកហើយកាលពីឆ្នាំ២០១៥។
យោងតាមការគូសបញ្ជាក់របស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបកាលពីថ្ងៃទី២៩ខែមីនា បានឱ្យដឹងថាចំពោះឆ្នាំនេះកម្ពុជាសង្ឃឹមថាអាចនឹងបំបែកកំណត់ត្រាពិភពលោកម្តងទៀតក្នុងកម្មវិធីអង្គរសង្រ្គាន្ក សម្រាប់ព្រឹត្តិការណ៍ធំៗ២គឺ រាំម៉ាឌីហ្សូនក្នុងចង្វាក់តែ១ជាមួយគ្នា និងព្រឹត្តិការណ៍រៀបអន្សមយក្ស រួមបញ្ចូលទាំងវត្ថុយក្សផ្សេងៗទៀតដែលបង្ហាញអំពីអត្តសញ្ញាណខ្មែរ ដូចជាចាបុីដងវែងយក្ស មួកស្លឹកត្នោតយក្ស សំបុកនិងពងមាន់យក្ស, ខ្មុកយក្ស, និងអង្រុតយក្សជាដើម។
ឯកឧត្តមបានបន្តថា “ដើម្បីជាភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ យើងកំពុងរៀបចំបញ្ជីឈ្មោះសណ្ឋាគារ និងផ្ទះសំណាក់ ដែលមានឈ្មោះ តម្លៃ ទីតាំង និងលេខទំនាក់ទំនង ដើម្បីដាក់បង្ហាញនៅលើទំព័រ Facebook របស់រដ្ឋបាលខេត្តសៀមរាប”។ ជាចុងក្រោយឯកឧត្តមបានបន្ថែមថាសម្រាប់ព្រឹត្តិ្កការណ៌នេះអាចបំបែកទៅបានគឺទាមទារឱ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដែលឯកឧត្តមបានដាក់មហ្ចិចតាថា អាចនឹងហក់ឡើងដល់ជាង៤ពាន់នាក់។
គួរជម្រាបផងដែរថាកំណត់ត្រាពិភពលោកនេះកម្ពុជាធ្លាប់បានបំបែកម្តងរួចមកហើយកាលពីឆ្នាំ២០១៥ ជាមួយព្រឹត្តិការណ៍រាំម៉ាឌីហ្សូនដែលមានអ្នកចូលរួមជាង២ពាន់នាក់ និងព្រឹត្តិការណ៍នំអន្សមធំជាងគេលើលោក៕
អត្ថបទដោយ៖ ពីង ជូអេង