អតិផរណាកើន សេដ្ឋកិច្ចជាប់គាំង! ក្រុមហ៊ុនធំលំដាប់ពិភពលោក១០នេះ បញ្ឈប់បុគ្គលិកអស់រាប់ម៉ឺននាក់
SOKLY SODECEMBER 7 2022634 views

អតិផរណា ជម្រុញឱ្យមនុស្សប្រឈមជាមួយនឹងការគំរាមកំហែងពី វិបត្តិសេដ្ឋកិច្ចដែលអាចនឹងកើតមានគ្រប់ពេល។ ក្នុងនោះគេឃើញថាក្រុមហ៊ុនធំៗជាច្រើនបាន បង្ខំចិត្តកាត់បុគ្គលិកចេញរាប់ម៉ឺននាក់ ដើម្បីរក្សាជំហរនៅលើទីផ្សារ កុំឱ្យក្រុមហ៊ុនត្រូវដួលរលំព្រោះតែវិបត្តិហិរញ្ញវត្ថុ។

យោងតាមរបាយការណ៍ពី Forbes បានបង្ហាញឱ្យឃើញថា ខាងក្រោមនេះជាក្រុមហ៊ុនធំៗលំដាប់ពិភពលោកទាំង១០ ដែលបានសម្រេចចិត្តកាត់បុគ្គលិកអស់ជាច្រើននាក់ នៅក្នុងឆ្នាំ២០២២ នេះ។

១. ក្រុមហ៊ុន Meta

ក្រុមហ៊ុន Meta គឺជាក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិរបស់អេមរិក ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វញ៉ា។ ក្រុមហ៊ុននេះជាម្ចាស់ Facebook, Instagram និង WhatsApp ដែលមានលោក Mark Zuckerberg ជានាយកប្រតិបត្តិ។ Meta សម្រេចចិត្តកាត់បុគ្គលិកអស់ប្រមាណ ១១,០០០នាក់ (ខ្ទង់ ១៣%) ដោយសារតែប្រាក់ចំណូលធ្លាក់ទាបខ្លាំងពេក។

២. ក្រុមហ៊ុន PepsiCo

ក្រុមហ៊ុន PepsiCo, Inc គឺជាសាជីវកម្មអាហារ អាហារសម្របឲន់ និងភេសជ្ជៈចម្រុះជាតិសាសន៍របស់អាមេរិក ដែលមានទីស្នាក់ការនៅទីក្រុងញូវយ៉ក។ ក្រុមហ៊ុនផលិតភេសជ្ជៈ Pepsi មានបុគ្គលិកចំនួន ៣០៩,០០០នាក់ នៅទូទាំងពិភពលោក។ គេបានប្រកាសកាត់បុគ្គលិករាប់រយនាក់ ព្រមទាំងកំពុងលុបបំបាត់ការងារសាជីវកម្មរាប់រយនៅអាមេរិកខាងជើង។

៣. ក្រុមហ៊ុន Amazon

ក្រុមហ៊ុន Amazon គឺជាក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិរបស់អាមេរិកដែលផ្ដោតលើពាណិជ្ជកម្មអេឡិចត្រូនិក កុំព្យូទ័រលើពពក ការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណេត ការស្ទ្រីមឌីជីថល និងបញ្ញាសិប្បនិម្មិត។ Amazon មានគម្រោងចង់ដកបុគ្គលិក ប្រមាណ ២០,០០០នាក់ ដែលស្មើនឹងខ្ទង់ ១.៣% នៃកម្លាំងពលកម្មសរុប ១.៥លាននាក់ នៅក្នុងក្រុមហ៊ុនសាជីវកម្ម Amazon ទាំងមូល។

៤. ក្រុមហ៊ុន Morgan Stanley

ក្រុមហ៊ុន Morgan Stanley គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគពហុជាតិសាសន៍ និងសេវាកម្មហិរញ្ញវត្ថុរបស់អាមេរិក មានទីស្នាក់ការនៅទីក្រុងញូវយ៉ក។ ក្រុមហ៊ុននេះបានបញ្ឈប់បុគ្គលិកអស់ប្រមាណ ១,៦០០នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង ៨១,០០០នាក់។ នាយកប្រតិបត្តិ លោក James Gordon បានព្រមានបន្ថែមទៀតថា មានមនុស្សមួយចំនួនទៀតអាចនឹងត្រូវ អនុញ្ញាតឱ្យចេញពី Morgan Stanley”

៥. ក្រុមហ៊ុន Microsoft

Microsoft គឺជាក្រុមហ៊ុនសាជីវកម្មបច្ចេកវិទ្យាពហុជាតិរសប់សហរដ្ឋអាមេរិកដែលមានផលិតកុំព្យូទ័រ គ្រឿងអេឡិចត្រូនិក កុំព្យូទ័រផ្ទាល់ខ្លួន និងសេវាកម្មពាក់ព័ន្ធផ្សេងទៀត។ ក្រុមហ៊ុននេះមានលោក Bill Gates ជាស្ថាបនិក និងមានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ Microsoft សម្រេចចិត្តបញ្ឈប់បុគ្គលិកប្រមាណ ១,០០០នាក់ ដោយសារតែក្រុមហ៊ុនមានការរីកចម្រើនយឺត។

៦. ក្រុមហ៊ុន Tesla

Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី របស់មហាសេដ្ឋីលេខ១ Elon Musk ។ ក្រុមហ៊ុននេះបានបញ្ឈប់បុគ្គលិក អស់ប្រមាណ ២២៩នាក់ ដែលសុទ្ធតែជាអ្នកជំនាញ សំខាន់ៗរបស់ក្រុមហ៊ុន និងភាគច្រើនជាអ្នកនៅផ្នែក Autopilot។

៧. ក្រុមហ៊ុន Twitter

Twitter គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់សហរដ្ឋអាមេរិក ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Elon Musk។ នាយកគ្រប់គ្រងថ្មី Elon Musk បានសម្រេចចិត្តកាត់បុគ្គលិកចេញពីក្រុមហ៊ុននេះប្រមាណ ៥០% ដែលស្មើនឹងខ្ទង់ ៧,៥០០នាក់។

៨. ក្រុមហ៊ុន Ford

Ford គឺជាក្រុមហ៊ុនផលិត និងចែកចាយរថយន្ត ដ៏ធំមួយរបស់សហរដ្ឋអាមេរិក វាត្រូវបានបង្កើតដោយ Henry Ford។ នៅក្នុងឆ្នាំ២០២២ ក្រុមហ៊ុន Ford គ្រោងនឹងកាត់បុគ្គលិកចេញអស់ប្រមាណ ៨,០០០នាក់ ស្របពេលដែលក្រុមហ៊ុនព្យាយាមងាកចេញពីរថយន្តប្រើហ្គាស ឆ្ពោះទៅរកការផលិតរថយន្តអគ្គិសនីវិញ។

៩. ក្រុមហ៊ុន Apple

Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យា ដែលបង្កើតឡើងដោយលោក Steve Job និងបន្តគ្រប់គ្រងដោយលោក Tim Cook។ ដោយសារតែវិបត្តិសេដ្ឋកិច្ច នៅឆ្នាំ២០២២នេះ ក្រុមហ៊ុន Apple បានសម្រេចចិត្តកាត់បុគ្គលិកចេញអស់ប្រមាណ ១០០នាក់។

១០. ក្រុមហ៊ុន 7-Eleven

ក្រុមហ៊ុន 7-Eleven គឺជាម៉ាតលក់ទំនិញ ដែលមានសាខាជាច្រើននៅតាមបណ្ដាប្រទេសនានានៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។ ក្រុមហ៊ុននេះបានសម្រេចកាត់បុគ្គលិកសរុបប្រមាណ ៨៨០នាក់។

សូមជម្រាបផងដែរថា មិនមែនមានតែ១០ក្រុមហ៊ុននេះទេដែលសម្រេចចិត្តបញ្ឈប់បុគ្គលិក តាមការពិតទៅមានក្រុមហ៊ុនធំតូចជាច្រើនបានកាត់បន្ថយបុគ្គលិក ព្រោះតែមិនអាចប្រឈមជាមួយនឹងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២២នេះ៕

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia