Big C ដែលជាផ្សារទំនើបលក់គ្រឿងទេស និងទំនិញទូទៅមានមូលដ្ឋាននៅប្រទេសថៃ កាលពីពេលថ្មីៗនេះបានចាប់ដៃគ្នាជាមួយក្រុមហ៊ុន OCIC បោះទុនវិនិយោគចំនួន ៥០ លានដុល្លារសង់ផ្សារថ្មីលើទឹកដីជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីបំពេញតម្រូវការអតិជនរបស់ខ្លួននៅកម្ពុជា។
តាមការបញ្ជាក់ពីលោក Gary Hardy ប្រធាននាយកប្រតិបត្ដិផ្សារទំនើប Big C បានឲ្យដឹងថា គម្រោងផ្សារថ្មីនៅភ្នំពេញនេះអាចនឹងចាប់ផ្ដើមសាងសង់នៅខែអំឡុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៣ ហើយអាចបើកដំណើរការមុនបុណ្យចូលឆ្នាំខ្មែរ ២០២៤។
យ៉ាងណាក្រៅពីការបោះទុនដ៏ច្រើន បង្កើតផ្សារថ្មីនៅកម្ពុជា Big C ក៏បានកំពុងពង្រីកអាជីវកម្មរបស់ខ្លួនដោយបានបង្កើតផ្សារថ្មីនៅប្រទេសឡាវផងដែរ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Laotian Time បច្ចុប្បន្ន Big C បានកំពុងសាងសង់ផ្សារថ្មីលើផ្ទៃដី ៨ ៤០០ ម៉ែត្រក្រឡា ខណៈគម្រោងផ្សារនេះមានកម្ពស់ ២ ជាន់។ តាមការគ្រោងទុក គម្រោងនេះអាចនឹងបើកឲ្យដំណើរការនៅខែមេសា ឆ្នាំ២០២៤ផងដែរ។ នៅពេលបើកដំណើរការ ផ្សារ Bic C នៅឡាវនេះនឹងបង្ហាញផលិតផលដែលមានប្រភពក្នុងស្រុក និងនាំចូលពីប្រទេសថៃ ចិន វៀតណាម និងបណ្តាប្រទេសនៅអឺរ៉ុបជាដើម។
តាមប្រភពដដែលបានឲ្យដឹងទៀតថា ការបង្កើតផ្សារ Bic C ខាងលើ ក៏មានអ្នកវិនិយោគឡាវចូលរួមវិនិយោគផងដែរ។ ការបង្កើតផ្សារនេះត្រូវបានគេរំពឹងថា នឹងផ្តល់ឱកាសការងារ និងការវិនិយោគពីបរទេសចូលមកក្នុងប្រទេសឡាវ ព្រមទាំងជះឥទ្ធិពលជាវិជ្ជមានដល់សេដ្ឋកិច្ចថែមទៀតផង។
សូមជម្រាបផងដែរថា Big C ជាផ្សារទំនើបធំបំផុតលំដាប់ទីពីរ របស់ប្រទេសថៃ បច្ចុប្បន្នបាននិងកំពុងមានប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចំនួន៤ គឺប្រទេសថៃ វៀតណាម កម្ពុជា និងប្រទេសឡាវ៕
អត្ថបទ៖ កឹម ប៊ុនធឿន