ចង់មានតា១០០$ច្រើន រៀនសាងទម្លាប់រស់នៅ២៤ម៉ោង បែបសាមញ្ញៗតែមិនធម្មតា តាមក្បួន៦នេះ
Ping Chou EngJUNE 20 2023864 views

តានៅក្នុងក្រដាស១០០$ សន្លឹកដែលមនុស្សគ្រប់គ្នាប្រាថ្នា គឺជាលោក Benjamin Franklin បិតាស្ថាបនិកសហរដ្ឋអាមេរិក ដែលបានទាមទារឯករាជ្យពីចក្រភពអង់គ្លេស​​ និងជាបុរសទី១មិនមែនជាប្រធានាធិបតី ប៉ុន្តែត្រូវបានគេយករូបភាពដាក់នៅលើលុយ។  

ផ្តើមពីក្មេងប្រុសក្រីក្រ រៀននៅសាលាបានត្រឹម២ឆ្នាំកាលពីកុមារព្រោះគ្រួសារខ្សត់ បងប្អូនដល់ទៅ១៧នាក់ ​ប៉ុន្តែ Benjamin មិនបោះបង់នោះទេការរៀនទេ លុយ១កាក់១សេនរបស់លោកដែលមានទាំងប៉ុន្មានគឺចំណាយទៅលើសៀវភៅទាំងអស់ ទោះលោកមិនបាន​ទៅរៀននៅសាលាក្តី តែលោកជាមនុស្សមានទេពកោសល្យ ក្នុងការអាន ស្រាវជ្រាវ ដែលលោកថាជាអំណាយពីទេវតា។

ត្បិតតែលោកជាបុគ្គលអស្ចារ្យ​ ជាអ្នកវិទ្យាសាស្រ្ត ជាអ្នកនិពន្ធ អ្នកការទូតដ៏មានឥទ្ធិពល​ ប្រជាជាតិជាង២០០ជំនាន់ទទួលស្គាល់ស្នាដៃ តែទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃរបស់លោករយៈពេល២៤ម៉ោង ៣ពេលក្នុង១ថ្ងៃ របស់លោកពិតជាសាមញ្ញនិងមានផលិតភាពខ្ពស់ដូចជា ៖

១. លោតពីគ្រែគេងរបស់គាត់នៅម៉ោង៥ព្រឹក បន្ទាប់មកគាត់ធ្វើសេចក្តីដឹងគុណដែលគាត់​មានជីវិតនៅថ្ងៃថ្មីនេះ សរសេរផែនការប្រចាំថ្ងៃ រួចចូលទៅងូតទឹក ហើយទៅទទួលទានអាហារពេលព្រឹក​។ ពាក្យមួយឃ្លាដ៏ល្បីល្បាញបំផុតរបស់លោកដែលមិនចេះហួសសម័យ “ចូលគេងឱ្យលឿន ក្រោកឱ្យលឿន ធ្វើឱ្យមនុស្សឆ្លាត មានសុខភាពល្អ សម្បូរទ្រព្យ”។

២. ម៉ោង៨ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់​ Benjamin ធ្វើការប្រាំម៉ោងពេញជាមួយការងារប្រចាំថ្ងៃនាពេលព្រឹករបស់គាត់ៗបាននិយាយថា “កុំទុកការងារឱ្យដល់ថ្ងៃស្អែក ដរាបណាអ្នកអាចធ្វើនៅថ្ងៃនេះបាន”។

៣. ម៉ោង១២ថ្ងៃត្រង់រហូតដល់ម៉ោង២រសៀល គាត់ចំណាយពេលអានសៀវភៅក្នុងខណៈពេលដែលគាត់ទទួលទានអាហារថ្ងៃត្រង់យ៉ាងរីករាយបំផុត។

៤. ម៉ោង២រសៀល ដល់ម៉ោង៦ល្ងាច គាត់បន្តការងាររបស់គាត់ប្រចាំថ្ងៃ ជាអ្នកសរសេរកាសែត ជាថៅកែរោងពុម្ពកាសែត រហូតដល់លោកក្លាយជាសេដ្ឋីកាលជំនាន់នោះ បន្ទាប់មកក៏ចូលនិវត្តន៍ ដើម្បីទៅប្រឡូកប្រឡែងលេងនឹងការស្រាវជ្រាវវិទ្យាសាស្រ្ត​ រហូតទៅធ្វើនយោបាយថែមទៀត។

៥.  សម្រាកពីម៉ោង៦ល្ងាចដល់ម៉ោង៩យ​ប់ គឺប្រើរយៈពេល៤ម៉ោងលំហែកាយដើម្បីអានសៀវភៅដែលជាចំណូលចិត្តរបស់គាត់ ជួនកាលគាត់រៀបចំផ្ទះ ស្តាប់តន្រ្តី ហើយឆ្លុះបញ្ចាំងខ្លួនឯងថាថ្ងៃនេះបាន​ធ្វើអ្វីខ្លះ ហើយមានកំហុសអ្វីខ្លះគួរកែប្រែ។

៦. ម៉ោង១០យប់ គឺគាត់ចូលគេង និងតែងតែក្រោកយ៉ាងទៀងទាត់វិញនៅម៉ោង៥ភ្លឺ ហើយអនុវត្តទម្លាប់ទាំងនេះឡើងវិញ។

សរុបមកវិញទម្លាប់ប្រចាំថ្ងៃរបស់តា១០០ដុល្លារគឺពិតជាសាមញ្ញពិតមែន តែធ្វើឱ្យលោកក្លាយជាមនុស្សអស្ចារ្យ មានផលិតភាពការងារខ្ពស់ ដោយសារលោកបានអនុវត្តវាយ៉ាងខ្ជាប់ខ្ជួន​។

យ៉ាងណាមិញមិនមែនទម្លាប់បុគ្គលជោគជ័យទាំងអស់គឺសុទ្ធសឹងតែសាកសមហើយត្រូវជាមួយមនុស្សគ្រប់គ្នានោះទេព្រោះ Benjamin និងអ្នក ជាមនុស្ស២នាក់ផ្សេងគ្នា។ ក្នុងនោះមានមនុស្សជាច្រើនដែលបានអនុវត្តន៍ក្បួនរបស់់លោកហើយ ពួកគេមានអារម្មណ៍ថារីករាយ សុខភាពល្អ មានបញ្ញា និងមានលុយច្រើនជាងមុន៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia