មួយរយៈពេលចុងក្រោយនេះ មានការឆបោកលុយពលរដ្ឋយើងគ្រប់ទម្រង់ទាំងឆបោកក្នុងការវិនិយោគ ឆបោកតាមអនឡាញ ហើយមួយទៀតនោះគឺឆបោកតាមរយៈកម្ចីអនឡាញដោយក្រុមជនខិលខូចបានប្រើប្រាស់ឈ្មោះនិងរូបភាពដើម្បីបន្លំធ្វើជាធនាគារល្បីៗក្នុងស្រុកដើម្បីឆបោកលុយពលរដ្ឋដែលត្រូវការលុយកម្ចីបន្ទាន់។
ជាក់ស្ដែងថ្មីៗនេះ មានបងប្អូនយើងបង្ហោះលើហ្វេសប៊ុកដើម្បីកើនរំលឹកឲ្យពលរដ្ឋយើងប្រុងប្រយ័ត្នដោយមានហ្វេសប៊ុកផេកឈ្មោះ BAB Loan និង ប៊ីអេប៊ី ឡូន បានប្រើប្រាស់ឈ្មោះនិងរូបភាព Logo ស្រដៀងទៅនឹងធនាគារ ABA ហើយផ្សព្វផ្សាយថាខ្លួនមានផ្ដល់សេវាកម្ចី។
តាមពិតទៅ BAB Loan និង ប៊ីអេប៊ី ឡូន មិនមែនជាធនាគារឬក្រុមហ៊ុនផ្ដល់កម្ចីស្របច្បាប់នោះគឺពោលគឺជាផេករបស់ជនខិលខូចបានប្រើប្រាស់បន្លំដើម្បីបោកយកលុយពីពលរដ្ឋដែលត្រូវការលុយបន្ទាន់។ ទម្រង់នៃការបោកលុយគឺជនខិលខូចបានផ្សព្វផ្សាយលើផេកថាខ្លួនមានផ្ដល់កម្ចីជាមួយលក្ខខណ្ឌងាយស្រួល ហើយពេលពលរដ្ឋស្នើសុំខ្ចីលុយ គេតម្រូវឲ្យអ្នកខ្ចីបង់ថ្លៃសេវារដ្ឋបាលជាមុនសិន។
ត្រង់នេះពេលអ្នកខ្ចីព្រមបង់ថ្លៃសេវារដ្ឋបាលមុន តែពេលបង់រួចហើយ អ្នកខ្ចីលុយមិនទទួលបានប្រាក់កម្ចីហើយក្រុមឆបោកក៏ផ្ដាច់ទំនាក់ទំនងមិនអាចទាក់ទងបាន។ ជាលទ្ធផលគឺអ្នកខ្ចីលុយចាញ់បោកគេអស់លុយបង់ថ្លៃសេវារដ្ឋបាលតែមិនបានប្រាក់កម្ចីតាមបំណងឡើយ។
លើសពីនេះជនខិលខូចបានកាត់តរូបភាពដោយយករូបភាពធនាគារក្នុងស្រុកមកកាតប្ដូរឈ្មោះឲ្យមើលទៅដូចធនាគារមានទីតាំងពិតប្រាកដ។ ជាក់ស្ដែងបើយោងតាមសេចក្ដីប្រកាសរបស់ ធនាគារ BRED Bank ដែលជាធនាគារទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវបានប្រកាសអំពីករណីដែលមានជនបោកប្រាស់បានធ្វើការប្រើប្រាស់រូបភាពសាខាបាត់ដំបងរបស់ធនាគារជាមួយនឹងការកែប្រែស្លាកយីហោ និងឈ្មោះរបស់ធនាគារ BRED Bank ដើម្បីប៉ុនប៉ងបោកប្រាស់អតិថិជនដែលមិនបានដឹងព័ត៌មាន។ ជាក់ស្ដែងរូបភាពខាងក្រោមនេះគឺជនខិលខូចបានយករូបភាពធនាគារ BRED Bank ទៅកាត់តប្ដូរឈ្មោះទៅជា ធនាគារ BAB ខណៈ BAB Bank នេះមិនមែនជាធនាគារឡើយពោលគឺជាឈ្មោះដែលជនខិលខូចប្រើដើម្បីបន្លំឆបោកលុយប៉ុណ្ណោះ។
ដូច្នេះមុននឹងទាក់ទងខ្ចីលុយតាមអនឡាញសូមបងប្អូនពិនិត្យឲ្យបានច្បាស់ ចៀសវាងចង់ខ្ចីលុយតែមិនបានលុយបែរចាយអស់លុយទៅវិញដោយសារចាញ់បោកជូនខិលខូច។ ជាមុនខ្ចីលុយអនឡាញសូមនិពិត្យឲ្យច្បាស់ចៀសវាងយល់ច្រឡំខាតបង់លុយទទេ។
ចង់តាមដានព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុក៏ដូចជាការប្រើលុយឲ្យចំណេញ និងវិនិយោគលុយដើម្បីបង្កើនទ្រព្យ អាចតាមដាន Facebook page Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong៕